អេ​ស្ប៉ាញ​​បោះឆ្នោត​ជា​លើក​ទីពីរ​​ក្នុងរយៈពេល​​៦​ខែ​ក្រោយ​ផ្ទុះ​​ភាពចម្រូងចម្រាស​

10-11-2019 4:45 pm 373
  ស្តាប់
រូបភាព​ការដាក់សន្លឹកឆ្នោត​នៅក្នុងធុងឆ្នោត
ស្តាប់ជាសំឡេង

​គណបក្ស​ស្ដាំនិយម​មួយ​ត្រូវបាន​គេ​រំពឹងថា នឹង​ទទួលបាន​អាសនៈ​បន្ថែម​នៅក្នុង​សភា​អេ​ស្ប៉ា​ញ ខណៈដែល​អេ​ស្ប៉ាញ​បានរៀបចំ​ការបោះឆ្នោត​នៅ​ថ្ងៃទី​១០​វិច្ឆិកា​នេះ​។ ជា​ការបោះឆ្នោត​លើក​ទី​ពីរ​ក្នុង​រយៈពេល​៦​ខែ​។ គ្មាន​គណបក្ស​ណា​ឈ្នះ​សំឡេង​ភាគច្រើន​នៅក្នុង​សភា​ឡើយ ក្នុង​ការបោះឆ្នោត​កាលពី​ខែមេសា​កន្លងទៅ​។ កាលនោះ​ការ​ចងសម្ព័ន្ធរ​វា​ងគ​ណ​បក្ស​មាន​សំឡេង​ក្នុង​សភា ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​អេស​ស្ប៉ាញ​ក៏ត្រូវ​បរាជ័យ ជាហេតុ​ជំរុញឲ្យមាន​ការរៀប​ចំ​ការបោះឆ្នោតលើកទី​ពីរ​។​

​អ្វីដែល​ជា​ការយកចិត្ដទុកដាក់​ខ្លាំង​ក្នុងការ​បោះឆ្នោតនៅ​ថ្ងៃទី​១០​វិច្ឆិកា​នេះ គឺ​នៅ​តំបន់​កាតា​ឡាន​។ តុលាការ​កំពូល​របស់អេ​ស្ប៉ាញ​បាន​កាត់ទោស​មេដឹកនាំ​កាតា​ឡាន​ដាក់ពន្ធនាគារ ពីបទ​ព្យាយាម​ដឹកនាំ​ផ្ដាច់​តំបន់​កាតា​ឡាន​ជា​រដ្ឋ​ឯករាជ្យ​។ អេ​ស្ប៉ាញ​ចាត់ទុក​ទង្វើ​នេះ​គឺជា​អំពើ​ខុសច្បាប់ ប៉ុន្ដែ​អ្នកគាំទ្រ​ឯករាជ្យ​នាំគ្នា​តវ៉ា និង​ទទូច​ឲ្យ​ដោះលែង​មេដឹកនាំ​របស់​ពួកគេ​វិញ​។ ការតវ៉ា​ក៏​ឈានដល់​ការប៉ះទង្គិច​ជាមួយ​ប៉ូលិស​ផងដែរ​។​

​គណបក្ស​ពលករ​សង្គមនិយម​ដែល​គ្រប់គ្រង​រដ្ឋាភិបាល សង្ឃឹម​នឹង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​តាមរយៈ​ការចរចា​។ ប៉ុន្ដែ​គណបក្ស​ប្រជាជន​អភិរក្សនិយម កំពុងតែ​ចាត់វិធានការ​កាន់តែ​តឹងរ៉ឹង​។ គណបក្ស​ស្ដាំនិយម​Vox​វិញ​បាន​និយាយថា តំបន់​កាតា​ឡាន​គួរតែ​ត្រូវ​ដកហូត​ស្វ័យភាព​ចេញ ហើយ​មេដឹកនាំ​ការផ្ដាច់​ខ្លួន​គួរតែ​ត្រូវ​កាត់ទោស​។  

​ចំពោះ​ការបោះឆ្នោត​ជាថ្មី​បើ​យោងតាម​ការស្ទង់មតិ គណបក្ស​ពលករ​សង្គមនិយម​មា​ន​អត្រា​គាំទ្រ​២៧​ភាគរយ គណបក្ស​ប្រជាជន​ទទួលបាន​២១​ភាគរយ និង​គណបក្ស Vox​ទទួលបាន​ការគាំទ្រ​១៤​ភាគរយ​។ នេះ​គឺជា​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៤​របស់អេ​ស្ប៉ាញ​ក្នុងរយៈពេល​៤​ឆ្នាំ​។ គ្មាន​គណបក្ស​ណាមួយ​ត្រូវបាន​គេ​រំពឹងថា នឹង​ឈ្នះ​សំឡេង​ភាគច្រើន​នោះទេ​ក្នុង​ការបោះឆ្នោត​នា​ថ្ងៃទី​១០​វិច្ឆិកា​នេះ​។ ប៉ុន្ដែ​ប្រសិនបើ​គណបក្ស​Vox​កើន​ចំនួន​អាសនៈ​ក្នុង​សភា ទំនាក់ទំនង​ជាមួយ​តំបន់​កាតា​ឡាន​ប្រាកដជា​លំបាក​ខ្លាំង​៕

 ពាក្យគន្លឹះ  អេស្ប៉ាញការបោះឆ្នោត

ព័ត៌មានផ្សេងទៀត