នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកានេះ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយអោយប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ នៅសណ្ធាគារសុខាភ្នំពេញ លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍អំពីវិធានការគ្របគ្រងសំរាមនៅក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងពេលប្រារព្ឋពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១០-១២ វិច្ឆិកា។ នៅក្នុងនោះ លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកដល់អភិបាលរាជធានីភ្នំពេញ ក្រសួងបរិស្ថាន សហភាពសហព័ន្ឋយុវជន និងដៃគូមួយចំនួនទៀត ត្រូវយកចិត្តទុកដាក់គ្រប់គ្រងសំរាមអោយបានហ្មត់ចត់ នៅ
តាមទីតាំងគោលដៅនានា ជាពិសេសក្នុងរយៈពេល៣ ទៅ៤ថ្ងៃក្នុងឡុងពេលបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ដែលបន្តដល់ថ្ងៃទី ១០,១១, ១២ វិច្ឆិកា ដែលជាថ្ងៃបុណ្យអុំទូក។ ទន្ទឹមនឹងនេះដែរលោកក៏បានអំពាវដល់បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់សូមចូលរួមថែរក្សាបរិស្ថាន អនាម័យល្អ ទទួលទានចំណីអាហារហើយត្រូវទុកសំរាមក្នុងធុងសំរាម។ គឺយើងទាំងអស់គ្នាធ្វើជាម្ចាស់ប្រទេសដែលមានបរិស្ថានល្អ និង អនាម័យខ្ពស់ទាំងអស់គ្នា៕