លោកហ៊ុន សែន៖ ថ្ងៃទី៩វិច្ឆិកាជាថ្ងៃដ៏មានសារៈសំខាន់បំផុតសម្រាប់កម្ពុជា

09-11-2019 10:55 am 315

នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមន្រ្តីរាជការមកពីគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋកូនក្មួយសិស្សានុសិស្ស បានដង្ហែរព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយភ្លើងជ័យនៅវិមានឯករាជ្យ នៅក្នុងថ្ងៃប្រវត្តិសាស្រ្តនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦(៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០១៩)ស្របជាមួយនឹងខួបលើកទី៦៦ឆ្នាំនៃការបង្កើតកងយោធពលខេមរភូមិន្ទ។

លោកហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ថ្ងៃទី៩ វិច្ឆិកា ជាថ្ងៃដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល ព្រោះជាថ្ងៃប្រវត្តិសាស្រ្តដែលកម្ពុជា ទទួលបានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ច ដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះបរមរតនៈកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ អតីតព្រះមហាក្សត្រកម្ពុជា។ លោកថា ថ្ងៃនេះប្រជាពលរដ្ឋខ្មែរមានតែអំណរសាទរ និងក្តីសប្បាយរីករាយចំពោះមោទ នៈភាពជាតិ ដែលមិនត្រូវអោយមានអ្វីមករំខានដល់សេចក្តីសុខ និងសន្តិភាពរបស់កម្ពុជាតទៅទៀតឡើយ។

ជាមួយគ្នានេះលោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានអរគុណដល់បងប្អូនរួមជាតិ ដែលបានចូលរួមថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសកម្ពុជាមកទល់សព្វថ្ងៃ។ ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសទទួលទានអំបុកដែលជានំចំណីអត្តសញ្ណាណជាតិខ្មែរ នៅក្រោមពាក្យស្លោក“អំបុកខ្មែរ ថែរ ជាតិ សាសនា និងព្រះមហាក្សត្រ” ដើម្បីអបអរសាទរនៅក្នុងខួប៦៦ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ៕ 

 ពាក្យគន្លឹះ  លោកហ៊ុន សែន៩វិច្ឆិកា

ព័ត៌មានផ្សេងទៀត