លោកស្រីមួរ សុខហួរចាកចេញពីឥណ្ឌូនេស៊ីទៅប្រទេសអាស៊ានមួយទៀត

06-11-2019 5:55 pm 1352

លោកស្រីមួរ សុខហួរ អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ បានអះអាង ថា លោកស្រីនឹងចាកចេញពីប្រទេសឥណ្ឌូនេស៊ីនៅយប់ថ្ងៃទី៦ ខែវិច្ឆិកា ដោយធ្វើដំណើរទៅប្រទេសក្នុងតំបន់អាស៊ានមួយទៀត។ ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ថា ប្រទេសណានោះទេ។

លោកស្រីមួរ សុខហួរ បានថ្លែងក្នុងវីដេអូផ្សាយផ្ទាល់ នៅលើហ្វេសប៊ុករបស់ខ្លួន ថា ផែនការវិលចូលស្រុករបស់អតីតថ្នាក់ដឹកនាំ នៃអតីគណបក្សសង្រ្គោះជាតិ មិនមានការផ្លាស់ប្ដូរទេពោលគឺនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០ ១៩ដដែល។ លោកស្រីបន្ត ថា ច្រកព្រំដែនកម្ពុជា-ថៃ នៅតែជម្រើសទីមួយ ដែលអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ធ្វើដំណើរឆ្លងកាត់ទៅកាន់ប្រទេសកម្ពុជាដដែល។

សូមជម្រាប ថា អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានស្នើឲ្យអាជ្ញាធរឥណ្ឌូនេស៊ី ចាប់ខ្លួនលោកស្រីមូរ សុខហួរ អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ។ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូ នេស៊ី តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃទី៦ ខែវិច្ឆិកានេះ បានសរសេរ ថា សាធារណរដ្ឋឥណ្ឌូណេស៊ី និងកម្ពុជា គឺជាមិត្តជិតស្និទ្ធនឹងគ្នាអស់រយៈពេល៦០ឆ្នាំមកហើយ។ ដូច្នេះស្ថានទូតកម្ពុជាប្រចាំនៅ ហ្សាកាតា សូមស្នើឲ្យអាជ្ញាធរឥណ្ឌូណេស៊ីធ្វើការចាប់ខ្លួន លោកស្រីមូរ សុខហួរ ហើយបញ្ជូនលោកស្រី មកកាន់កម្ពុជាជាបន្ទាន់ នៅក្រោមស្មារតីពិតរបស់អាស៊ាន៕ 

ព័ត៌មានផ្សេងទៀត