អាជ្ញាធរ​​ហាមឃាត់​​​យានយន្ត​មួយចំនួន​​​ចូល​ក្រុង​​ភ្នំពេញ​​នៅ​ថ្ងៃបុណ្យអុំទុក​​

07-11-2019 10:08 am 102

​ដើម្បី​កាត់បន្ថយ​នូវ​ការកកស្ទះ​ចរាចរណ៍ ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១០-១២ ខែវិច្ឆិកា នាពេលខាងមុខ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងមិន​អនុញ្ញាតឱ្យ​ប្រភេទ​យានយន្ត​មួយចំនួន ធ្វើ​ចរាចរណ៍​ចូល​រាជធានី​ភ្នំពេញ​ឡើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា ។​

​សូមបញ្ជាក់ថា ប្រភេទ​យានយន្ត​ទាំងនោះ​រួមមាន​៖ រថយន្តឈ្នួល​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក មិន​អនុញ្ញាតឱ្យ​ចរាចរ​ចូលក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​០៩ រហូតដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា វេលា​ម៉ោង​១០​ព្រឹក​រហូតដល់​១០​យប់​។ រីឯ​រថយន្ត​ធុន​ធំ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ រថយន្ត​ដឹកទំនិញ​ផ្សេងៗ ព្រមទាំង​ការដ្ឋាន​សំណង់​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ និង​ធ្វើការ​ផ្អាក​ទាំងស្រុង ចាប់ពី​ថ្ងៃទី​០៩-១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ 

​សម្រាប់​យានយន្ត​ដំណើរ​មក​ចូលរួម​ទស្សនា ពិធី​បុណ្យអុំទូក នឹងមិន​អនុញ្ញាតឱ្យ​ធ្វើ​ចរាចរណ៍​លើផ្លូវ​ច្រាំង​ទន្លេសាប ផ្លូវ​លេខ​១៣០ ផ្លូវ​លេខ​៥ ផ្លូវ​លេខ​១៥៤ មហាវិថី​ព្រះ​នរោត្តម ផ្លូវ​លេខ​២១៤ ផ្លូវ​លេខ​៥១ ផ្លូវ​លេខ​២៩៤ កំណាត់​មហាវិថី​សម្តេច​សុធា​រស ដល់​កែង​ផ្លូវ​ស្ថានទូត​រុស្ស៊ី វិថី​រដ្ឋសភា ផ្លូវ​លេខ​៧៨ ផ្លូវ​សបឺត មហាវិថី​ព្រះ​សុរាម្រិត កំណាត់​តីរវិថី​ព្រះស៊ីសុវត្ថិ​ដល់​កែង​ផ្លូវ​លេខ​១៣០៕


ព័ត៌មានផ្សេងទៀត