បក្ស​មូលដ្ឋាន​ ស្នើ​មេដឹកនាំ​នយោបាយ​ ដែល​កំពុង​ប្រទូសរ៉ាយ​គ្នា ​បញ្ចប់គំនុំគុំគួន​​

07-11-2019 2:25 pm 566

​ស្រប​ពេលដែល​ស្ថានការណ៍​នយោបាយ​កំពុង​ឡើង​កម្តៅ ដោយសារ​ការប្រកាស​ចូល​ស្រុក របស់​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៃ​ក្រុម​លោក​សម រង្ស៊ី និង​ការបង្ក្រាប និង​ត្រៀម​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​នៃ​រដ្ឋាភិបាល​លោក​ហ៊ុន សែន ដែល​ត្រូវបាន​គេ​មើលឃើញថា កំពុង​បង្ក​ជា​ការភ័យខ្លាច ដល់​ប្រជាពលរដ្ឋ​ទូទៅ នោះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ឈរលើ​មាគ៌ា​កណ្តាល​និយម បានស្នើ​ដោយ​ទទូច ដល់​មេដឹកនាំ​នយោបាយ​ទាំងពីរ​ក្រុម ឲ្យ​បញ្ចប់​នូវ​នយោបាយ​ដែល​នាំមក​នូវ​គំនុំគុំកួន និង​បង្កឱ្យមាន​ការឈឺចាប់​ទៅវិញទៅមក និង​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ស្លូតត្រង់​រងគ្រោះ និង​បង្ក​ហានិភ័យ​ដល់​ជាតិ​។ 

​បើតាម​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន តាមរយៈ​សារ​នៅលើ​បណ្តាញ​សង្គម​ថ្ងៃនេះ លើកឡើងថា រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​តែងតែ​អះអាងថា ក្រោម​ការដឹកនាំ​របស់​ខ្លួន​ប្រទេស​មាន​សន្តិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍ ប៉ុន្តែ​ការ​ចល័ត​ទ័ព និង​ការ​នាំឱ្យ​ប្រទេសជាតិ​ទាំងមូល​ផ្តោតលើ​ព្រឹត្តិការណ៍​ទាក់ទង​ផែនការ​វិល​ត្រឡប់មក​វិញ​នៃ​ក្រុម​មេដឹកនាំ​នយោបាយ​មួយចំនួន ដែល​គណបក្ស​នេះ ចង់​សំដៅលើ​ក្រុម​លោក​សម រង្ស៊ី បាន​នាំមក​នូវ​បរិយាកាស​ភ័យខ្លាច​ដែល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ មុខរបរ​ចិញ្ចឹមជីវិត និង​ការវិនិយោគ​ផ្សេងៗ​។​

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សុំឲ្យ​អ្នកដឹកនាំ​នយោបាយ​ទាំងពីរ​ក្រុម ប្រើប្រាស់​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ឆ្នាំនេះ ជា​ទិវា​បង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ ដែលជា​ឧត្តមគតិដ៏​សំខាន់​របស់​ព្រះរាជបិតា​ឯករាជ្យជា​តិ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ជាជាង​ធ្វើឲ្យ​ក្លាយជា​ព្រឹត្តិការណ៍ នាំមក​នូវ​បរិយាកាស​ភ័យខ្លាច យ៉ាង​ដូច្នេះ​។​

​គណបក្ស​ដែល​តែងតែ​អះអាងថា ខ្លួន​ជា​អ្នក​កណ្តាល​និយម​មួយ​នេះ សង្កត់ធ្ងន់ថា ល្មម​ដល់ពេល អ្នកដឹកនាំ​នយោបាយ​កំពូលៗ បញ្ចប់​នូវ​នយោបាយ​ដែល​នាំមក​នូវ​គំនុំគុំកួន និង​បង្កឱ្យមាន​ការឈឺចាប់​ទៅវិញទៅមក និង​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ស្លូតត្រង់​រងគ្រោះ និង​បង្ក​ហានិភ័យ​ដល់​ជាតិ​។ គណបក្សនេះ ស្នើភាគីនយោបាយទាំងពីរ ​ងាក​មក​អនុវត្ត​វប្បធម៌​នយោបាយ​ថ្មី ហើយ​ឯកភាពគ្នា​ក្នុង​ការកសាង​ជាតិ តាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី ពហុបក្ស​៕

 ពាក្យគន្លឹះ  បក្សមូលដ្ឋាន

ព័ត៌មានផ្សេងទៀត