លោកហ៊ុន សែនបន្តអំពាវនាវឲ្យកងកម្លាំង ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋ

10-11-2019 12:58 pm 466

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបន្តអំពាវនាវដល់កងកម្លាំងសមត្ថកិច្ច ត្រូវថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ឲ្យបានល្អ ជូនប្រជាពលរដ្ឋ និងអ្នកទេសចរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី​១០ ដល់ថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៩។

លោកហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុក នាថ្ងៃទី១០ ខែវិច្ឆិកានេះ ថា ថ្ងៃនេះជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០១៩។ ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំង នៅទីតាំងចំណុះទូកជ្រោយចង្វារត្រើយខាងកើត ពេលនេះគឺមានវត្តមានប្រជាពលរដ្ឋជាច្រើនកុះករមកពីគ្រប់ទិសទី មកកម្សាន្តប្រកបដោយស្នាមញញឹមរីករាយ។

ចំណែកកងកម្លាំងសមត្ថកិច្ច គឺកំពុងតែឈរជើងការពារ សុខសុវត្ថិភាព សណ្ដាប់ធ្នាប់យ៉ាងយកចិត្តទុកដាក់នៅក្នុងព្រះរាជពិធីបុណ្យ រួមទាំងកីឡាករប្រណាំងទូកផងដែរ។ ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេប្រជាពលរដ្ឋក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗផងដែរ។

លោកហ៊ុន សែន បានសរសេរបន្ត ថា”ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន។ សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ ដើម្បីអោយប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយ នៅក្នុងពិធីបុណ្យអុំទូក ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា”។

ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋរួម ទាំងទេសចរជាតិ និងអន្តរជាតិ ចូលរួមកំសាន្តសប្បាយ នៅក្នុងពិធីបុណ្យអុំទូកទាំង នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាផងដែរ៕ 

ព័ត៌មានផ្សេងទៀត