ក្រសួង​សុខាភិបាល​បញ្ជាក់ពី​ទីតាំង​ផ្តល់​សេវា​ពិនិត្យ​សុខភាព​នៅ​អំឡុង​ពិធី​បុណ្យ​អុំទូក​

11-11-2019 2:52 pm 155

នៅក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក នៅក្នុង​ឆ្នាំ​២០១៩​នេះ ប្រជាពលរដ្ឋ ដែល​មក​ចូលរួម​លេង​កំសាន្ត​នៅក្នុង​ពិធីបុណ្យ អាច​ស្វែងរក​សេវា​ពិនិត្យ​សុខភាព​នៅ​តាម​ទីតាំង​មួយចំនួន​ដែល​មន្ទីរ​សុខាភិបាល​ភ្នំពេញ​បាន​ដាក់ពង្រាយ នៅពេលដែល​មាន​បញ្ហា​សុខភាព ដូចជា​៖​ឈឺក្បាល វិលមុខ ចុកពោះ និង​ផ្តាសាយ​។​

​បើ​តាម​ការបញ្ជាក់​នៅក្នុង​ហ្វេ​ស ប៊ុក ផ្លូវការ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បានបញ្ជាក់​ថា បើ​មាន​បញ្ហា​សុខភាព សូម​ប្រជាពលរដ្ឋ​ស្វែងរក​សេវា​ពិនិត្យ​សុខភាព​នៅ​តាម​ទីតាំង​កំណត់​ដូចខាងក្រោម​៖

១. រថយន្ត​គ្លីនិក​ចល័ត​៤​គ្រឿង ផ្តល់​សេវា​២៤​ម៉ោង ៤​កន្លែង រួមមាន​៖​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​
​នៅ​ទីធ្លា​មុខ​វត្តបុ​ទុម​វត្តី នៅ​ជ្រោយចង្វារ​មណ្ឌល OCIC និង​នៅ​ជ្រោយចង្វារ​ក្បែរ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

២. តង់​សុខភាព​ចំនួន ១២ ផ្តល់​សេវា ២៤​ម៉ោង ដែល​មាន​ទីតាំង នៅ​កោះ​ពេជ្រ ស្តូប​កម្ពុជា​-​វៀតណាម​
​សួនច្បារ​មុខ​នាយកដ្ឋានអង្គរក្ស​,​បរិវេណ​សណ្ឋាគារ​រណសិរ្ស​,​មុខ​គណៈកម្មការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​, ក្បែរ​វេទិកា​កិត្តិយស​ខាងត្បូង​,​ក្បែរ​វេទិកា​កិត្តិយស​ខាងជើង​,​មុខ​វត្ត​ឧណ្ណា​លោម ព្រះ​គន្លង ,​ផែ​ថ្ម​រាជធានី​ភ្នំពេញ​, គល់​ស្ពាន​បេឡេ​ត្រើយ​ខាងកើត​,​ខាងត្បូង​គល់​ស្ពាន​បេឡេ​ត្រើយ​ខាងកើត មណ្ឌល OCIC និង​រង្វង់​មូល​នាង​មច្ឆា​មណ្ឌល OCIC​។​

៣. រថយន្ត​សង្គ្រោះ​ចំនួន ៣៩​គ្រឿង ប្រចាំការ​តាម​កន្លែង​ដូចខាងក្រោម​៖១១ គ្រឿង ប្រចាំការ​នៅ​តង់​សុខភាព​ទាំង​១២​កន្លែង (២៤​ម៉ោង​),១៦ គ្រឿង ប្រចាំការ​តាម​ដងផ្លូវ កន្លែង​សាធារណៈ តាម​ដង​ទន្លេ​ទាំងសងខាង និង​ទីកន្លែង​ផ្សេងៗ​ពីគ្នា​និង​១២ គ្រឿង ប្រចាំការ​តាម​កន្លែង​ស្នាក់នៅ​របស់​ក្រុម​កីឡាករ​ចំនួន​១០​ខេត្ត រួមមាន​៖​កន្លែង​ស្នាក់នៅ​កីឡាករ​ខេត្ត​កំពង់ចាម  ខេត្ត​ក្រចេះ ខេត្ត​កំពង់ធំ  ខេត្ត​ស្វាយរៀង ខេត្ត​ត្បូងឃ្មុំ ខេត្តតាកែវ ខេត្ត​ពោធិសាត់ ខេត្ត​បន្ទាយមានជ័យ ខេត្ត​ព្រៃវែង និង​ខេត្ត​កណ្តាល​។​

​ជាមួយគ្នានេះដែរ ក្រសួង​ក៏​បាន​ត្រៀម​រថយន្ត​សង្គ្រោះ​ចំនួន ២៥​គ្រឿង​បន្ថែម​ទៀត ប្រចាំ​នៅ​ក្រសួង​សុខាភិបាល ដើម្បី​ប្រើប្រាស់​ក្នុង​ករណី​ចាំបាច់​បំផុត​។ សរុប​រថយន្ត​សង្គ្រោះ​ដែល​ត្រៀម​មាន ៦៨ គ្រឿង​៕

ព័ត៌មានផ្សេងទៀត