ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបាននិយាយកាលពីថ្ងៃសៅរ៍ថា កិច្ចពិភាក្សាជាមួយប្រទេសចិនស្ដីពីបញ្ហាពាណិជ្ជកម្ម បានដំណើរការទៅមុខដោយរលូន ប៉ុន្ដែអាមេរិកនឹងចុះកិច្ចព្រមព្រៀងជាមួយទីក្រុងប៉េកាំងបាន លុះត្រាតែជាកិច្ចព្រមព្រៀងដែលត្រឹមត្រូវសម្រាប់អាមេរិកប៉ុណ្ណោះ។ ការលើកឡើងដូច្នេះដោយសារកន្លងមកអាមេរិកធ្លាប់លើកឡើងថា ចិនធ្លាប់កេងចំណេញលើអាមេរិកក្នុងវិស័យពាណិជ្ជកម្ម។ អាមេរិកមិនចង់ឲ្យចិនដើរខ្សែលើអាមេរិកទៀតឡើយ នៅក្នុងវិស័យជំនួញនេះ។
លោកត្រាំបានប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាបានបោះជំហានទៅមុខយឺតជាងការរំពឹងទុក ប៉ុន្ដែយ៉ាងណាក៏ដោយចិនចង់បានកិច្ចព្រមព្រៀងខ្លាំងជាងអាមេរិក។ កិច្ចចរចាពាណិជ្ជកម្មដ្បិតខុសពីការរំពឹងទុកបន្ដិច ប៉ុន្ដែវាដើរទៅមុខល្អហើយ។ រីឯកិច្ចព្រមព្រៀងបើចង់សម្រេចជាមួយគ្នាបាន លុះត្រាតែជាកិច្ចព្រមព្រៀងផ្ដល់ប្រយោជន៍រួម បើមិនដូច្នេះទេអាមេរិកនឹងមិនធ្វើឡើយ។
លោកត្រាំសង្កត់ធ្ងន់ថា ចិនពិតជាចង់បានកិច្ចព្រមព្រៀងខ្លាំងណាស់។ ចិនបានជួបរឿងដែលអាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល៥៧ឆ្នាំ។ ខ្សែសង្វាក់ផ្គត់ផ្គង់របស់គេត្រូវជួបបញ្ហា អ៊ីចឹងទេពួកគេត្រូវការកិច្ចព្រមព្រៀងជាចាំបាច់។ សម្រាប់លោកមិនខ្វល់ទេ លោកមិនដឹងទេ វាអាស្រ័យលើពួកគេប៉ុណ្ណោះ។ លោកត្រាំក៏បានបកស្រាយពីព័ត៌មានមិនត្រឹមត្រូវ ដែលថាអាមេរិកចង់ដកចេញវិញការដំឡើងពន្ធលើទំនិញចិន។ នេះគឺជារឿងមិនពិតព្រោះអាមេរិកបានទទួលប្រាក់យ៉ាងច្រើនពីការដំឡើងពន្ធ សម្រាប់ផ្គត់ផ្គង់លើវិស័យនានារបស់អាមេរិក។
គួរបញ្ជាក់ថា មន្ដ្រីប្រទេសទាំងពីរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ បានព្រមព្រៀងដកហូតការដំឡើងពន្ធលើទំនិញចេញវិញ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ។ ប៉ុន្ដែការព្រមព្រៀងត្រូវបានជំទាស់ក្នុងផ្នែកខ្លះនៃរដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ។ កាលពីថ្ងៃសុក្រលោកត្រាំបានបកស្រាយដែរថា លោកមិនឯកភាពនឹងការដកចេញការដំឡើងពន្ធលើទំនិញចិនឡើយ៕