ក្រុមបាតុករ​​ហុងកុង​​ផ្ទុះ​កំហឹង​​កាន់តែខ្លាំង​​ក្រោយ​មនុស្ស​ម្នាក់​​ស្លាប់​​និង​ប្រកាស​​បន្ដ​ប្រមូលផ្ដុំ​

09-11-2019 3:58 pm 77
  ស្តាប់
រូបភាពការដាក់កម្រងផ្កាឧទ្ទិសដល់យុវជនដែលស្លាប់
ស្តាប់ជាសំឡេង

​គិត​ត្រឹម​ថ្ងៃទី​០៩​ខែវិច្ឆិកា​នេះ​គឺមាន​រយៈ​៦​ខែ​គត់ ដែល​ហុងកុង​ចាប់ផ្ដើម​ផ្ទុះ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​។ ជា​ការតវ៉ា​ឈានដល់​ហិង្សា​បណ្ដាលឲ្យ​មនុស្ស​របួស​និង​ចាប់ខ្លួន​រាប់សិប​នាក់ បង្ក​ការខូចខាត​ទ្រព្យសម្បត្ដិ និង​បណ្ដាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់កាល​ពីថ្ងៃ​សុក្រ​។ ជាមួយនឹង​ស្ថានការណ៍​នៅ​ពុំទាន់​បាន​ស្ងប់ស្ងាត់​ផង ក្រុម​តវ៉ា​បានប្រកាស​ពី​ផែនការ​គ្រោង​តវ៉ា​បន្ថែមទៀត​នៅ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ​។ ទីតាំង​ដែល​ពួកគេ​គ្រោង​តវ៉ា​មាន​នៅក្នុង​ផ្សារ​ទំនើប  នៅ​ទូទាំង​ទីក្រុង​ហុងកុង​តែម្ដង​។ 

​និស្សិត​ដែល​ស្លាប់​កាលពី​ថ្ងៃ​សុក្រ​មានឈ្មោះ​Alex Chow អាយុ​២២​ឆ្នាំ​។ រូបគេ​ស្លាប់​ក្រោយពេល​រងរបួស ធ្លាក់​ពី​ជាន់​ទី​បី​មកជា​ន់ទី​ពីរ​នៅ​ទីតាំង​ចត​រថយន្ដ​មួយកន្លែង​កាលពី​ថ្ងៃ​ចន្ទ នៅពេល​រត់គេច​ពី​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដែល​ប៉ូលិស​ប្រើ​បំបែក​ក្រុម​តវ៉ា​។ ការស្លាប់​របស់​យុវជន​វ័យ​២២​ឆ្នាំ​រូបនេះ បាន​បង្ក​កំហឹង​កាន់តែខ្លាំង​ដល់​ក្រុម​តវ៉ា​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​។ មនុស្ស​រាប់ពាន់នាក់​នាំគ្នា​ដុត​ទៀន​និង​ដាក់​កម្រងផ្កា​ឧទ្ទិស​ដល់​រូបគេ និង​ស្រែក​ទាមទារ​រក​យុត្ដិធម៌​។ នៅក្នុង​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យសព​អ្នករៀបចំ​យុទ្ធនាការ​តវ៉ា​បានប្រកាសថា ពួកគេ​នឹងមិន​ទុក​នរណាម្នាក់​ចោល​ឡើយ​។ អ្វីដែល​បានចាប់ផ្ដើម​ជាមួយគ្នា គឺ​ត្រូវតែ​បញ្ចប់​ជាមួយគ្នា​។​

​ការប៉ះទង្គិច​រវាង​ប៉ូលិស​ជាមួយ​ក្រុម​តវ៉ា នៅតែ​បន្ដ​កើតឡើង​ទោះបីជា​ព្យាយាម​ទប់ស្កាត់​យ៉ាងណាក៏ដោយ​។ ករណីនេះ​កំពុង​ធ្វើឲ្យ​ទីក្រុង​ហុង​កុងជាប់គាំង​ក្នុង​វិបត្ដិនយោបាយ​ដ៏​អាក្រក់​បំផុត ដែល​ពុំទាន់​អាច​រក​វិធីសាស្ដ្រ​មក​បញ្ចប់​បាន​នៅឡើយ​។ ដើមហេតុ​ដំបូង​នៃ​ការតវ៉ា​គឺ​ប្រឆាំង​និង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ដោយ​ប្រជាជន​ហុងកុង​យល់ឃើញថា សេចក្ដីព្រាងច្បាប់​នឹង​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ពួកគេ​។ បន្ទាប់មក​សេចក្ដីព្រាងច្បាប់​ត្រូវ​លុបចោល​វិញ​ក្នុង​ខែកញ្ញា ប៉ុន្ដែ​ក្រុម​តវ៉ា​នៅតែ​បន្ដសកម្មភាព​ទាមទារ​ឲ្យមាន​លទ្ធិប្រជាធិបតេយ្យពេញ​លេ​ញ និង​ទាមទារ​ឲ្យ​បើ​កការស៊ើបអង្កេត​សកម្មភាព​របស់​ប៉ូលិស​៕

 ពាក្យគន្លឹះ  ហុងកុងការតវ៉ា

ព័ត៌មានផ្សេងទៀត