ទូត​កម្ពុជា​ស្នើ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ចាប់ខ្លួន​លោក​ស្រី​មូរ សុខ​ហួរ​

06-11-2019 5:08 pm 1814

​អគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​ស្នើឲ្យ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ចាប់ខ្លួន លោកស្រី មូរ សុខ​ហួរ អតីត​មេដឹកនាំ​ម្នាក់ របស់​អតីត​គណបក្សប្រឆាំង​ ដែលបានរត់ភៀសខ្លួន ពីការផ្តន្ទាទោស នៅកម្ពុជា។

​តាមរយៈ​សេចក្តីប្រកាស របស់​ស្ថានទូត​កម្ពុជា​ប្រចាំ នៅ​ប្រទេស​ឥណ្ឌូនេស៊ី បានបញ្ជាក់​ថា លោកស្រី មូរ សុខ​ហួរ គឺ​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា (CNRP) ដែល​ត្រូវបាន​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា សម្រេច​រំលាយចោល នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ គណបក្ស​លោក​ស្រី​សព្វថ្ងៃ គឺ​ជា​បក្ស​ខុសច្បាប់​នៅ​កម្ពុជា​។ លោកស្រី គឺ​ជា​ជនល្មើស​ដែល​រត់គេចខ្លួន ហើយ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​ចាប់ខ្លួន​លោកស្រី កាលពី​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៩​កន្លងទៅនេះ ពាក់ព័ន្ធ​ការប៉ុនប៉ង ផ្តួលរំលំ​រដ្ឋាភិបាល​ដែល​ជាប់ឆ្នោត​ស្របច្បាប់​។​

​ស្ថានទូត​បាន​បន្តថា​៖ ជាជាង​មក​ប្រឈម​មុខ​តាម​ផ្លូវច្បាប់ លោកស្រី មូរ សុខ​ហួរ បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កម្ពុជា ហើយ​លោក​ស្រី​កំពុង​ជ្រកកោន​នៅ​សហរដ្ឋអាមេរិក​។ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់សំណើ​ទៅកាន់​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំង​អស់​ឲ្យ​ចាប់ខ្លួន និង​បញ្ជូន​លោកស្រី មូរ សុខ​ហួរ មកកាន់​ប្រទេស​កម្ពុជា ប្រសិន​បើ​លោក​ស្រី​ឈាន​ជើង​ជាន់​ទឹកដី​របស់​ពួកគេ​។​

​ស្ថានទូត​កម្ពុជា ក៏​បាន​បញ្ជាក់ទៀតថា ក្រោម​ស្មារតី​ពិត​នៃ​សមាគម​អាស៊ាន រាជរដ្ឋាភិបាល​នៃ​ប្រទេស​ថៃ បាន​បណ្តេញ​លោក​ស្រី មូរ សុខ​ហួរ កាលពី​ថ្ងៃ​ទី​២០ ខែតុលា កន្លង មក​នេះ​ឲ្យទៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​វិញ នៅពេល​លោកស្រី​បាន​ទៅ​ដល់​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ នៃ​ទីក្រុង​បាងកក​។ នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ចាប់​ឃាត់​ខ្លួន​សកម្មជន​កម្ពុជា​២​នាក់ ដែល​ព្យាយាម​ឡើង​យន្តហោះ​ឆ្ពោះទៅកាន់ ទីក្រុង​បាងកក ខណៈ​ពួកគេ គឺជា​អ្នកគាំទ្រ​អតីត​គណបក្ស CNRP របស់​លោកស្រី មូរ សុខ​ហួរ​៕

ព័ត៌មានផ្សេងទៀត