ដំណើរ​​មាតុភូមិ​និវត្តន៍​​របស់​លោក ​សម រង្ស៊ី ប្រហែល​​មិន​អាច​​ទៅរួច​​

07-11-2019 8:30 am 1754

នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គម្រោង​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ថ្ងៃទី​០៩ ខែវិច្ឆិកា នឹង​ចូលមក​ដល់​។​ថ្ងៃ​៩ វិច្ឆិកា បាន​ក្លាយជា​ថ្ងៃ​នៃ​ការ​ទន្ទឹម​រង់ចាំ​មើល​ពី​មហាជន​គ្រប់​មជ្ឈដ្ឋាន​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា តើ​នឹង​មាន​ព្រឹត្តិការណ៍​អ្វី​កើតឡើង​នៅ​ថ្ងៃ​នោះ​?​ប៉ុន្តែ​ការ​ប្រឈម​បច្ចុប្បន្ន គួន សំបូរ មើលឃើញថា ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ប្រហែល​មិន​អាច​ទៅរួច​នោះទេ​។​មិន​អាច​ដោយ​មាន​ហេតុផល​មួយចំនួន ដើម្បី​ពន្យល់​។​សូម​ស្តាប់ គួន សំបូរ​

​គម្រោង​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា កំពុង​ក្លាយ​ប្រជា​ប្រធានបទ​ក្តៅ​នៅក្នុង​ឆាកនយោបាយក​ម្ពុ​ជា​នា​ពេល​បច្ចុប្បន្ន​។​បច្ចុប្បន្ន​ដែល​មតិ​អ្នក​មាន​ទំនោ​គាំទ្រ​រដ្ឋាភិបាល អះអាងថា លោក សម រង្ស៊ី មិន​ហ៊ាន​វិល​ចូល​កម្ពុជា​វិញ​ទេ ពីព្រោះ​ការប្រកាស​របស់​មេក្រុម​ប្រឆាំង​រូបនេះ មិនមែន​ជា​រឿង​ថ្មី ខណៈ​មតិ​ខ្លះ​ទៀត​គិតថា លោក សម រង្ស៊ី អាច​ហ៊ាន​វិល​ចូល​កម្ពុជា​វិញ​តាម​ការគ្រោងទុក ហើយ​អាច​នឹង​មាន​អ្នកគាំទ្រ​មក​ហែរ​ហម​ជាច្រើន​ទៀត​ផង​។ តែ​នេះ​គ្រាន់​តែ​មតិ​លើកឡើង​របស់​អ្នកគាំទ្រ​នយោបាយ​ម្ខេងៗ​ប៉ុណ្ណោះ​។​

​តាម​ការពិនិត្យ​ជាក់ស្តែង គម្រោង​មាតុភូមិ​និវត្តន៍​របស់​មេ​អាឌិត​បក្សប្រឆាំង គឺ​មាន​ការប្តេជ្ញាចិត្ត​ខ្លាំង​ជាង​មុខ ដោយ​លើក​នេះ លោក​សុខចិត្ត​លះបង់​សិទ្ធិ សេរីភាព ដើម្បី​ប្តូរ​យក​លទ្ធិប្រជាធិបតេយ្យ និង សេរីភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​តាមរយៈ​ការចូល​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី​០៩ វិច្ឆិកា​ខាង​មុខ​។ ប៉ុន្តែ​បើ​តាម​ប្រវត្តិ​នយោបាយ លោក សម រង្ស៊ី  លោក​មិន​ដែល​ហ៊ាន​វិល​ចូល​កម្ពុជា​វិញ​ដោយ​គ្មាន​ការចរចា ឬ​ព្រមព្រៀង​នយោបាយ​គ្នា​ពី​ខាងក្នុង​នោះ​ឡើយ​។​

​តួ​យ៉ាង​នៅ​ថ្ងៃទី​១៩ កក្កដា ឆ្នាំ​២០១៣ ប្រធានស្តីទី​អតីត​បក្សប្រឆាំង​រូបនេះ បាន​វិលត្រឡប់​ចូល​ស្រុក​វិញ ដោយ​មាន​មនុស្ស​រាប់សែន​នាក់​ទទួល​ស្វាគមន៍ និង​ដើរ​ហែហម​អមដំណើរ បន្ទាប់ពី​លោក​ត្រូវបាន​ព្រះមហាក្សត្រ ព្រះរាជទាន​លើកលែងទោស តាម​ការជួយ​សម្រួលរ​បស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ប៉ុន្តែ​ថ្ងៃ​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ គឺ​ខុស​ពី​១៩ កក្កដា ២០១៣​។​ខុស​ក៏​ព្រោះ​មេដឹកនាំ​នយោបាយ​ទាំង​សងខាង មិន​មាន​ពន្លឺ​នៃ​ការចរចា ផ្ទុយ​ទៅ​វិញ​មាន​តែ​ការប្រើប្រាស់​សារ​គំរាម​គ្នា​ទៅវិញទៅមក តាម​រូ​ម​ភាព​ផ្សេងៗ​។​

