អាជ្ញាធរ​រក​វិធីនេសាទ​កូន​ក្រពើ​ដែល​ព្រលែង​ក្នុង​បឹង​មុខ​អង្គរ​ត្រឡប់មកវិញ​

08-11-2019 2:38 pm 806

​ក្រុមការងារ​ចម្រុះ​រដ្ឋបាលខេត្ត និង​អាជ្ញាធរ​អប្សរា នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា​នេះ បាន​ចុះ​ពិនិត្យ និង​រក​មធ្យោបាយ ដើម្បី​ស្វែងរក​ចាប់​កូន​ក្រពើ ដែល​ត្រូវបាន​លោកស្រី​ហ៊ុន ស៊ី​ណាត ព្រលែង នៅក្នុង​បឹង​មុខ​ប្រាសាទ​អង្គរ​។​

​ក្រុម​មន្ត្រី​អាជ្ញាធរ បានបញ្ជាក់​ថា ក្រោយពី​បាន​ចុះ​ដល់​ទីតាំង និង​បាន​ពិនិត្យ​ជាក់ស្ដែង​រួចមក លោកនាយក​រដ្ឋបាល​សាលាខេត្ត បាន​សុំ​ឲ្យ​អាជ្ញាធរ​អប្សរា សហការ​ជាមួយ​ក្រុម​ការងា​រជល​ផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បន្ត​កិច្ចការ​តាម​ចាប់​កូន​ក្រពើ ដោយ​ប្រើប្រាស់​កម្លាំង​មន្ត្រី​ជំនាញ​តាម​ប្រមាញ់ ២៤​ម៉ោង លើ ២៤​ម៉ោង ពិសេស​ពេល​កូន​ក្រពើ​តូច​នេះ​ចេញ​រក​ចំណី នៅពេល​យប់​តាម​មាត់ច្រាំង​។​

​តាម​ការបញ្ជាក់​របស់​មន្ត្រី​ជំនាញ​ថា កូន​ក្រពើ​នេះ​នៅ​តូច​មិនទាន់​ចល័ត​ចេញពី​បរិវេណ​បឹង​ឆ្ងាយ នៅឡើយ​ទេ​។ មន្ត្រី​ជំនាញ​នឹង​ប្រើប្រាស់​មធ្យោបាយ​ចាប់​មក​វិញ ដោយ ការដាក់​សន្ទូច ឬ​ការ​អូស​មង ឬ ការឆ្លុះ​នឹង​កែ​ឆ្លុះ​ចាប់​នៅ​ពេលយប់​។​ ​អាស្រ័យហេតុនេះ សូម​សាធារណ​ជន​កុំ​មាន​ភ្ញាក់ផ្អើល និង​ព្រួយបារម្ភ​ឡើយ ព្រោះ​ថា​កូន​ក្រពើ​នេះ​នៅ​តូច​មិនទាន់​អាច​បង្ក​គ្រោះ​អ្វី​ឡើយ ហើយ​សមត្ថកិច្ច​នឹងរ​ក​ឃើញ​ក្នុង​ពេល​ឆាប់ៗ ខាងមុខ​នេះ​ផង​ដែរ​៕

ព័ត៌មានផ្សេងទៀត