បុគ្គលិក​ស្ម័គ្រចិត្ត​ក្រុមហ៊ុន​សាម​សុង​កម្ពុជា បន្ត​យុទ្ធនាការ​សប្បុរសធម៌​ក្រោម​ប្រធានបទ​“​ទឹកស្អាត​ដើម្បី​អនាគត​យើង​ទាំងអស់គ្នា​”

08-11-2019 2:17 pm 101

រយៈពេល ៤ ឆ្នាំ​ជាប់ៗ​គ្នា​ហើយ​ដែល​កម្មវិធី​“ Samsung Employee Volunteer”  បាន​បង្កើតឡើង​ហើយ​ឆ្នាំ​នេះ​ក្រុមហ៊ុន​សាម​សុង​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ធ្វើ​ការបរិច្ចាគ “​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត​បែប​ជីវ​ខ្សាច់​” ដែល​ផ្តល់​គុណប្រយោជន៍​ដល់​សុខភាព​សិស្សានុសិស្ស ប្រមាណ​ជាង ១០០០ នាក់ ដើម្បី​ឱ្យ​ពួកគេ​មាន​ទឹក​ស្អាត​ទទួលទាន​បាន​យ៉ាង​ងាយស្រួល និង​ល្អ​សម្រាប់​សុខភាព​ផងដែរ​។ 

​លោកស្រី​នាយិកា សាន ស្រី​កន្និដ្ឋា បាន​មានប្រសាសន៍ថា ឆ្នាំ​នេះ​សាលា​បឋមសិក្សា ហ៊ុន សែន ព្រែក​ឫស្សី​ដែល​ស្ថិត​ក្នុង​ក្រុង​តាខ្មៅ​ពិតជា​មាន​សំណាង ហើយ​លោក​ស្រី​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ​ដល់​ក្រុមហ៊ុន សាម​សុង​ប្រចាំ​ប្រទេស​កម្ពុជា ដែល​បាន​ជ្រើសរើស​សាលា​លោកស្រី​សម្រាប់​កម្មវិធី​បុគ្គលិក​ស្ម័គ្រចិត្ត ក្នុង​ឆ្នាំ ២០១៩ នេះ​!

“​យើង​ពិតជា​រំភើប​ក្រៃលែង​ពេល​ដែល​ឭ​ដំណឹង​ថា​សាលា​របស់​យើង​នឹង​ទទួលបាន ”​ប្រព័ន្ធ​ម្រោះ​ទឹកស្អាត​បែប​ជីវ​ខ្សាច់​”​។ ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត​នេះ​គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​សិស្សានុសិស្ស​របស់​យើង​ក្នុង​ការទទួលបាន​សុខមាលភាព​គ្រប់ពេលវេលា​បើទោះបីជា ពួកគេ​ស្ថិត​នៅក្នុង​សាលា​ក៏​ដោយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្រៅ​ពី​ការបរិច្ចាគ​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត​ហើយ​នោះ ក្រុមហ៊ុន​សាម​សុង ប្រចាំ​ប្រទេស​កម្ពុជា ក៏​បាន​បរិច្ចាគ​បន្ថែម​នូវ​ដប​ទឹក និង​សម្ភារៈ​សិក្សា​ចំនួន ៤០០ ឈុត ទៀត ជូន​ដល់​សិស្សានុសិស្ស​ផង​ដែរ​។ ដើម្បី​ជា​ការ​តបស្នង​ក្នុង​កិច្ចសហការ​លើកកម្ពស់​ផ្នែក​សុខភាព និង​ការអប់រំ​ក្រុមហ៊ុន សាម​សុង ក៏​ទទួលបាន​នូវ​លិខិត​សរសើរ​ពី​គណៈ​គ្រប់គ្រង​សាលាបឋមសិក្សា​ព្រែក​ឬ​ស្សី​ផងដែរ​។ 

​លោក ស៊ឹង​ហូ ឆ​យ ( Seungho Choi) អគ្គនាយក​គ្រប់គ្រង​សាខា​ក្រុមហ៊ុន​ថៃ​អេឡិចត្រូនិច​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា “ សាម​សុង គឺជា​ម៉ាក​សញ្ញា​ដែល​ទទួលស្គាល់​ទូទាំង​ពិភពលោក​ក្នុងការ​ធ្វើ​ឱ្យ ជីវិត​មាន​ភាពងាយស្រួល និង​កាន់តែ​ប្រសើរ​ឡើង​តាមរយៈ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ដ៏​ទំនើប​អស្ចារ្យ​ជាច្រើន​។ អ្វី​ដែល​កាន់តែ​ពិសេស​បំផុត​នោះ​ក្រុមហ៊ុន សាម​សុង គឺជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​បំផុត​ក្នុង​ពិភពលោក​តែមួយគត់​ដែល​ផ្តល់ជូន​ផាសុកភាព និង​សុខមាលភាព​ក្នុង​ការរស់នៅ​ជូន​ដល់​យើង​ទាំងអស់គ្នា​។​”

