​ម៉ាឡេស៊ី​ចាប់ខ្លួន​សកម្មជន​ពីររូប​​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​​

06-11-2019 5:28 pm 595
  ស្តាប់
ស្តាប់ជាសំឡេង

​សមត្ថកិច្ច​ម៉ាឡេស៊ី​បាន​ចាប់​និង​ឃុំខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប នៅពេលដែល​ពួកគេ​កំពុង​រង់ចាំ​ធ្វើដំណើរ​តាម​យន្តហោះ​ពី​ម៉ាឡេស៊ី​ឆ្ពោះទៅកាន់​ប្រទេស​ថៃ ហើយ​គ្រោង​នឹង​ត្រូវបញ្ជូន​ខ្លួន​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​អង្គារ​។ ក៏ប៉ុន្តែ​គណៈកម្មការ​សិទ្ធិមនុស្ស​ម៉ាឡេស៊ី បាន​តវ៉ា​កុំឲ្យ​អាជ្ញាធរ​ម៉ាឡេស៊ី​បញ្ជូន​ខ្លួន​អ្នក​ទាំងពីរ​នេះ​។ 

​បើ​យោងតាម​សារព័ត៌មាន Reuters ដែល​បាន​ចេញផ្សាយ​សេចក្តីរាយការណ៍​របស់​ខ្លួន នៅ​ថ្ងៃ​អង្គារ៍​ថា ប៉ូលីសអន្តោប្រវេសន៍ម៉ាឡេស៊ី បាន​ចាប់ និង​ឃុំខ្លួន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប នៅពេលដែល​ពួកគេ​កំពុង​រង់ចាំ​ធ្វើដំណើរ​តាម​យន្តហោះ​ពី​ម៉ាឡេស៊ី​ឆ្ពោះទៅកាន់​ប្រទេស​ថៃ​។ សកម្មជន​គណបក្សប្រឆាំង​ទាំងពីរ​រូបនេះ មានឈ្មោះ ហេង ស៊ា​ង​លាង និង ងឹ​ម គា​ថា ត្រូវបាន​សាកសួរ និង​ឃុំខ្លួន ដោយ​មន្ត្រី​អន្តោប្រវេសន៍​ម៉ាឡេស៊ី កាលពី​យប់​ថ្ងៃ​ច័ន្ទ ហើយ​គ្រោង​នឹង​ត្រូវបញ្ជូន​ខ្លួន​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​អង្គារ​។ ក៏ប៉ុន្តែ​គណៈកម្មការ​សិទ្ធិមនុស្ស​ម៉ាឡេស៊ី បាន​តវ៉ា​កុំឲ្យ​អាជ្ញាធរ​ម៉ាឡេស៊ី​បញ្ជូន​ខ្លួន​អ្នក​ទាំងពីរ​។​

​យ៉ាងណាក៏ដោយ យោងតាម​ឯកសារ​របស់​ឧត្តមស្នងការ​អង្គកា​រ​សហប្រជាជាតិ​សម្រាប់​ជនភៀសខ្លួន ឬ​ហៅ​កាត់​ថា UNHCR កញ្ញា ងឹ​ម គា​ថា ដែលជា​សកម្មជន​បក្ស​ប្រឆាំង​ប្រចាំខេត្ត​ព្រះសីហនុ បានដាក់​ពាក្យស្នើសុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​បី តាមរយៈ​អង្គការ UNHCR ប្រចាំ​ប្រទេស​ម៉ាឡេស៊ី កាលពី​ខែតុលា​កន្លងទៅនេះ បន្ទាប់ពី​រូបនាង​ត្រូវបាន​តុលាការខេត្ត​ព្រះសីហនុ​ ចោទប្រកាន់​បទ​«​រួមគំនិត​ក្បត‍់​» តាម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។ 

​រីឯ​លោក ហេង ស៊ា​ង​លាង ដែលជា​អតីត​ចៅសង្កាត់រង​ទី​១ នៃ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ របស់អតីគណបក្សប្រឆាំង បាន​ធ្វើដំណើរ​មកកាន់​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​២៣​ខែ​កញ្ញា ដោយសារ​លោក​បាន​រង​ការគំរាមកំហែង​ខាង​សុវត្ថិភាព​នៅ​ក្នុងប្រទេស​កម្ពុជា​។ លោក ហេង ស៊ា​ង​លាង បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​១៨ ខែតុលា ដើម្បី​ស្នើសុំ​ទិដ្ឋាការ​សារជាថ្មី​មកកាន់​ប្រទេស​ម៉ាឡេស៊ី​វិញ ហើយ​ក្រោយមក​ក៏​ត្រូវបាន​ឃុំខ្លួន​ជាមួយ​កញ្ញា ងឹ​ម គា​ថា នៅពេល​ពួកគេ​គ្រោង​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​។​

​លោក Jerald Joseph សមាជិក​នៃ​គណៈកម្មការ​សិទ្ធិមនុស្ស​ម៉ាឡេស៊ី បាន​ប្រាប់​សារព័ត៌មាន Reuters ដែល​ត្រូវបាន​ដកស្រង់​ពាក្យសម្តី​ថា​៖«​នាពេលនេះ យើង​កំពុង​ព្យាយាម​ជួប​សកម្មជន​ទាំងពីរ​នាក់​នៅ​មន្ទីរឃុំឃាំង ដើម្បី​កំណត់​ស្ថានភាព​របស់​ពួកគេ​។ ប៉ុន្តែ​យើង​រីករាយ​ដែល​ក្រសួងមហាផ្ទៃ​ម៉ាឡេស៊ី បានសម្រេច​មិន​បញ្ជូន​ខ្លួន​អ្នក​ទាំងពីរ​នេះ ហើយ​ខ្ញុំ​គិតថា នេះ​គឺជា​សញ្ញាណ​ល្អ​មួយ‍​»​។ 

​ដោយឡែក លោក Phil Robertson អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន Reuters ថា កញ្ញា ងឹ​ម គា​ថា និង​លោក ហេង ស៊ា​ង​លាង គឺ​ពិតជា​សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ​កាលពី​ចុងឆ្នាំ​២០១៧៕

ព័ត៌មានផ្សេងទៀត