លោក​ហ៊ុន សែន​៖ ចំណាកស្រុក​ខុសច្បាប់ ជា​ឱកាស​កើតមាន​«​អំពើ​ជួញដូរ​មនុស្ស​»

06-11-2019 4:04 pm 134

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មានប្រសាសន៍ថា ការកេងប្រវ័ញ្ច​គ្រប់​រូបភាព ពី​ស្ថានភាព​ស្វែងរក​ការងារ​នៅក្នុង​ស្រុក និង​ការធ្វើ​ចំណាកស្រុក ទៅ​ក្រៅប្រទេស ធ្វើឲ្យ​ឧក្រិដ្ឋជន​ឆ្លៀត ឱកាស​បង្កើតឱ្យមាន «​អំពើ​ជួញដូរ​មនុស្ស​»​។ ​ការកេងប្រវ័ញ្ច​ពលកម្ម ជួញដូរ​ផ្លូវភេទ ជួញដូរ​ទារក និង​កុមារ និង​ការជួញដូរ​សេរី​រាង្គ​មនុស្ស ដែល​ជា​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ ចាំបាច់​តម្រូវ​ឱ្យ​ប្រទេស​សមាជិក​អាស៊ាន និង​ចិន​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់ និង​ត្រូវ​រួម​គ្នា​ទប់ស្កាត់ ឱ្យបាន​ទាន់​ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព ទាំង​នៅក្នុង​តំបន់ និង​ក្នុង​ពិភពលោក​។ ​ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុង​សន្និសីទ អគ្គព្រះរាជអាជ្ញា​អាស៊ាន​-​ចិន លើក​ទី​១២ ធ្វើ​នៅ​ខេត្តសៀមរាប នា​ថ្ងៃ​ពុធ ទី​០៦ ខែ​វិច្ឆិកា​នេះ​។​

​លោកនាយក​រដ្ឋមន្ត្រី ប្រសាសន៍​បន្ថែម​ទៀត​ថា «​អំពើ​ជួញដូរ​មនុស្ស​» នៅ​កម្ពុជា​បច្ចុប្បន្ន​ក៏ដូចជា​បញ្ហា​ឆ្នាំកន្លងមក ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់វិធានការ បង្ការ ទប់ស្កាត់ និង​បង្ក្រាបបាន​ទាន់ពេលវេលា តាមរយៈ​ការពង្រឹង​ច្បាប់ ការអនុវត្ត​នូវ​គោលនយោបាយ​បង្ការ ទប់ស្កាត់ និង​ការពារ​ជនរងគ្រោះ ជាមួយ​ការអនុវត្ត​ច្បាប់ព្រហ្មទណ្ឌ​យ៉ាង​ខ្ជាប់ខ្ជួន​។ ហើយ​ជា​បន្តបន្ទាប់ ដោយមាន​កិច្ចសហការ​ល្អ រវាង​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង អំពើ​ជួញដូរ​មនុស្ស​ជាមួយនឹង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ស្ថាប័ន​អយ្យការ និង​តុលាការ​ធ្វើ​ឱ្យ​កម្ពុជា ទទួលបាន​នូវ​លទ្ធផល​គួរ​ជាទី​មោទនៈ ក្នុង​ការទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន​កន្លងមក​។​

​កម្ពុជា​បាន​អនុម័ត និង​កំពុង​រៀបចំ​ច្បាប់​គោល​នយោបាយ លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​ជាមួយ​នឹង​ការបង្ការ ទប់ស្កាត់​បង្ក្រាប និង​ផ្តន្ទាទោស «​អំពើ​ជួញដូរ​មនុស្ស​» រួមមាន ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ឆ្នាំ​២០០៧ ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ ឆ្នាំ​២០០៨ ក្រម​ព្រហ្ម​ទ​ណ្ណ​ឆ្នាំ​២០១០ សេចក្តីព្រាងច្បាប់​ស្តីពី «​ការ​ពពោះ​ជំនួស​» សេចក្តីព្រាងច្បាប់ និង​លិខិត​បទដ្ឋាន​នានា ព្រមទាំង​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជា​ច្រើន​ទៀត ជាមួយ​បញ្ហា​ប្រទេស​ជា​មិត្ត ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ ទាក់ទង​អំពើ​ជួញដូរ​មនុស្ស ជាពិសេស​ចំពោះ​ស្ត្រី និង​កុមារ ការសង្គ្រោះ ការ​ស្តារឡើវិញ ការ​ធ្វើ​មាតុភូមិនិវត្តន៍ និង​ការធ្វើសមាហរណកម្ម​ជនរងគ្រោះ​ដោយ «​អំពើ​ជួញដូរ​»​។​

​ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ថា ការបង្ការ​ទប់ស្កាត់ បង្ក្រាប និង​ផ្តន្ទាទោស «​អំពើ​ង​ជួញដូរ​មនុស្ស​» គឺជា​គោលនយោបាយ​ដ៏​សំខាន់ ដែល​រាជរដ្ឋាភិបាល បាន​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់ និង​បាន​អនុវត្ត​កន្លង​មក តាមរយៈ​ការផ្សព្វផ្សាយ​គ្រប់​ទម្រង់​នៃ «​អំពើ​ជួញដូរ​មនុស្ស​» តាំងពី​ថ្នាក់ជាតិ​រហូត​ដល់​ថ្នាក់មូលដ្ឋាន​។ ការប្រយុទ្ធប្រឆាំង «​អំពើ​ជួញដូរ​មនុស្ស​» លំបាក និង​ស្មុគស្មាញ គឺជា​បទល្មើស​ឆ្លងដែន​ខុសច្បាប់ និង​ជា​ឧក្រិដ្ឋកម្ម ដែល​មាន​វិសាលភាព​ទាំង​ក្នុង​តំបន់​អាស៊ាន និង​សកលលោក​។ ដូច្នេះ ដើម្បី​ប្រយុទ្ធប្រឆាំង «​អំពើ​ជួញដូរ​មនុស្ស​» នេះ​ឱ្យបាន​ទាន់ពេលវេលា ប្រទេស​សមាជិក​អាស៊ាន​-​ចិន ត្រូវ​មាន​គោលការណ៍​រួមមួយ ឯកភាពគ្នា សហការគ្នា​យ៉ាង​ជិតស្និទ្ធ ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​៕

ព័ត៌មានផ្សេងទៀត