រដ្ឋាភិបាល​ថៃ​ទំនងជា​មិន​អនុញ្ញាតិឲ្យ​លោក​សម​ រង្ស៊ី​ចូល​

06-11-2019 3:18 pm 1846

​រដ្ឋាភិបាល​ថៃ​ទំនងជា​មិន​អនុញ្ញាតិឲ្យ​លោកសម រង្ស៊ី​អតីត​ប្រធាន​អតីតគណបក្ស​សង្គ្រោះ​ជាតិ ប្រើប្រាស់​ប្រទេស​ថៃ ដើម្បី​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​នោះទេ​។ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​រៀបចំ​ធ្វើ​នៅ​រាជធានី​បាងកក លោក​ប្រា​យុទ្ធ ចាន់​អ៊ូឆា នាយករដ្ឋមន្ត្រី​ថៃ បានលើកឡើង​ពី​ទំនាក់ទំនង​របស់​ថៃ ជាមួយ​ប្រទេស​កម្ពុជា ដែលជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា ASEAN​។ លោក​ប្រា​យុទ្ធ បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាននៅថ្ងៃពុធនេះ​ថា “ យោងតាម​ការប្តេជ្ញាចិត្ត​របស់​យើង ចំពោះ​អាស៊ាន យើង​នឹងមិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​គ្នា​ទៅវិញទៅមក​ ហើយ​យើង​ក៏​នឹងមិន​អនុញ្ញាតិឲ្យ​បុគ្គល​ដែល​ប្រឆាំង​រដ្ឋាភិបាល ប្រើប្រាស់​ប្រទេស​ថៃ សម្រាប់ធ្វើ​សកម្មភាព​នោះទេ​” ។ នេះ​បើតាម​ការចុះផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន​បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃ​ពុធ​ទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ​។​

ការ​ថ្លែង​របស់លោក​ប្រា​យុទ្ធ​យ៉ាង​ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​លោក​សម រង្ស៊ី កាលពី​ថ្ងៃទី​៣១​ខែតុលា​បាន​សរសេរ​លិខិត​មួយច្បាប់ ស្នើ​លោក​ប្រា​យុទ្ធ ដើម្បី​អនុញ្ញាតិឲ្យ​លោក​ប្រើប្រាស់​ប្រទេស​ថៃ ធ្វើដំណើរ​ទៅ​ប្រទេស​កម្ពុជា​។ នៅក្នុង​លិខិត​នោះ លោក​សម រង្ស៊ី​អះអាងថា នឹង​ធ្វើដំណើរ​មកដល់​ព្រលានយន្តហោះ​សុវណ្ណ​ភូមិប្រទេស​ថៃ នៅ​ថ្ងៃទី​៨​ខែវិច្ឆិកា តាមរយៈ​ក្រុមហ៊ុន Thai Airways ជើងហោះហើរ TG 931​។ បន្ទាប់មក​លោក​នឹង​ធ្វើដំណើរ​ចូលក្នុង​ប្រទេស​កម្ពុជា តាម​ច្រក​ប៉ោយប៉ែត​។ តាម​ការគ្រោងទុក លោក​នឹង​មកដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​៕

ព័ត៌មានផ្សេងទៀត