លោកស្រីរ៉ូណាស្មីតបង្ហាញក្ដីបារម្ភ ចំពោះការចាប់ខ្លួនសកម្មជនអតីតបក្សប្រឆាំង

08-11-2019 10:09 pm 436

លោកស្រីរ៉ូណាស្មីត អ្នកសរសេររបាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានបង្ហាញក្ដីបារម្ភចំពោះការកើនឡើងនូវការចាប់ខ្លួន និងចោទប្រកាន់ទៅលើអតីតមន្ត្រី និងសកម្មជនអតីតគណ បក្សប្រឆាំងពាក់ព័ន្ធ នឹងគម្រោងនៃវិលត្រឡប់របស់លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង។

សេចក្ដីថ្លែងការណ៍ការិយាល័យនៃអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ចេញផ្សាយពីទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី៨ ខែវិច្ឆិកា បានឲ្យដឹង ថា អ្នករាយការណ៍ពិសេស អ.ស.ប ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងអំពីការបង្ក្រាបខាងនយោបាយ ដែលមានលក្ខណៈកាន់តែខ្លាំងឡើងៗនៅទូទាំងប្រទេស ហើយធ្វើការអំពាវនាវឲ្យរដ្ឋាភិបាលគោរព នូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ យោបល់ និងការជួបប្រជុំ។

លោកស្រី រ៉ូណា ស្មីត បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍នេះ ថា គេមិនត្រូវអនុញ្ញាតឲ្យមានការចាប់ខ្លួនទាំងឡាយ ដោយគ្រាន់តែផ្អែកលើមូលហេតុ នៃការអនុវត្តសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិយោបល់ តាម​រយៈ​ការថ្លែងសារនយោបាយ និងការធ្វើអត្ថាធិប្បាយ ទៅលើកិច្ចការសាធារណៈឡើយ។

យ៉ាងណាក៏ដោយ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ក៏ចេញសេចក្ដីប្រកាសព័ត៌មានដើម្បីឆ្លើយតបវិញភ្លាមៗផងដែរ។ សេចក្ដីប្រកាសរបស់តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិបានចាត់ទុកថា ការចេញផ្សាយព័ត៌មានខាងលើមានការវាយតម្លៃ ដែលពុំមានតុល្យភាព និងបង្កឲ្យការភាន់ច្រឡំក្នុងចំណោមសាធារណៈមតិ។

ប្រភពដដែល បានបញ្ជាក់ ថា ក្នុងបរិបទដែលមានការបំពានច្បាប់ វិធានការផ្លូវច្បាប់របស់អាជ្ញាធរ ចំពោះទង្វើខុសច្បាប់មិនអាចបកស្រាយថា ជាការបង្ក្រាបផ្នែកនយោបាយបានទេ។ ការអនុវត្តបែបនេះ ពុំមានអ្វីខុសប្លែកគ្នាក្នុងបណ្តាសង្គមប្រជាធិបតេយ្យទាំងអស់។

ការអនុវត្តច្បាប់នៅកម្ពុជា ពុំបានដាក់គោលដៅលើក្រុមជាក់លាក់ណាមួយឡើយ គឺអនុវត្តលើបុគ្គល ដែលបំពានច្បាប់ទាំងអស់ ដោយរាប់បញ្ចូលទាំងបុគ្គល ដែលអ្នកសរសេររបាយការណ៍ពិសេសខ្លួនឯង ក៏បានសម្តែងការមិនគាំទ្រផងដែរ ដូចបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ របស់លោកស្រី នៅសម័យប្រជុំលើកទី៤២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០១៩។ ដូច្នេះ អ្នកសរសេររបាយការណ៍ពិសេស គួរតែបានសម្តែងការគាំទ្រចំពោះការប្រកាន់ខ្ជាប់នូវនីតិរដ្ឋ ជាជាងការបរិហារលើប្រតិបត្តិការនៃអនុវត្តច្បាប់នៅកម្ពុជា។

សូមជម្រាប ថា គិតមកដល់ពេលនេះ មានអតីតមន្ត្រី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិជាច្រើនរយនាក់ ត្រូវចាប់ខ្លួន និងចោទប្រកាន់ពីបទ”រួមគំនិតក្បត់” ដែលពាក់ព័ន្ធនឹងគម្រោងនៃការវិលត្រឡប់របស់លោកសម រង្ស៊ី និងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ នាថ្ងៃទី៩ ខែវិច្ឆិកា។ រដ្ឋាភិបាលកម្ពុជា បានចាត់ទុកគម្រោងនៃការវិលត្រឡប់របស់លោកសម រង្ស៊ី ដែលបានអំពាវនាវឲ្យប្រជាពលរដ្ឋ ក្រោកឈរប្រឆាំងរដ្ឋាភិបាល និងអំពាវនាវឲ្យកងទ័ពជាតិកុំស្ដាប់បញ្ជាថ្នាក់លើនោះ គឺជាផែនការនៃការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល ដែលត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់៕ 

 

ព័ត៌មានផ្សេងទៀត