ស្លាប់ របួស និង​បាត់​ខ្លួន​​ជាច្រើន​នាក់​​ដោយសារ​​ភ្លើង​ឆេះ​ព្រៃ​​នៅ​អូស្ដ្រាលី​

10-11-2019 8:42 am 187
រូបភាពភ្លើងកំពុងឆាបឆេះព្រៃនៅអូស្ដ្រាលី

​យ៉ាងហោចណាស់​មនុស្ស​បីនាក់​ស្លាប់ រួមទាំង​បាត់​ខ្លួន​និង​របួស​ជាច្រើន​នាក់​ទៀត នៅក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​អូស្ដ្រាលី​។ កាលពី​ថ្ងៃ​សៅរ៍​មន្ដ្រី​ពន្លត់​អគ្គិភ័យ​បាន​ព្រមាន​ថា ចំនួន​មនុស្ស​ស្លាប់​អាច​នឹង​បន្ដ​កើនឡើង​។ នាយករដ្ឋមន្ដ្រី​អូស្ដ្រាលី​លោក​Scott Morrison​បាន​និយាយថា អាច​នឹង​បញ្ជា​ឲ្យ​យោធា​ចុះជួយ​ក្រុម​ពន្លត់​អគ្គិភ័យ ដែល​បច្ចុប្បន្ន​មាន​ក្រុមការងារ​ប្រមាណ​១,៣០០​នាក់ កំពុង​អន្ដរាគមន៍​ពន្លត់ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ​។ ក្រៅពីនេះ​មាន​មនុស្ស​រាប់រយ​នាក់​ក៏​ស្ម័គ្រចិត្ដ​ចូលរួម​ពន្លត់ភ្លើង ក្នុង​តំបន់​រង​ផលប៉ះពាល់​នៅ​Queensland​និង​New South Wales​ផងដែរ​។​

​គួរ​បញ្ជាក់ថា មាន​មនុស្ស​រាប់ពាន់នាក់​បាន​ជម្លៀស​ខ្លួន​ទៅ​ស្នាក់នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន នៅក្នុង​រដ្ឋ​Queensland​។ ចំណែក​មន្ដ្រី​ពន្លត់​អគ្គិភ័យ​នៅ​រដ្ឋ​New South Wales​បាន​បញ្ជាក់ថា មានផ្ទះ​ជាង​១៥០​ខ្នង​ត្រូវបាន​បំផ្លាញ​។ កម្លាំង​ខ្យល់​បក់​ខ្លាំង​និង​កម្ដៅ​កើនឡើង​រហូតដល់​៣៥​អង្សា​សេ បានធ្វើឲ្យ​ភ្លើង​ឆេះ​កាន់តែខ្លាំង​ដែល​ភាគច្រើន​ស្ថិតក្នុង​តំបន់​រងគ្រោះ​ដោយសារ​គ្រោះរាំងស្ងួត​៕

ព័ត៌មានផ្សេងទៀត