លោក​ហ៊ុន សែន​​៖ សូម​អធ្យាស្រ័យ​ជាមុន​​ចំពោះ​បញ្ហា​កង្វះ​ថាមពល​អគ្គិសនី​​

07-11-2019 3:48 pm 136

ឆ្លៀត​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​អោយ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣ លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សុំ​អភ័យទោស​ទុក​មុន ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ និង​ពាណិជ្ជករ ចំពោះ​កង្វល់​នៃ​ការ​កង្វះ​អគ្គីសនី ដែល​អាច​កើតមានឡើង​នាពេលខាងមុខ​។ លោក​ថា​ការផលិត​អគ្គីសនី​ដោយ​ថាមពល​ទឹក អាច​ជួបនឹង​បញ្ហា​ដោយសារ​កម្រិត​ទឹក​ធ្លាក់ចុះ​ទាប​ទៅៗ​។​

​លោក​នាយករដ្ឋមន្ត្រី បាន​បន្តទៀតថា ចំពោះ​វា​រី​អគ្គីសនី​គឺ​ត្រូវការ​ទឹក រីឯ​សូ​ឡា​(solar) គឺ​ត្រូវការ​ពន្លឺព្រះអាទិត្យ​។ តាម​ការបញ្ជាក់​ពី​ក្រសួង​រ៉ែ និង​ថាមពល កាល​ម្សិលមិញ គឺ​ការផលិត​ថាមពលអគ្គីសនី​ដើរ​ដោយ​កម្លាំង​ទឹក ដែលមាន​កម្លាំង​ប្រមាណ​១,៣២៨ មេហ្គា​វ៉ាត់ ធ្លាក់ចុះ​មក​ត្រឹម​១៨៤ -១៨៧ មេហ្គា​វ៉ាត់​តែប៉ុណ្ណោះ ដែល​ការធ្លាក់ចុះ​នេះ​មិនទាន់​ដល់​ខែប្រាំង​ផង ដូច្នេះ​យើង​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ក្នុង​ការផលិត​អគ្គីសនី​។​

​លោក​បាន​បញ្ជាក់ទៀតថា កម្ពុជា​បាន​បញ្ជា​ទិញ​ថាមពលអគ្គីសនី​ប្រមាណ​២០០​មេហ្គា​វ៉ាត់​ពី​ប្រទេ​សឡាវ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ ទន្ទឹមនឹងនេះ​ដែរ រាជរដ្ឋាភិបាល បាន​បញ្ជា​ទិញ​ម៉ាស៊ីន​ផលិត​ថាមពលអគ្គីសនី​ចំនួន​២ ដែលមាន​អនុភាព​ផលិត​កម្លាំង​៤០០ មេហ្គា​វ៉ាត់ ដែល​នឹងដាក់​នៅ​ទីតាំង​ល្វាឯម ខេត្ត​កណ្តាល ដើម្បី​ដោះស្រាយ​កង្វះ​អគ្គិសនី នៅក្នុង​រាជធានី​ភ្នំពេញ​។ លោក​ថា​”​យើង​សង្ឃឹមថា​ការរៀបចំ​តម្លើង​នឹង​រួចរាល់​នៅ​ខែមេសា ឬ​ឧសភា ឆ្នាំ​២០២០ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជិត ៤០០ លាន​ដុល្លា​អាមេរិក (​ម៉ា​ស៊ី​អគ្គីសនី ២០០​មេហ្គា​វ៉ាត់ ទិញ​មកពី​ប្រទេស​អាល្លឺម៉ង់ និង ម៉ា​ស៊ី​អគ្គីសនី ២០០ មេហ្គា​វ៉ាត់​មួយទៀត​ទិញមក​ពី​ប្រទេស​ហ្វាំង​ឡ​ង់​”​។​

​ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​លោក​ស៊ុយ សែម រដ្ឋមន្ត្រី​នៃ​ក្រសួង​រ៉ែ និង​ថាមពល បង្កើន​ចំនួន​កម្មករ ធ្វើ​ការងារ​ទាំងយប់​ទាំង​ថ្ងៃ​នៅ​ការដ្ឋាន ដើម្បី​ឈាន​ឲ្យ​គម្រោង​រៀបចំ​អគ្គីសនី​នេះ​អាច បាន​ដំណើរការ​លឿន​ឆាប់ៗ​។ ជាមួយគ្នានេះ​ផងដែរ លោក​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ​ទាំងឡាយ សូម​ប្រើប្រាស់​ម៉ា​ស៊ី​អគ្គីសនី​ផ្ទាល់ខ្លួន​បណ្តោះអាសន្ន​សិន ក្នុងករណី​មាន​បញ្ហា​អគ្គីសនី ទម្រាំ​រដ្ឋាភិបាល​រៀបចំ​រួចរាល់​ហើយ​៕

ព័ត៌មានផ្សេងទៀត