​យោងតាម​ការវិភាគ​ស្ថានការណ៍​បច្ចុប្បន្ន គម្រោង​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា អាច​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​បំភ័យ​ដៃ​គូប្រកួត​។​គូប្រកួត​របស់លោក ទំនងជា​ប្រើ​យុទ្ធសាស្ត្រ​បិទ​ច្រក ដើម្បី​បន្សាប​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ក្នុង​ឆាកនយោបាយ​ខ្មែរ​។ ដើម្បី​រើ​បំរាស់​ពី​ក្រឡា​អុក​មួយ​នេះ អាឌិត​បក្សប្រឆាំង អាច​នឹង​ប្រើ​ដំណើរ​មាតុភូមិនិវត្តន៍​ចូលមក​កម្ពុជា ក្រែង​មាន​ពន្លឺ​នៃ​ការចរចា​ណាមួយ​ចូល​ស្រុក និង​អាច​ផ្តើម​ជីវិត​នយោបាយ​ឡើងវិញ ខណៈ​វ័យ​របស់ខ្លួន​កាន់តែ​ជ្រេ​។​

​យ៉ាងណាក៏ដោយ យុទ្ធសាស្ត្រ​វាយបក​របស់​ក្រុមប្រឆាំង​នេះ ហាក់​មិនបាន​ធ្វើ​ឱ្យ​ដៃគូ​របស់​លោក​ងាយ​ក្រោយ​ឡើយ​។​ផ្ទុយទៅវិញ ថែម​ទាំង​ចេញ​បញ្ជា​ជា​បន្តបន្ទាប់​ទៅ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ពិសេស​កងទ័ព​ចេញ​ធ្វើ​សកម្មភាព​កម្ទេច​សកម្ម​ភាព​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ហើយ​អ្នកគាំទ្រ​នៅ​ខាង​ក្នុង​ប្រទេស​ជាច្រើន​ត្រូវបាន​ចាប់ខ្លួន​។​គិត​ត្រឹម​ថ្ងៃនេះ គឺ​មនុស្ស​ជិត​៦០​នាក់​ត្រូវបាន​ចាប់ខ្លួន និង​ជិត​២០០​នាក់​ត្រូវបាន​កោះហៅ បន្ទាប់ពី​ពួកគេ​ប្រកាស​គាំទ្រ​ការវិលត្រឡប់​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​៩ វិច្ឆិកា​។​

​ការ​បណ្តោយ​ឱ្យ​លោក សម រង្ស៊ី ដើរ​ចូល​ស្រុក​វិញ​ដោយ​គ្មាន​វិធាន​ទប់ស្កាត់ អ្នកខាតបង់​ធំ​អាច​រាជរដ្ឋាភិបាល ព្រោះ​វត្ត​មាន​លោក សម រង្ស៊ី នឹង​ធ្វើឱ្យ​ស្ថានការណ៍​នយោបាយ​កម្ពុជា​កាន់តែ​ឡើង​កម្តៅ បង្ក​ជា​អសន្តិសុខ​ដល់​សង្គម​ទាំងមូល កា្លយ​ជា​ការចាប់​អារម្មណ៍កា​ន់តែ​ខ្លាំង​ឡើង​លើ​ឆាក​អន្តរជាតិ​។​អន្តរជាតិ​អាច​នឹង​ដាក់​បន្ទុប​លើ​រដ្ឋាភិបាល ប្រសិនបើ​មាន​ចំណាត់ការ​ក្តៅ​ណា​មួយ​លើ​កក្រុមប្រឆាំង​។​

​នៅ​ចំពោះមុខ​បរិបទ​យ៉ាង​ដូច្នេះ ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ប្រហែលជា​មិន​អាច​ទៅរួច​នោះទេ​។​លោក សម រង្ស៊ី អាច​ប្រហែល​ត្រូវ​ពន្យារ​ពេល​ធ្វើ​មាតុភូមិនិវត្តន៍ ឬ​យក​ទឹកដី​ថៃ ឬ​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ដើម្បី​រៀបចំ​វេទិកា​វាយប្រហា​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​ថា​កំសាក​មិន​តហ៊ាន​បើ​ទ្វារ​ឱ្យ​លោក​ដើរ​ចូល​ទឹកដី​កម្ពុជា​។​

​ជាការ​វាយបក រាជរដ្ឋាភិបាល នឹង​ប្រកាស​ថា ចលនា​បដិវត្តន៍​ពណ៌ លោក សម រង្ស៊ី និង​បក្សពួក​ត្រូវ​បរាជ័យ និង​លោក​សម រង្ស៊ី ជា​មនុស្ស​កំសាក ឬ​មិន​ហ៊ាន ប្រឈមមុខ​នឹង​ការចាប់ខ្លួន​របស់​អាជ្ញា​ធរ​។​ដៃគូ​របស់​លោក សម រង្ស៊ី នឹង​បន្ត​យុទ្ធសាស្ត្រ​ទាញ​ចិត្ត​អ្នកគាំទ្រ​ឱ្យ​ឈប់​គាំទ្រ​លោក សម រង្ស៊ី ក្នុងន័យទាញទន្លាក់​ប្រជាប្រិយភាព​ដែល​មេក្រុម​ប្រឆាំងខំ​ប្រឹង​សន្សំ​អស់​រយៈពេល​ជិត​៤០​ឆ្នាំ​មកនេះ​៕


 ពាក្យគន្លឹះ  លោកសមរង្ស៊ី

ព័ត៌មានផ្សេងទៀត