អគ្គលេខា​ធិការ​​UN​​បារម្ភ​ពី​វិធាន​ការ​របស់​​រដ្ឋាភិបាល​​កម្ពុជា​​លើ​លោក​ សម រង្ស៊ី​​

08-11-2019 12:21 pm 1803

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​បង្ហាញ​ពី​ក្តីបារម្ភ​របស់​ខ្លួន​ចំពោះ​វិធានការ​រឹតត្បិត​របស់​អាជ្ញាធរ​កម្ពុជា​ទៅលើ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មក​កាន់​ប្រទេស​កម្ពុជា​។​ក្តីបារម្ភ​របស់​អគ្គលេខាធិការ​អង្គកា​រ​សហប្រជាជាតិ​បែបនេះ គឺ​បន្ទាប់ពី គម្រោង​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង​ត្រូវ​ពន្យារ​ពេល ក្រោយ​ពី​ក្រុមហ៊ុន Thai Airways បដិសេធ​មិន​ឱ្យ​លោក​សម រង្ស៊ី ឡើង​យន្តហោះ​ធ្វើដំណើរ​ពី​ទីក្រុង​ប៉ារីស​មក​កាន់​ទី​ក្រុង​បាងកក ប្រទេស​ថៃ​។ 

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក អង់​តូ​នី​ញូ ហ្គុយ​តេ​រេស Antonio Guterres បាន​ថ្លែងថា លោក​មាន​ក្តីបារម្ភ​ចំពោះ​វិធានការ​រឹតត្បិត​របស់​អាជ្ញាធរ​កម្ពុជា​ទៅលើ​សេរីភាព​ក្នុងការ​ធ្វើ​ដំណើរ និង​ការជួបប្រជុំ បន្ទាប់​ពី​មាន​ការ​ដាក់​ពង្រាយ​កម្លាំង​យោធា​នៅ​តាម​បន្ទាត់​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ថៃ​។​លោក​អះអាង​ថា បច្ចុប្បន្ន​លោក​កំពុង​តាមដាន​ស្ថានភាព​វិវឌ្ឍន៍​នៅ​កម្ពុជា​យ៉ាង​ដិតដល់​ទាក់ទង​នឹង​ការប្រកាស​វិលត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី និង​មេដឹកនាំ​ផ្សេង​ទៀត​នៃ​គណបក្ស​ប្រឆាំង​។ 

​សម្រាប់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រូបនេះ បាន​គូសបញ្ជាក់​អំពី​ភាពចាំបាច់​ក្នុង​ការបង្កើតឱ្យមាន​កិច្ចសន្ទនា​ដោយ​សន្តិវិធី ក្នុងចំណោម​អ្នកពាក់ព័ន្ធ​ទាំងអស់ និង​បង្កើត​ឱ្យ​មាន​បរិយាកាស​នយោបាយ​មួយ​ដែល​អំណោយផល ដោយ​គ្មាន​ការបំភិតបំភ័យ ការយាយី​ធ្វើទុក្ខបុកម្នេញ ឬ​ការភ័យខ្លាច​។​

​ការលើកឡើង​របស់​អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ ធ្វើឡើង​ក្រោយ​ពី​គម្រោង​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី និង​មេដឹកនាំ​ផ្សេង​ទៀត​នៃ​គណបក្ស​ប្រឆាំង​ត្រូវ​ពន្យារ​ពេល បន្ទាប់ពី​លោក សម រង្ស៊ី ត្រូវបាន​ក្រុមហ៊ុន Thai Airways បដិសេធ​មិន​ឲ្យ​ឡើង​យន្តហោះ​ធ្វើដំណើរ​ពី​ទីក្រុង​ប៉ារីស​មក​កាន់​ទី​ក្រុង​បាងកក​ប្រទេស​ថៃ​។​

​បើ​តាម​លោក​សម រង្ស៊ី ក្រុមហ៊ុន​អាកាសចរណ៍​ថៃ បាន​ទទួលបញ្ជា​ពី​ថ្នាក់លើ ទើប​មិន​ព្រម​ឱ្យ​លោក​ចេញដំណើរ មិន​មែន​ដោយ​បញ្ហា​សំបុត្រ​ឡើយ​។  សំបុត្រ​យន្តហោះ​របស់លោក​ត្រូវបាន​គេ​លួច​ប្តូរ​។ ប៉ុន្តែ​មន្ត្រី​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways បាន​ឆ្លើយ​បត​វិញ​ថា ក្រុមហ៊ុន​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​ច្បាស់លាស់ គោរព​ដល់​សិទ្ធិ​របស់​អតិថិជន ដោយ​ខាង​ក្រុមហ៊ុន​មិន​អាច​លួច​ដូរ​សំបុត្រ យន្តហោះ​ដែល​អតិថិជន​បាន​កក់​ទុក (Booking) សម្រាប់​ធ្វើ​ដំណើរ​ជា​ដាច់ខាត ទោះបី​អតិថិជន​ជា​បុគ្គល​ជាប់​បំរាម (Black list) យ៉ាងណាក្តី​។​

​ជា​ការកត់សម្គាល់ បន្ទាប់ពី​លោក សម រង្ស៊ី ប្រកាស​ពន្យារ​ពេល​ធ្វើដំណើ​រ​មាតុភូមិនិវត្តន៍​វិល​ចូល​កម្ពុជា សារព័ត៌មាន​ជា​ច្រើន​បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់​។​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល​ផ្សាយ​ចោទ​លោក សម រង្ស៊ី​ថា​បាន​ប្រើល្បិច​បោកប្រាស់​អ្នកគាំទ្រ ដើម្បី​ដាក់បន្ទុក​មកលើ​រដ្ឋាភិបាល ខណៈ​ដែល​ព័ត៌មាន​ប្រឆាំង​រដ្ឋាភិបាល​បាន​ផ្សាយ​បក​វិញ​ថា រដ្ឋាភិបាល​មាន​ចេតនា​បិទ​ច្រក​មិនឱ្យ​លោក សម រង្ស៊ី​វិល​ចូល​កម្ពុជា​ដោយសារ​តែ​ភាព​ភ័យខ្លាំច​៕


 ពាក្យគន្លឹះ  លោកសមរង្ស៊ីUN

ព័ត៌មានផ្សេងទៀត