លោកហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋចូលរួមហូបអំបុកថ្ងៃទី៩វិច្ឆិកាទាំងអស់គ្នា

08-11-2019 10:25 pm 86

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី៨ ខែវិច្ឆិកានេះ បានបង្ហោះសារជាថ្មីនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ចូលរួមហូបអំបុកថ្ងៃទី៩វិច្ឆិកាទាំងអស់គ្នា ដែលលោកហៅថា ជាអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ។

សូមជម្រាប ថា នៅក្នុងពិធីប្រកាសផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ កាលពីថ្ងៃទី៧ វិច្ឆិកា លោកហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងអ្នកដែលកំពុងពួនលាក់ខ្លួននៅភ្នំក្រវ៉ាញ និងនៅតាមកន្លែងដទៃៗទៀត សូមចេញមករសារភាព កុំមានការភ័យខ្លាច ហើយចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ នៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាស្អែកនេះ និងនៅក្នុងព្រះរាជពិធីបុណ្យអំទូក អកអំបុក លយប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃទី១០-១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩។

លោកហ៊ុន សែន បានសរសេរបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ថា មានតែបុគ្គល(៩) នាក់ប៉ុណ្ណោះ ដែលមានសាលដីការតុលាការកំពុងស្វែងរកចាប់ខ្លួន។ រាជរដ្ឋាភិបាលកម្ពុជា សូមធានានូវសុវត្ថិភាពចំពោះបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិដែលមកទេសចរណ៍កម្សាន្តសប្បាយនៅក្នុងប្រទេស គឺមិនអោយមានការភ័យខ្លាចអ្វីឡើយ។

លោកនាយករដ្ឋមន្រ្ដី បានអំពាវនាវថា”សូមអញ្ជើញបងប្អូននិងកូនក្មួយចូលរួមសប្បាយរីករាយក្នុងថ្ងៃ ៩ វិច្ឆិកា នៃទិវាបុណ្យឯករាជ្យជាតិ ជាមួយនឹងកម្មវិធីហូបអំបូកទូទាំងប្រទេស(អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ) ដែលនឹងបន្តរហូតដល់ថ្ងៃទី ១០-១២ វិច្ឆិកា នៃព្រះរាជពិធីបុណអុំទូក អកអំបុក លយប្រទីប និង សំពះព្រះខែ ខាងមុនេះ”៕ 

ព័ត៌មានផ្សេងទៀត