ប៉ូលិស​បាញ់​គ្រាប់កាំភ្លើង​ពិត​លើ​ក្រុមបាតុករ​ហុងកុង​

11-11-2019 3:08 pm 426

​នៅ​ព្រឹក​ថ្ងៃទី​១១​ខែវិច្ឆិកា​នេះ ក្រុមអ្នកតវ៉ា​ហុងកុង​បាន​ប្រើ​រនាំង​រាំង​ផ្លូវ បិទផ្លូវ​នៅតាម​តំបន់​នានា​នៃ​ទីក្រុង ដែល​នាំឲ្យមាន​ការកក​ស្ទះចរាចរណ៍​យ៉ាងយូរ​។ ខ្សែ​ផ្លូវដែក​មួយចំនួន ក៏​ត្រូវបាន​រំខាន​ផងដែរ​។ ប៉ូលិស​បាន​ព្រមាន​ពួកគេ ឲ្យ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​នេះ​ជាបន្ទាន់​។ ក្រុមបាតុករ​ខ្លះ​ក៏​ដកថយ តែ​ខ្លះទៀត​មិន​ព្រម រហូត​មាន​ការប៉ះទង្គិច​ជាមួយ​ប៉ូលិស​។ ប៉ូលិស​ម្នាក់ បាន​ដក​កាំភ្លើង​បាញ់ប្រហារ លើ​អ្នក​តវ៉ា​ពាក់​ម៉ា​សម្នាក់ ដែល​ព្យាយាម​រារាំង​ផ្លូវ​ប្រសព្វ​មួយ នៅឯ Sai Wan Ho ភាគ​ខាងជើង​ឆៀង​ខាងកើត នៃ​ដែនដី​កោះ​នេះ​។ អ្នក​ដែល​ត្រូវ​ប៉ូលិស​បាញ់​ចំ​ដើមទ្រូង បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​ទទួល​ការវះកាត់​ផង​។ ទីភ្នាក់ងារ​ព័ត៌មាន​BBC អះអាងថា អ្នក​តវ៉ា​វ័យក្មេង​ម្នាក់​នោះ កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។ ក្រៅពីនោះ មាន​អ្នក​តវ៉ា​មួយចំនួន ត្រូវបាន​ប៉ូលិស​ចាប់​វាយខ្នោះ​។​

​នេះ​ជា​លើក​ទី​៣​ហើយ ដែល​ប៉ូលិស​បាន​បាញ់​គ្រាប់កាំភ្លើង​ពិត​លើ​ក្រុមអ្នកតវ៉ា ចាប់តាំងពី​ការតវ៉ា​បាន​កើតឡើង​នៅ​ខែមិថុនា​មក​។ លើកទីមួយ កើតឡើង​នៅ​ថ្ងៃទី​១​ខែតុលា ចំពេល​ដែល​ចិន​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ករណី​ទី ២ គឺ​ក្មេងប្រុស​ជំទង់​ម្នាក់ ត្រូវបាន​បាញ់​ចំ​ជើង​កាលពី​ថ្ងៃទី ៤ ខែតុលា​។​

​ការតវ៉ា​នៅ​ហុងកុង បានចាប់ផ្តើម​នៅក្នុង​ខែមិថុនា ដើម្បី​ប្រឆាំងនឹង​ផែនការ​អនុម័ត សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជនសង្ស័យ ទៅកាន់​ចិនដីគោក ដែល​មនុស្ស​ជាច្រើន​ភ័យខ្លាច​ថា ច្បាប់​នេះ​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​សេរីភាព​ទីក្រុង​ហុងកុង​។ ច្បាប់​នេះ​ត្រូវបាន​រដ្ឋាភិបាល​ហុងកុង ដកចេញ​លែង​យកមក​ពិភាក្សា នៅក្នុង​ខែកញ្ញា ប៉ុន្តែ​ការធ្វើ​បាតុកម្ម​នៅតែ​បន្ត ជាពិសេស​រៀងរាល់​ចុង​សប្តាហ៍​។ បាតុកម្ម​ដែល​កំពុង​បន្ត​នេះ​លែង ជា​ការទាមទារ​ឲ្យ​បោះបង់​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស់​នោះ​ទៀតហើយ​។ ប៉ុន្តែ​ជា​ការតវ៉ា​ទាមទារ ឲ្យមាន​លទ្ធិប្រជាធិបតេយ្យពេញ​លេញ​សម្រាប់​ហុងកុង និង​ទាមទារ​ឲ្យ​ស៊ើបអង្កេត លើ​ការបង្ក្រាប​ដោយ​ហឹង្សា​របស់​ប៉ូលិស លើ​ក្រុមបាតុករ​ជាដើម​៕

 ពាក្យគន្លឹះ  ហុងកុងការតវ៉ា

ព័ត៌មានផ្សេងទៀត