អាជ្ញាធរ​ជាតិ​អប្សរា​មិន​អនុញ្ញាត​ឲ្យ​យក​សត្វ​គ្រប់​ប្រភេទ​ព្រលែង​ចូល​ក្នុង​ក​សិន្ធុ​ប្រាសាទ​

11-11-2019 10:52 am 275
  ស្តាប់
ស្តាប់ជាសំឡេង

​អាជ្ញាធរ​ជាតិ​អប្សរា បាន​អំពាវនាវ​ដល់​សាធារណ​ជន​ទាំង​អស់ សូមមេត្តា​កុំ​យក​សត្វ​គ្រប់​ប្រភេទ​ទៅ​ព្រលែង​ចូល​ក្នុង​ក​សិន្ធុ​ប្រាសាទ​ជាដាច់ខាត​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ជា​ការកត់សម្គាល់​ការ​ចេញ​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នាពេលនេះ គឺ​ធ្វើឡើង​បន្ទាប់​ពី​លោកស្រី​ហ៊ុន ស៊ី​ណាត បាន​យក​កូន​ក្រពើ​ទៅ​ព្រលែង នៅ​ក​សិន្ធុ​មុខ​ប្រាសាទ​អង្គរ និង​បាន​ស្នើឲ្យ​អាជ្ញាធរ​សរសេរ​បម្រាម ដើម្បី​កុំឲ្យ​ប្រជាពលរដ្ឋ​ផ្សេងទៀត ព្រលែង​សត្វ ដូចដែល​លោក​ស្រី​បាន​ធ្វើ​ខុស​។​

​ក្រោយ​មាន​ការ​ព្រលែង​កូន​ក្រពើ​នេះ​រួច លោកស្រី​ហ៊ុន ស៊ី​ណាត តាមរយៈ​ហ្វេ​ស ប៊ុកក៏​បានបង្ហាញ​ពី​ការសោកស្តាយ យ៉ាងខ្លាំង​ចំពោះ កំហុសឆ្គង​ខាងលើនេះ ដែល​អាច​បង្ក​ក្ដី​ព្រួយបារម្ភ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ចំពោះ​សុវត្ថិភាព ពេល​សត្វ​ក្រពើ​នេះ​ធំ​អាច​នាំ​គ្រោះថ្នាក់ ទៅ​អនាគត​។​​លោកស្រី​ក៏​បាន​បញ្ជាក់បន្ថែម​ថា «​មក​ពី​មិន​មាន​បំរាម​មិន​មែន​មក​ពី​នាង​ខ្ញុំ​គ្មាន​ការទទួលខុសត្រូវ​ទេ តែ​វា​ជា​មូលដ្ឋាន​សម្រេចចិត្ត​ដ៏​ខុសឆ្គង​របស់​នាង​ខ្ញុំ នឹង​ដោយ​មាន​គំនិត​ក្នុង​ចិត្ត​ថា សត្វលោក ទោះបីជា​សត្វ ស្លូត​ឬ​សាហាវ​ព្រៃផ្សៃ​តែងតែ​ប្រាថ្នា​រស់នៅ​សុខសាន្ត​ដូចគ្នា ជា​ចុងក្រោយ​នាង​ខ្ញុំ​សូម​សំណូមពរ ឲ្យ​អាជ្ញាធរ សរសេរ​បម្រាម​ផងដែរ ដើម្បី​កុំឲ្យ បងប្អូន​ពលរដ្ឋ​ផ្សេងទៀត អាច​ព្រលែង​សត្វ ដូច​ដែល​នាង​ខ្ញុំ​បាន​ធ្វើ​ខុស ក្នុងនាម​នាង​ខ្ញុំ​ជា​អ្នក​ធ្វើ​បុណ្យ​មិន​ហ៊ាន​ប្រមាថ​ជីវិត​សត្វលោក​ទេ នាង​ខ្ញុំ​សូម​អភ័យទោស យក​ជា​មេរៀន​ជូន​បងប្អូន​ប្រជាពលរដ្ឋ នឹង​វៀស​ចាក កុំបី​ខាន​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អជ្ញាធរ​អប្សរា​ដែល​បាន​យកចិត្តទុកដាក់​ចាប់​ក្រពើ​មកវិញ និង​ជា​ពិសេស​អរគុណ​ដល់​លោកក្មួយ ហេង វែង​ដែល​បាន​ជួយ​ចាប់​ក្រពើ​នេះ​បាន​ផងដែរ​។​»

​នៅ​ក្នុង​សេចក្តីជូនដំណឹង អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា មូលហេតុ ដែល​អាជ្ញាធរ ពុំ​អនុញ្ញាត​ឲ្យមាន​ការព្រ​លែង​សត្វ​គ្រប់​ប្រភេទ ទៅក្នុង​ក​សិន្ធុ​ប្រាសាទ​នានា នៃ​តំបន់​រមណីយដ្ឋាន​អង្គរ ដោយសារ​តែ​ក​សិន្ធុ​ទឹក​ប្រាសាទ ត្រូវបាន​កសាងឡើង​ដូចជា​មហាសមុទ្រ​ព័ទ្ធជុំវិញ​ភ្នំ​ព្រះ​សុមេរុ ដែល​មាន​ប្រាសាទ​នានា នៅ​កណ្តាល​ជា​តំណាង​។​ម្យ៉ាងវិញទៀត ក​សិន្ធុ​ប្រាសាទ​ដែល​បាន​ស្តារ​រួច ត្រូវបាន​បញ្ចូល​ទឹក​ជាប្រចាំ ដើម្បី​រក្សា​ទឹក​ទុក​រដូវប្រាំង ក្នុង​គោលបំណង​ទ្រទ្រង់​រចនាសម្ព័ន្ធ​ប្រាសាទ​ទាំងមូល​ឲ្យបាន​រឹងមាំ​។​

​ជាមួយគ្នានេះដែរ អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​បញ្ជាក់បន្ថែម​ថា ប្រាសាទ​ក៏​ជា​កន្លែង​ដែល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ផ្តិត​យក​រូបភាព​អនុស្សាវរីយ៍ ហើយ​ក្រុម​ការងារ​បរិស្ថាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​តែងតែមក​បំពេញការ​ងារ​សំអាត​វារីជាតិ​ជា​ប្រចាំ​ផង​ដែរ​៕ 

 

 

ព័ត៌មានផ្សេងទៀត