គម្រោងធ្វើដំណើរពីបារាំងមកថៃរបស់លោកសម រង្ស៊ី ត្រូវបានបរាជ័យ

07-11-2019 5:47 pm 13647

ក្រុមហ៊ុនអាកាសចរណ៍ថៃ មិនអនុញ្ញាតឲ្យលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ធ្វើដំណើរលើយន្តហោះរបស់ខ្លួន ចូលប្រទេសថៃនោះទេ នៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ ការមិនអនុញ្ញាតនេះ បន្ទាប់ពីលោក​សម រង្ស៊ី មានបំណងធ្វើដំណើរពីព្រលានយន្តហោះទីក្រុងប៉ារីស ប្រទេសបារាំង ទៅព្រលានយន្តហោះទីក្រុងបាងកក ប្រទេសថៃ។ យ៉ាងណាក៏ដោយលោកសម រង្ស៊ី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ថា រូបលោកនឹងខិតខំរកវិធីផ្សេងទៀត ដើម្បីត្រឡប់មកកម្ពុជា។ 

សូមជម្រាប ថា តាមគម្រោងលោកសម រង្ស៊ី នឹងធ្វើដំណើរពីទីក្រុងប៉ារីស ប្រទេសបារាំងនៅថ្ងៃទី៧ ខែវិច្ឆិកា ហើយទៅដល់ប្រទេសថៃនៅថ្ងៃទី៨ ខែវិច្ឆិកា មុននឹងធ្វើដំណើរមកកម្ពុជានៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩​។ ការរារាំងរបស់ក្រុមហ៊ុនអាកាសចរណ៍ថៃ បន្ទាប់ពីលោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៦ ខែវិច្ឆិកាថា“ យោងតាមការប្តេជ្ញាចិត្តរបស់យើង ចំពោះអាស៊ាន យើងនឹងមិនជ្រៀតជ្រែក​ចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ហើយយើងក៏នឹងមិនអនុញ្ញាតិឲ្យបុគ្គលដែលប្រឆាំងរដ្ឋាភិបាល ប្រើប្រាស់ប្រទេសថៃ សម្រាប់ធ្វើសកម្មភាពនោះទេ”។

ការថ្លែងរបស់លោកប្រាយុទ្ធ ចាន់អូចាដូចនេះ ចង់មាន​ន័​យ​ថា មិនអនុញ្ញាតឲ្យលោកសម រង្ស៊ី និងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចូលទឹកដៃថៃឡើយ៕ 

ព័ត៌មានផ្សេងទៀត