គណៈកម្មាធិការ​ចរាចរណ៍​ អំពាវនាវ​ពលរដ្ឋ​ចូលរួម​បង្ការ​​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​អុំទូក​​

08-11-2019 10:05 am 143

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ និង​ប្រជាពលរដ្ឋ​ចូលរួម​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ តាម​ដងផ្លូវ​ឱ្យបាន​គ្រប់ៗ​គ្នា ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យអុំទូក អក​អំបុក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ ដែល​នឹង​ឈានចូល​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ​។ ការអំពាវនាវ​ខាងលើនេះ ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ 

​នៅក្នុង​ការអំពាវនាវ​នោះ បានឲ្យដឹងថា ក្នុងឱកាស​ដ៏​រីករាយ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យអុំទូក ភ្ជាប់​ជាមួយនឹង​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា និង​ពិធី​ពិសារ​អំបុក​ខ្មែរ​ថែ​ជាតិ សាសនា ព្រះមហាក្សត្រ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៩ រហូតដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ការអំពាវនាវ​ដល់​សាធារណជន ជា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​មេត្តា​ចូលរួម​ចំ​ណែ ក​ក្នុង​ការបង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​គោក ដើម្បី​ថែរក្សា​ការពារ​ការបាត់បង់​អាយុជីវិត និង​កាយសម្បទា​មនុស្ស​ជា​ទីស្រឡាញ់ ឬ​រងរបួស ពិការ និង​បាត់បង់​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង​ឯកជន​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​។ 

នៅ​ក្នុងនោះ ដោយ​ការយកចិត្តទុកដាក់​លើ​ក​កម្ពស់ ការប្រុងប្រយ័ត្ន​ក្នុងពេល​ធ្វើដំណើរ​តាម​ផ្លូវថ្នល់ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៏បានផ្តល់​នូវ​អនុ​សាស្ត្រ​មួយចំនួន​ដូចខាងក្រោម​៖

​ត្រូវ​ពាក់​មួកសុវត្ថិភាព ដែលមាន​គុណភាព​ឱ្យបាន​ត្រឹមត្រូវ​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត​, មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់ ព្រោះ​អាច​បាត់បង់​ស្មារតី​គ្រប់គ្រង​យានយន្ត​ពេល​ជួប​ឧបសគ្គ​ជាយថាហេតុ​, មិនត្រូវ​បើកបរ ក្រោយ​ការ​ពិសារ​គ្រឿង​ស្រវឹង​, ត្រូវគោរព​សិទ្ធិ​អាទិភាព ដោយ​ត្រូវ​ទុកឱ្យ​អ្នកបើកបរ​ផ្លូវធំ​ហើយ​ត្រង់​ទៅមុន គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្តាំ​ជានិច្ច​, ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជានិច្ច​ក្នុងពេល​ធ្វើដំណើរ​តាម​រថយន្ត​។ 

​មិនត្រូវ​បត់ ឬ វ៉ា​ជែង​ក្នុង​ភាព​ប្រថុយប្រថាន និង​មិនត្រូវ​ប្រើ​ទូរស័ព្ទ​ដោយ​គ្មាន​ឧបករណ៍​បន្ត​សំឡេង​ក្នុងពេល​បើកបរ​, ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ឱ្យបាន​ម៉ត់ចត់ ពិសេស​ពិនិត្យ​កង់ ចង្កូត ហ្វ្រាំង និង​ភ្លើង​បំភ្លឺ​, មិនត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​ទំនិញ​សំពីងសំពោង​លើស​ចំនួន​ផ្ទុក ឬ​លើស​ទម្ងន់​កំណត់​ក្នុង​ច្បាប់ និង​សូមមេត្តា​កុំ​ដំឡើងថ្លៃ​ដឹកជញ្ជូន​, មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ងងុយ​ជាដាច់ខាត​, ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ប្រកបដោយ​សីលធម៌ យោគយល់​អាធ្យាស្រ័យ​៕


ព័ត៌មានផ្សេងទៀត