កម្ពុជា​-​វៀតណាម​៖​មិត្ដភាព​​រឹងមាំ​ពិត​មិន​អាច​​ខ្វះ​​បាន​​ការចូលរួម​ពី​​អ្នកកាសែត​និងយុវជន

08-11-2019 10:39 pm 145
គណៈប្រតិភូកម្ពុជានិងវៀតណាមក្នុងកិច្ចពិភាក្​ស្ដីពី​តួនាទី​នៃ​អ្នកសារព័ត៌មាន​វ័យក្មេង​និង​យុវជន

​ក្នុងនាម​ជា​ប្រទេស​ជិតខាង​គ្នា​ការ​រឹតបន្ដឹង​ចំណងមិត្ដភាព សាមគ្គីភាព និង​ការផ្សព្វផ្សាយ​ពី​ទំនាក់ទំនង​ទៅវិញទៅមក ពិតជា​មិន​អាច​ខ្វះ​បាន​ឡើយ​។ នេះ​ជា​ការបញ្ជាក់​របស់​គណៈ​ប្រតិភូ​តំណាង​ប្រទេស​កម្ពុជា​និង​វៀតណាម នៅក្នុង​សិក្ខាសាលា​ស្ដីពី​តួនាទី​នៃ​អ្នកសារព័ត៌មាន​វ័យក្មេង​និង​យុវជន ក្នុង​ការផ្សព្វផ្សាយ​ពី​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ ប្រព្រឹត្ដទៅ​កាលពី​ថ្ងៃ​ទី​០៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ដែល​វៀតណាម​ជា​ម្ចាស់ផ្ទះ​។ នៅក្នុង​សិក្ខា​មាន​ការចូលរួម​ពី​គណៈប្រតិភូ អ្នកកាសែត​វ័យក្មេង យុវជន និង​និស្សិត​មកពី​ប្រទេស​ទាំង​ពីរ​ប្រមាណ​ជា​២០០​នាក់​។​

​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​លោក​Hoang Vinh Bao អនុ​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​និង​ផ្សព្វផ្សាយ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​លើកឡើង​ថា ការជួប​សន្ទនា​គ្នា​នៅពេលនេះ​គឺជា​ព្រឹត្ដិការណ៍​ក្នុង​ប្រវត្ដិសាស្ដ្រ​មួយ ដើម្បី​ផ្លាស់ប្ដូរ​យោបល់​គ្នា​ទៅវិញទៅមក ហើយ​ក៏​ដើម្បី​រម្លឹក​ខួប​៥២​ឆ្នាំ​នៃ​ការបង្កើត​ចំណង​ការទូត​ជាមួយ​គ្នា​ផងដែរ​។ លោក​បន្ថែម​ថា​ដើម្បីឲ្យ​ការប្រាស្រ័យ​ទាក់ទង មិន​ថា​វិស័យ​ការទូត​ឬ​វិស័យ​ផ្សេងៗ​កាន់តែ​ជិតស្និទ្ធ​ជា​អមតៈ យុវជន និស្សិត និង​អ្នកកាសែត​វ័យក្មេង​ពិតជា​មាន​តួនាទី​យ៉ាង​សំខាន់​បំផុត ហើយក៏​ជា​កម្លាំង​រុញច្រាន​មួយ​ដ៏​មុត​ស្រួច ក្នុង​ការកសាង​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រទេស ក៏ដូចជា​ពិភពលោក​ទាំងមូល​ឲ្យមាន​ស្ថិរភាព សុខសន្ដិភាព​។ 

