ឃាត់ខ្លួនជនជាតិម៉ាឡេស៊ី៤នាក់ ពាក់ព័ន្ធនឹងការបើកCasino Online

07-11-2019 1:42 pm 127

កម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យជាជនជាតិម៉ាឡេស៊ីចំនួន៤នាក់ ដែលពាក់ព័ន្ធនឹងបើកល្បែងកាស៊ីណូ តាមបណ្ដាញទូរស័ព្ទ និងតាមប្រព័ន្ធអ៊ីនធឺណិត ឬហៅថា Casino Online។

ទំព័រហ្វេសប៊ុក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងនៅរសៀលថ្ងៃទី៧ ខែវិច្ឆិកានេះ ថា លោកឧត្តមសេនីយ៍ឯកជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាឲ្យមន្រ្តីជំនាញធ្វើការស្រាវជ្រាវ និងតាមដានរកមុខសញ្ញា ក្រុមបើកល្បែងកាស៊ីណូតាមបណ្ដាញទូរស័ព្ទ និងតាមប្រព័ន្ធអ៊ីនធឺណិត។

បន្ទាប់ពីបើកការស្រាវជ្រាវរួចមក កម្លាំងជំនាញបានកំណត់មុខសញ្ញា និងទីតាំងជនសង្ស័យ ដោយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងចម្រុះបានបើកប្រតិបត្តិការចុះឃាត់ខ្លួន ជនសង្ស័យជាជនជាតិម៉ាឡេស៊ីចំនួន៤​នាក់ ដែលជាអ្នកគ្រប់គ្រង និងអនុវត្តប្រតិបត្តិកា Casino Online ព្រមទាំងរឹបអូសបានសម្ភារៈសម្រាប់ផ្សព្វផ្សាយ ដែលមានកុំព្យូទ័រ និងទូរស័ព្ទជាច្រើនគ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងត្រូវបានរៀបចំកសាងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ កន្លងមកប្រជាពលរដ្ឋដែលបានប្រើប្រាស់ទូរស័ព្ទចល័ត តែងតែទទួលបាននូវ​សារអូសទាញឲ្យលេងល្បែងភ្នាល់អនឡាញជាច្រើនប្រភេទ ដែលជាអំពើផ្ទុយនឹងច្បាប់។

លោកឧត្តមសេនីយ៍ឯក ជា ពៅ បានអំពាវនាវឲ្យបងប្អូនរាយការណ៍ មកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាជាបន្ទាន់ ប្រសិនបើបងប្អូនទទួលបាននូវសារទស្សន៍ទាយ ដើម្បីចូលរួមលេងល្បែងភ្នាល់ផ្សេងៗ តាមបណ្ដាញទូរគមនាគមន៍ ឬបណ្ដាញសង្គម ដើម្បីជាមូលដ្ឋានសម្រាប់នាយកដ្ឋាន ក្នុងការស្រាវជ្រាវដើម្បីបង្ក្រាបទាន់ពេលវេលា៕ 

 ពាក្យគន្លឹះ  ជនជាតិម៉ាឡេស៊ីCasino Online

ព័ត៌មានផ្សេងទៀត