​អាមេរិក ទទូច​ឲ្យ​ស្តារឡើងវិញ​​ទាំងស្រុង​​នូវ​សេរីភាព​​និង​សិទ្ធិ​នយោបាយ​លោក​កឹម សុខា​​

10-11-2019 4:25 pm 3147

​ភ្លាមៗ​ក្រោពី​តុលា​ការ​កម្ពុជា បានសម្រេច​បន្ធូរបន្ថយ លក្ខខណ្ឌ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ លើ​លោក​កឹម សុខា សហរដ្ឋអាមេរិក តាមរយៈ​ស្ថានទូត​របស់ខ្លួន​នៅ​កម្ពុជា ហាក់​មិន​អស់ចិត្ត​នៅឡើយ នឹង​ការសម្រេច របស់​តុលាការ​កម្ពុជា នៅថ្ងៃនេះ​។ សហរដ្ឋអាមេរិក លើកឡើងថា នេះ គ្រាន់តែ​ជា​ជំហាន​ឆ្ពោះទៅមុខ​ដ៏​មាន​កម្រិត​មួយ​ប៉ុណ្ណោះ​។  ស្ថានទូត​អាមេរិក បាន​ទទូច​យ៉ាង​ខ្លាំងក្លា ឲ្យ​អាជ្ញាធរ​ស្តារឡើងវិញ​ទាំងស្រុង​នូវ​សេរីភាព និង​សិទ្ធិ​នយោបាយ​របស់លោក ស្ថិតក្រោម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ទម្លាក់​បទចោទប្រកាន់​ទាំងឡាយ​ប្រឆាំងនឹង​លោក​កឹម សុខា ដែល​អ្នក​ជាច្រើន មើលឃើញថា​មាន​ចរិត​នយោបាយ​។​

​សហរដ្ឋអាមេរិក អំពាវនាវ​ឲ្យមាន​ការដោះលែង​ដោយឥ​តល​ក្ខ​ខណ្ឌ​ចំពោះ​អ្នក​ទាំងឡាយណា ដែល​អាមេរិក​អះអាងថា ត្រូវបាន​អាជ្ញាធរ​កម្ពុជា ចាប់ឃុំខ្លួន​ដោយ​ទំនើងចិត្ត និង​ខុសច្បាប់​ដោយ​រួមទាំង​អ្នកសារព័ត៌មាន សកម្មជន​សង្គម​ស៊ីវិល និង​អ្នកគាំទ្រ ព្រមទាំង​សមាជិក​នៃ​គណបក្សនយោបាយ​ប្រឆាំង​នានា​។​

​អាមេរិក មើលឃើញថា អភិបាលកិច្ច និង​សេដ្ឋកិច្ចកម្ពុជា នឹង​ទទួល​ប្រយោជន៍​ពី​ជំហាន​បន្ថែមទៀត ក្នុង​ការដែល​រដ្ឋាភិបាល​កម្ពុជា បើក​ឡើងវិញ​នូវ​លំហ​នយោបាយ និង​ពលរដ្ឋ ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ទាំង​ក្នុង និង​ក្រៅប្រទេស​ជំរុញ​នូវ​ការសន្ទនា​នយោបាយ​រួមគ្នា ហើយ​ពិតប្រាកដ និង​ដំណើរការ​ផ្សះផ្សា ព្រមទាំង​ស្តារឡើងវិញ​នូវ​ប្រជាធិបតេយ្យ​ពហុបក្ស​ដ៏​មាន​អត្ថន័យ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដ៏​ពិបាក​រក​របស់​ប្រទេស​នេះ​។​

​យ៉ាងនេះក្តី នៅ​មិនទាន់មាន​ការឆ្លើយតប​បែបណា​នៅឡើយ​ទេ ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​។ ប៉ុន្តែ​កន្លងមក រដ្ឋាភិបាល​កម្ពុជា ធ្លាប់​លើកឡើងថា ករណី​លោក​កឹម សុខា គឺ​ស្ថិតក្នុង​នីតិវិធី​របស់​តុលាការ​។​

​សូមបញ្ជាក់ថា សារ​អំពាវនាវ​របស់​ស្ថានទូត​អាមេរិក​ពេលនេះ ធ្វើឡើង​ភ្លាមៗ  បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បន្ធូរបន្ថយ​លក្ខខណ្ឌ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​មួយចំនួន តែ​តុលាការ​នៅតែ​បន្ត​ដាក់ឲ្យ​ស្ថិត ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយ​ត្រូវ​ជាប់​កាតព្វកិច្ច​ចំនួន​៣​គឺ ទី​១ មិនត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ទី​២ មិន​ត្រូវធ្វើ​សកម្មភាព​នយោបាយ និង​ទី​៣ ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច ដែល​សហរដ្ឋអាមេរិក នៅតែ​មិនទាន់​សាទរ​នៅឡើយ​៕

ព័ត៌មានផ្សេងទៀត