​ធនាគារពិភពលោក​​​ផ្ដល់​ថវិកា​ជាង​១០០​លាន​ដុល្លារ​​ដល់​វិស័យ​កសិកម្ម​កម្ពុជា​​

06-11-2019 2:53 pm 134
  ស្តាប់
ស្តាប់ជាសំឡេង

​កម្ពុជា​សង្ឃឹម និង​ជឿជាក់ថា ធនាគារពិភពលោក​នឹង​បន្ត​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​ដល់​ខ្លួន ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព និង​និរន្តរភាព​ជា​ប្រយោជន៍​ដល់​កម្ពុជា សេដ្ឋកិច្ចជាតិ ប្រជាជន និង​ប្រជាកសិករ ជាពិសេស​ថ្មីៗ​នេះ ធនាគារពិភពលោក បានអនុម័ត​ជា​ផ្លូវការ​នូវ​គម្រោង​ពិ​ពិធ​កម្ម​កសិកម្ម​កម្ពុជា (CASDP) ដែល​គម្រោង​នេះ មាន​រយៈពេល​អនុវត្ត​៦​ឆ្នាំ ដែល​ទឹក​ប្រាក់ឧបត្ថម្ភ​សរុប​ជាង ១០១​លាន​ដុល្លារ​។

​លោកស្រី Dina Umali-Deininger នាយក​គ្រប់គ្រង​ផ្នែក​អាហារ និង​កសិកម្ម​សកល​ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​ថ្មី​នៃ​ធនាគារពិភពលោក បាន​ចូលជួប​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ពិភាក្សា​ការងារ​ស្តីពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​ភាគី​ទាំងពីរ​លើ​វិស័យ​កសិកម្ម​។​

​នៅក្នុង​ជំនួប​នោះ លោក វេង សាខុន បាន​អបអរសាទរ​ចំពោះ​លោកស្រី ដែល​ត្រូវបាន​ធនាគារពិភពលោក ផ្តល់​ការគាំទ្រ និង​តែងតាំង​ជា​នាយក​គ្រប់គ្រង​ផ្នែក​អាហារ និង​កសិកម្ម​សកល​ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​ថ្មី​។ លោក​សង្ឃឹម និង​ជឿជាក់ថា តាមរយៈ​លោកស្រី ធនាគារពិភពលោក នឹង​បន្ត​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​ដល់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព និង​និរន្តរភាព​ជា​ប្រយោជន៍​ដល់​កម្ពុជា សេដ្ឋកិច្ចជាតិ ប្រជាជន និង​ប្រជាកសិករ​។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រូបនេះ ក៏បាន​អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​ដែល​ធនាគា​រ​ពិភពលោក បានផ្តល់​កន្លងមកនេះ តាមរយៈ​គម្រោង​ឧបត្ថម្ភ​គាំទ្រ ដូចជា​គម្រោង​ស្តីពី​ការគ្រប់គ្រង​ធនធានទឹក ជលផល និង​វា​រី​សត្វ​ចម្រុះ​ទន្លេមេគង្គ ដំណាក់កាល​ទី​៣ សមាសភាគ​ទី​១ (M-IWRM-3) គម្រោង​ស្តីពី​ការបែងចែក​ដី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​០២ (LASED II) និង​ថ្មីៗ​នេះ​បានអនុម័ត​ជា​ផ្លូវការ​នូវ​គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា (CASDP) ដែល​គម្រោង​នេះ មាន​រយៈពេល​អនុវត្ត ៦​ឆ្នាំ (២០១៩-២០២៥) និង​ទឹក​ប្រាក់ឧបត្ថម្ភ​សរុប​ជាង ១០១​លាន​ដុល្លារ​ផងដែរ​។ 

​លោក វេង សាខុន បាន​បញ្ជាក់ថា គម្រោង​ទាំងអស់នេះ​គឺ​ពិតជា​សំខាន់ និង​បាន​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន ដល់​ការបង្កើត​ការងារ​នៅតាម​មូលដ្ឋាន លើកស្ទួយ​កម្រិតជីវភាព​គ្រួសារ​របស់​ប្រជាកសិករ កាត់បន្ថយ​ការធ្វើ​ចំណាក់ស្រុក លើកកម្ពស់​ផលិតភាព​ផលិតកម្ម​កសិកម្ម​ក្នុងស្រុក ធានា​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ កាត់បន្ថយ​ភាពក្រីក្រ ជាពិសេស​ឈានទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល​សម្រាប់​ឆ្នាំ​២០៣០ និង​២០៥០​។​

​ដោយឡែក​លោកស្រី​នាយក​គ្រប់គ្រង​ផ្នែក​អាហារ និង​កសិកម្ម​សកល​ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​ថ្មី​នៃ​ធនាគារពិភពលោក​វិញ សង្ឃឹមថា បទពិសោធន៍ និង​ការយល់ដឹង​របស់លោក​ស្រី និង​ក្រុមការងារ​នៃ​ធនាគារពិភពលោក នឹង​អាច​យកមកអនុវត្ត​ជា​ប្រយោជន៍​ដល់​ប្រជាកសិករ ហើយ​ធនាគារពិភពលោក រីករាយ​នឹង​បន្ត​ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ និង​ពេញលេញ​ជាមួយ​រាជរដ្ឋាភិបាល​ដែលមាន​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​សេនាធិការ​ដើម្បី​អភិវឌ្ឍន៍​វិស័យនេះ​ឲ្យ​កាន់រីកចម្រើន​ថែមទៀត​៕

ព័ត៌មានផ្សេងទៀត