​លោកស្រី​ហ៊ុន ស៊ី​ណាត ព្រលែង​កូន​ក្រពើ​ក្នុង​បឹង​មុខ​អង្គរ ​រង​ការរិះគន់​

08-11-2019 11:30 am 1377

​លោកស្រី​ហ៊ុន ស៊ី​ណាត ប្អូនស្រី​បង្កើត​លោកនាយក​រដ្ឋមន្ត្រី បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុក​ថា ម្សិល​ម៉ៃ បាន​លែង​ក្រពើ នៅមុខ​អង្គរ​មួយ​ក្បាល មាន​បងប្អូន​កូនក្មួយ​ភ័យ​ថា ដល់​ពេល​វា​ធំ​គិត​ម៉េច​ទៅ ខ្ញុំ​គិតថា លែង​មុខ​អង្គរ​ឲ្យ​វា​កាន់​ធម៌​អាថ៌ វា​គ្រាន់បើ​លែង​មនុស្ស​ចិត្ត​តិរិច្ឆាន មិន​ដឹងគុណ​ទោស​ចង់តែ​បំផ្លាញ​អ្នកដទៃ​។​

​ពាក់ព័ន្ធ​ការ​ព្រលែង​កូន​ក្រពើ​នៅមុខ​អង្គរ​នេះ មាន​អ្នកលេង​ហ្វេ​សប៊ុក​ឈ្មោះ Rambo Phon បាន​បង្ហោះ​សារ​សម្តែង​ការព្រួយបារម្ភ ភ្ជាប់​ជាមួយ​វីដេអូ នៃ​ការលែង​សត្វ​ក្រពើ​ថា “​បងប្អូន​មាន​កូន​មាន​ចៅ​សូម​ប្រយ័ត្ន​ឱ្យបាន​គ្រប់ៗ​គ្នា ព្រោះ​កាលពី​ម្សិល​ម្ង៉ៃ លោកជំទាវ​គាត់​បាន​លែង​ក្រពើ​មួយ​ក្បាល​ចូល​ទឹក​ទក្សិណ​អង្អរ​។ នេះ​វា​នៅ​តូច​ដូចជា​មិន​ទាន់​អី​ទេ តែ​ពេល​វា​ធំ មិនដឹង​ជា​បង្ក​ផលប៉ះពាល់​អី​ខ្លះ​នោះទេ​។ តែ​ឥឡូវ​លោកជំទាវ គាត់​បាន​លុប​ផុស​បាត់​ហើយ តែ​ទោះ​លុ​បផុស​នឹង​ក៏ដោយ ក៏​ក្រពើ​កំពុង​នៅ​ក្នុង​ទក្សិណ​នៅឡើយ​ដែរ​។ ប្រយ័ត្នៗ​ទៅ​បងប្អូន​! ”​។​

​ជាមួយគ្នានេះ ក៏​មាន​ប្រជាពលរដ្ឋ​ជាច្រើន ស្នើ​ឲ្យ​ស្វែងរក​ចាប់​កូន​ក្រពើ​នេះ ចេញពី​ទឹក​បឹង ដោយ​ក្តី​បារម្ភ​ថា ខ្លាច​ពេល​ធំ​ឡើង អាច​បង្កឲ្យមាន​គ្រោះថ្នាក់​ដល់​មនុស្ស​៕

ព័ត៌មានផ្សេងទៀត