លោកស្រី​មូរ សុខ​ហួរ ត្រូវបាន​ឃាត់ខ្លួន​ដោយ​ប៉ូលិស​ម៉ាឡេស៊ី​

07-11-2019 11:16 am 2702
  ស្តាប់
ស្តាប់ជាសំឡេង

​លោកស្រី មូរ សុខ​ហួរ អតីត​មេដឹកនាំ​មួយរូប នៃ​អតីត​គណបក្សប្រឆាំង ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី ចាប់​ឃាត់ខ្លួន​ហើយ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​វិច្ឆិកា​នេះ បន្ទាប់​ពី​លោកស្រី បាន​ចាកចេញ​ពី​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ល្ងាច​ថ្ងៃទី​០៦ ខែវិច្ឆិកា​។ 

​ទីភ្នាក់ងារ​សារព័ត៌មាន​បរទេស Reuters បាន​រាយការណ៍​នៅថ្ងៃនេះ​ថា ប៉ូលិសអន្តោប្រវេសន៍​ម៉ាឡេស៊ី បាន​ឃាត់ខ្លួន​លោកស្រី មូរ សុខ​ហួរ អតីត​អនុប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិត​ក្នុង​ចំណោម​អតីត​មេដឹកនាំ​បក្សប្រឆាំង រួមជាមួយ​លោក​សម រង្ស៊ី ដែល​ត្រូវ​ស្វែងរក​ចាប់ខ្លួន ពី​បទ​រៀបចំ​ផែនការ​ធ្វើ​រដ្ឋប្រហារ នៅ​ថ្ងៃ​ទី​០៩​វិច្ឆិកា​។​

​លោកស្រី មូរ សុខ​ហួរ កាលពី​ចុង​ខែ​តុលា ត្រូវបាន​អាជ្ញាធរ​ថៃ​បណ្តេញចេញ​។ នៅ​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា លោកស្រី​ក៏​បាន​គេច​ចេញពី​ប្រទេស​ឥណ្ឌូនេស៊ី បន្ទាប់​ពី​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ឥណ្ឌូនេស៊ី ចាប់ខ្លួន​លោក​ស្រី​។​

​គួរបញ្ជាក់​ថា ការចាប់ខ្លួន​លោក​ស្រី មូរ សុខ​ហួរ ធ្វើឡើង​បន្ទាប់​ពី​អាជ្ញាធរ​សមត្ថកិច្ច​ម៉ាឡេស៊ី ទើបតែ​ចាប់ខ្លួន​អតីត​សកម្មជន អតីត​គណក្ស​សង្គ្រោះ​ជាតិ ២​នាក់ កាលពី​ប៉ុន្មាន​ថ្ងៃមុន ហើយ​គ្រោង​នឹង​បញ្ជូន​មកកាន់​ប្រទេស​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត