នគរបាលអន្តោប្រវេសន៍បដិសេធថា គ្មានពលករខ្មែរនៅថៃរាប់ម៉ឺននាក់សម្រុកមកកម្ពុជាទេ

07-11-2019 8:55 pm 1803

បន្ទាប់ពីមានការផ្សព្វផ្សាយថា មានពលករខ្មែរកំពុងធ្វើការងារ នៅប្រទេសថៃរាប់ម៉ឺននាក់សម្រុកចូលមកប្រទេសកម្ពុជាវិញនៅថ្ងៃទី៧ ខែវិច្ឆិកានេះមក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា គឺព័ត៌មានបំភ្លៃទាំង​ស្រុង។ ទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងនៅយប់ថ្ងៃទី៧ វិច្ឆិកានេះ ថា គណនីយហ្វេសប៊ុក ឈ្មោះ Ratanakraksmey Ly បានផ្សព្វផ្សាយព័ត៌មានរូបភាព និងវីដេអូដោយនិយាយថា មាន​បង​ប្អូនពលករ ពលការិនី ខ្មែរនៅប្រទេសថៃចំនួនរាប់ម៉ឺននាក់ កំពុងរង់ចាំសម្រុកចូលមកប្រទេសកម្ពុជា ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ ថា ព័ត៌មាននិងរូបភាពទាំងអស់នេះ គឺជាការបំភ្លៃទាំងស្រុង។ ក្នុងរយៈពេលថ្មីៗកន្លងទៅ និងនៅថ្ងៃទី៧ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅរាល់បណ្តាច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ទាំងអស់ពុំមានស្ថានភាពដូចនេះឡើយ គឺមានសភាពធម្មតា ពុំមានការកកកុញ ឬចំនួនចេញ ចូលខុសប្រក្រតីនោះទេ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរកឃើញថារូបភាពវីដេអូ ដែលបានបង្ហោះផ្សព្វផ្សាយនោះគឺនៅច្រកព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដែលកើតមានឡើងតាំងតែពីឆ្នាំ២០១៣-២០​១៤ មកម្ល៉េះ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មាន និងរូបភាពវីដេអូ របស់គណនីយហ្វេសប៊ុក ឈ្មោះ Ratanakraksmey Ly គឺមានចេតនាទុច្ចរិត ចង់ឲ្យមានការយល់ច្រឡំដល់សាធារ​ណ​ជន និងដែលអាចបង្កឲ្យមានសភាពការណ៍អាក្រក់ណាមួយកើតឡើង ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងគោលបំណងបម្រើកលល្បិចនយោបាយ របស់អតីតគណបក្សប្រឆាំងប៉ុណ្ណោះ៕ 

ព័ត៌មានផ្សេងទៀត