មនុស្ស​យ៉ាងហោចណាស់​១៥​នាក់​ស្លាប់ នៅក្នុង​ការបាញ់ប្រហារ​ភាគខាងត្បូង​ប្រទេស​ថៃ​

06-11-2019 10:40 am 430

​មនុស្ស​យ៉ាងហោចណាស់ ១៥ នាក់ បាន​ស្លាប់បាត់​បង់ជីវិត និង​អ្នកស្ម័គ្រចិត្ត​ការពារ​ភូមិ​ចំនួន ៤ នាក់​ទៀត​រងរបួស ក្នុង​ការបាញ់ប្រហារ​នៅ​ពេលយប់ នៅឯ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​មួយ ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ថៃ ដែលមាន​ប្រជាជន​ភាគច្រើន​កាន់​សាសនា​អ៊ីស្លាម​រស់នៅ​។ ការបាញ់ប្រហារ​នេះ ត្រូវគេ​សន្និដ្ឋាន​ដំបូង​ថា បង្កឡើង​ដោយ​ជនសង្ស័យ ជា​ក្រុម​បះបោរ​បំបែក​ខ្លួន​។ នេះ​បើតាម​មន្ត្រី​សន្តិសុខ បាន​និយាយ​នៅ​ថ្ងៃទី​៦​ខែវិច្ឆិកា​នេះ​។​

​ក្រោយ​កើតហេតុ ក្រុម​អ្នក​វាយប្រហារ នៅ​ខេត្ត​Yala ភាគខាងត្បូង​ប្រទេស បាន​រត់គេចខ្លួន ដោយបាន​ប្រើ​គ្រឿង​ផ្ទុះ និង​ដាក់ពង្រាយ​ដែកគោល​លើ​ដងផ្លូវ ដើម្បី​ពន្យា​ពេល​អ្នក​តាម​ចាប់ខ្លួន កុំឲ្យ​ប្រមាញ់​ពួកគេ​បាននៅ​យប់​ថ្ងៃ​អង្គារ​។ ការបាញ់ប្រហារ​នេះ ត្រូវបាន​អ្នកនាំពាក្យ​សន្តិសុខ​ប្រចាំ​តំបន់​ហៅថា ជា​ការបាញ់ប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត ក្នុងពេល​ថ្មីៗ​នេះ​។ ភ្លាមៗ​មិនទាន់មាន​ក្រុម​ណា ចេញមុខ​ប្រកាសថា ជា​ថ្វីដៃ​របស់​ពួកគេ​នៅឡើយ​ទេ​។​

​ខេត្ត​Yala, Pattani និង Narathiwat ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ថៃ ធ្លាប់ជា​ដែនដី​ឯករាជ្យ​របស់ ក្រុម Malay​កាន់សាសនា​អ៊ីស្លាម មុនពេល​ដែល​រដ្ឋាភិបាល​ថៃ ចាប់​បញ្ចូល​ជា​កម្មសិទ្ធិ​របស់ខ្លួន​នៅ​ឆ្នាំ​១៩០៩​។ យូរៗ​ម្តង តែងតែមាន​អំពើហឹង្សា​ផ្ទុះឡើង បង្កដោយ​ក្រុម​បះបោរ​បំបែក​ខ្លួន នៅ​តំបន់​នេះ​។ មនុស្ស​ជិត​៧,០០០​នាក់ បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​អំពើហឹង្សា​ដែល​កើតឡើង​កាលពី​អំឡុង​ឆ្នាំ​២០០៤​។ បើទោះជា​បែបនេះ​ក្តី ក្រុម​ឧទ្ទាម​ខ្លះ នៅតែ​មិន​បោះបង់​មហិច្ឆតា​ក្រសោប​យក​ដែនដី​មួយផ្នែក ធ្វើជា​កម្មសិទ្ធិ​ឡើយ ដោយ​ក្រុម​ឧទ្ទាម​មួយចំនួន នៅ​ភាគខាងត្បូង​និយាយថា ពួកគេ​ប្រយុទ្ធ ដើម្បី​បង្កើត​រដ្ឋ​ឯករាជ្យ​មួយ​៕

 ពាក្យគន្លឹះ  ប្រទេសថៃបាញ់ប្រហារ

ព័ត៌មានផ្សេងទៀត