​និយាយ​ពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​វៀតណាម លោក​Hoang Vinh Bao​បង្ហាញ​ការជឿជាក់​ថា ការផ្លាស់ប្ដូរ​បទពិសោធ​ន៍​រវាង​យុ​វន និស្សិត និង​អ្នកកាសែត​វ័យក្មេង​កម្ពុជា​-​វៀតណាម​នៅ​ពេល​នេះ ពិតជា​អាច​ធ្វើឲ្យ​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ឡើង​និង​រឹងមាំ​ជាង​ពេល​កន្លងមក​។ ភាគី​វៀតណាម​ពិតជា​ពេញចិត្ដ​ជា​ខ្លាំង​ក្នុង​កិច្ចសហការ និង​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍​រវាង​យុវជន និស្សិត និង​អ្នកកាសែត​វ័យក្មេង​ប្រទេស​ទាំង​ពីរ ក្នុងន័យ​រក្សា​ចំណង​មិត្ដភាព​ជា​និរន្ដរ៍​។​

​ដោយឡែក​លោក​លី វ៉ាន់​ហុង​ប្រធាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​កម្ពុជា បាន​លើកឡើង​នៅក្នុង​ឱកាស​នោះ​ដែរ​ថា លោក​ពិតជា​រីករាយ​ជា​ខ្លាំង​ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួង​ព័ត៌មាន និង​ក្រុម​អ្នកកាសែត​វ័យក្មេង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មក​ចូលរួម​ក្នុង​កម្មវិធី​ជួបជុំ​ជា​មិត្តភាព និង​ផ្លាស់ប្ដូរ​បទពិសោធន៍​។ ក្រៅពីនេះ​ក៏ដូចជា​ការពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុង​វិស័យ​ព័ត៌មាន វប្បធម៌ អប់រំ និង​ទេសចរណ៍ ដែល​ធ្លាប់​មាន​កន្លង​មក​សម្រាប់​បច្ចុប្បន្ន និង​ទៅ​អនាគត​រវាង​ភាគី​ទាំង​ពីរ​កម្ពុជា​-​វៀតណាម​។​

​លោក​បន្ថែមថា ជា​រៀងរាល់ឆ្នាំ​ប្រទេស​ទាំង​ពីរ​តែង​មាន​ការ​ផ្លាស់ប្ដូរ​សមាស​សភាព​គណៈប្រតិភូ អ្នកកាសែត​ទៅ​បំពេញ​ទស្សនកិច្ច​ទៅវិញទៅមក ដើម្បី​ស្វែងយល់​ពី​ជីវភាព​រស់នៅ វប្បធម៌ ប្រពៃណី​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម និង​សរសេរ​ព័ត៌មាន​ដើម្បី​ផ្សព្វផ្សាយ​នូវ​ចំណុច​វិជ្ជមាន ឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជ្រាប​។ នៅក្នុង​យុគសម័យ​បដិវត្ដន៍​ឧស្សាហកម្ម​៤.០ ដែល​គេ​ប្រើ​បច្ចេកវិទ្យា បណ្ដាញ​សង្គម សម្រាប់​ផ្សព្វផ្សាយ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ តម្រូវឲ្យ​អ្នកកាសែត​ទាំងអស់​ត្រូវ​ពង្រឹង ពង្រីក​នូវ​សមត្ថភាព​រៀងៗ​ខ្លួន ដើម្បី​បន្ដ​អាជីព​និង​បំពេញ​តួនាទី​ភារកិច្ច ជូន​អង្គភាព​ស្របតាម​តម្រូវការ​ទីផ្សារ​ព័ត៌មាន​។ 

​ជារួម​ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​អ្នកកា​សែ​ត ក៏​ដូចជា​ការរៀបចំ​ជំនួប​អ្នកកាសែត​វ័យក្មេង ពិត​ជា​សកម្មភាព​ដ៏​ល្អ​ប្រសើរ​និង​សមស្រប ដើម្បីឲ្យ​អ្នកកាសែត​វ័យក្មេង​និង​យុវជន​ជំនាន់​ក្រោយ រៀនសូត្រ​បន្ដ​នូវ​ទំនាក់ទំនង​ល្អ កិច្ចសហប្រតិបត្ដិការ​ល្អ​ជា​ប្រពៃណី​រវាង​ប្រទេស​ភូមិ​ផង​របង​ជាមួយ​កម្ពុជា​-​វៀតណាម​៕

ព័ត៌មានផ្សេងទៀត