លោក​​ហ៊ុន សែន​៖​​កម្ពុជា​​វេទនា​​ឆ្អែតឆ្អន់​​ដោយ​សារ​ពាក្យ«ប្រជាធិបតេយ្យ និង​​សិទ្ធិមនុស្ស​»​

07-11-2019 2:15 pm 418

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​ទី​០៧ វិច្ឆិកា​នេះ បាន​ថ្លែងថា ពលរដ្ឋ​កម្ពុជា​វេទនា​ឆ្អែតឆ្អន់ ព្រោះ​តែ​ពាក្យ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ហើយ​ទីបំផុត​ធ្វើការ​ចលនា​ផ្តួលរំលំ​។​លោក​ប្រកាស​យ៉ាង​ដូច្នេះ គឺធ្វើឡើង​ខណៈ​គម្រោង​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា​កាន់​ជិត​ចូលមក​ដល់​។​ជា​គម្រោង​ដែល​រដ្ឋាភិបាល​ចាត់ទុកថា ជា​ចលនា​ផ្តួល​រំលំ​។

​នៅ​ចំពោះមុខ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍ​នានា​នៅថ្ងៃនេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រទេស​ជា​មិត្ត​ទាំងអស់​ត្រូវ​យល់​ពី​កម្ពុជា ខណៈ​ដែល​បច្ចុប្បន្ន​កម្ពុ​ជា​ត្រូវ​គ្រប់គ្រង​ស្ថានការណ៍​មួយ​ចាំបាច់ ដើម្បី​ទប់ស្កាត់​ចលនា​ផ្តួលរំលំ​រាជរដ្ឋាភិបាល​។​

​បើតាម​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ពលរដ្ឋ​កម្ពុជា​បាន​ឆ្លងកាត់​ភាព​វេទនា​ឆ្អែតឆ្អន់ និង​កា​ឈឺចាប់​អស់​ច្រើនណាស់​ឆ្នាំ​មកហើយ ហើយ​ការឈឺចាប់​ទាំងអស់នេះ គឺ​ដោយសារតែ​ពាក្យ លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស តែ​ទីបំផុត​ក្លាយ​ជា​ចលនា​ផ្តួលរំលំ​ដែល​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​ស្លាប់​រាប់លាន​នាក់​។​

​ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​មុន​២​ថ្ងៃ​នៃ​គម្រោង​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា ជា​ចលនា​ធ្វើ​រដ្ឋប្រហារ​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​។​

​សម្រាប់​លោក ហ៊ុន សែន បើ​ទោះបី​ក្នុង​តម្លៃ​ណាក៏ដោយ លោក​ប្តេជ្ញា​ចិត្ត​ត្រូវតែ​ការពារ​ឱ្យបាន​នូវ​សុខសន្តិភាព និង​ការធានា​ឱ្យបាន​នូវ​ការរស់រាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​បញ្ជា​ទៅ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ពិសេស​កងទ័ព​ត្រូវធ្វើ​ការកម្ទេច​រាល់​សកម្មភាព​ទាំងឡាយ​ណា​ដែល​ប្រឆាំងរដ្ឋាភិបាល​។​តែ​យ៉ាងណាក៏ដោយ លោក ហ៊ុន សែន លោក​មាន​ជំនឿ​ថា លោក​សម រង្ស៊ី និង​បក្សពួក​នឹង​មិន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​នោះ​ឡើយ​។​ដូច្នេះ​ប្រជាពលរដ្ឋ​កុំ​មាន​ការព្រួយបារម្ភ​។​

​គួរបញ្ជាក់​ថា នៅសល់តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គម្រោង​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ថ្ងៃទី​០៩ ខែវិច្ឆិកា នឹង​ចូលមក​ដល់​។​គម្រោង​មាតុភូមិនិវត្តន៍​នេះ​នៅ​តែ​រក្សា​ដដែល​គ្មាន​ការប្រែប្រួល​នោះទេ ខណៈ​រដ្ឋាភិបាល​បង្កើន​ចំនួន​កងកម្លាំង​ចម្រុះ ដើម្បី​ទប់ស្កាត់​ការ​គម្រាមកំហែង​សន្តិសុខ​ជាតិ​ដែល​មាន​ជាប់​ទាក់ទង​ទៅនឹង​ផែនការ​ចូល​ស្រុក​របស់​លោក សម រង្ស៊ី​៕


ព័ត៌មានផ្សេងទៀត