​លោក​ក៏​បាន​បន្ថែមទៀតថា ផលិតផល​សាម​សុង បាន​ផ្សាភ្ជាប់​ទំនាក់ទំនង​ទៅ​នឹង​ជីវិត​រស់នៅ​របស់​ប្រជាជន ហើយ​បុគ្គលិក​យើង​ក៏​បាន​ផ្សាភ្ជាប់​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​សកម្មភាព​មនុស្ស​ធម៌  សប្បុរសធម៌ និង​មេត្តាធម៌ មិន​ថា​ពួកគេ​ស្ថិតក្នុង​ស្ថានភាព​បែប​ណា​ក៏ដោយ​។​ម្យ៉ាងវិញទៀត យើង​តែងតែ​ចាត់ទុក​កុមារ និង​ក្មេងៗ​ជំនាន់​ក្រោយ​ជា​ទំ​ពាំ​ស្នង​ឬ​ស្សី និង​ជា​អនាគត​របស់​ប្រទេស​កម្ពុជា​។ នៅ​ថ្ងៃ​ណាមួយ កុមារៗ​នៅ​សាលារៀន​របស់​យើង​ក្នុង​ថ្ងៃនេះ​នឹង​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។​ជាមួយនឹង​ចក្ខុវិស័យ​បែប​នេះ​យើង​តែងតែ​សួរ​សំណួរ​សាមញ្ញ​ទៅ​ខ្លួនឯង​ថា តើ​យើង​អាច​ធ្វើ​អ្វី​បាន​ដើម្បី​ជម្រុញ​លើកទឹកចិត្ត​ពួកគាត់  និង​ឱ្យ​ពួកគាត់​អាច​ធ្វើ​ការអភិវឌ្ឍន៍​ពិភពលោក​ដែល​ពួកគេ​កំពុង​រស់នៅ​នេះ​?

​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏​មាន​ការចូលរួម​ពី កញ្ញា មាន សូ​នី​តា ដែល​តំណាង​ឲ្យ​ផលិតផល​សា​ម​សុង ក៏​បាន​ស័គ្ម្រចិត្ត និង​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​ផ្ទាល់ខ្លួន ដើម្បី​ផ្ដល់​ជា​កម្លាំងចិត្ត និង​គំនិត​វិជ្ជមាន​ដល់​សិស្សានុសិស្ស​ផង​ដែរ​។ កញ្ញា​បានបញ្ជាក់​ថា “​នាង​ខ្ញុំ​ពិតជា​រីករាយ​ក្រៃលែង​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ សាម​សុង​។ ហើយ​ថ្ងៃនេះ​គឺ​ពិតជា​ផ្តល់​នូវ​ភាព​រំភើប​រីករាយ​ដល់​នាង​ខ្ញុំ​ដែល​បាន​មក​ចូលរួម និង​ចែក​សម្ភារៈ​សិស្សា​ជូន​ដល់​ប្អូនៗ​កុមារ​ទាំងអស់​នា​ព្រឹក​នេះ​ហើយ​សម្រាប់​សកម្មភាព​នេះ នាង​ខ្ញុំ​មាន​មោទនភាព​ក្នុងការ​ធ្វើ​ជា​តារា​តំណាង​ឲ្យ​សាមសុង​។​”

​គួរបញ្ជាក់​ផងដែរ​ថា​កម្មវិធី​“ Samsung Employee Volunteer” គឺជា​សកម្មភាព​ស្ម័គ្រចិត្ត​ជា សកល​មួយ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​សាម​សុង ហើយ​សម្រាប់​ឆ្នាំ​នេះ បុគ្គលិក​ស្ម័គ្រចិត្ត​ចំនួន ៥០ នាក់ មក​ពី​សាម​សុង​ប្រចាំ​ប្រទេស​កម្ពុជា បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដោយ​ពោរពេញ​ជាមួយ​ភាព​រីករាយ និង​ស្នាមញញឹម​គ្រប់ៗ​គ្នា​។​

​ថ្ងៃ​ដែល​ពោរពេញ​ទៅដោយ​ការប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ជិតស្និទ្ធ​ត្រូវបាន​បញ្ចប់ ហើយ​កុមារ​និង បុគ្គលិក​ស្ម័គ្រចិត្ត​របស់​សាម​សុង​បាន​លាគ្នា ជាមួយ​ស្នាមញញឹម​ដ៏​រីករាយ​ដោយ​បាន​និយាយ​ពាក្យ​ថា «​ជួប​គ្នា​ម្តង​ទៀត​!»៕

 ពាក្យគន្លឹះ  Samsung

ព័ត៌មានផ្សេងទៀត