ក្រសួង​សុខាភិបាល ហាម​បរិភោគ​ត្រី​ទឹកសាប​៣​ប្រភេទអាច​កើត​ជំងឺមហារីក​

06-11-2019 8:51 am 11559

​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ដ្រ និង​បាណក​សាស្ដ្រ នៃ​ក្រសួង​សុខាភិបាល បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ ហាម​ដាច់ខាត កុំ​បរិភោគ​ប្រភេទ​ត្រី​ទឹកសាប​៣​ប្រភេទ ដែល​មិន​បាន​ចម្អិន ឆ្អិន​ល្អ ឬ​ឆៅ ព្រោះ​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​មហារីក​ថ្លើម ជាពិសេស មហារីក​ថង់ទឹកប្រមាត់​។ 

​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​បញ្ចប់ ស្តីពី «​គម្រោង​សិក្សា​ស្រាវជ្រាវ​ផលប៉ះពាល់​លើ​សុខភាព ដោយ​ជំងឺ​ព្រូន​ថ្លើម នៅ​កម្ពុជា និង​វៀតណាម​» កាលពី​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ដ្រ និង​បាណក​សាស្ដ្រ បានបញ្ជាក់​ថា ប្រភេទ​ត្រី​ទឹកសាប ទាំង​៣​ប្រភេទ​នោះ រួមមាន​៖ ត្រី​ស្រកា​ក្តាម ត្រី​អង្កត់​ប្រាក់ និង​ត្រី​អាចម៍​កុក មាន​បណ្តោយ​ប្រហែល ១០ ទៅ​១៥ សង់ទីម៉ែត្រ​។ ត្រី​ទាំងនេះ គឺ​មាន​ផ្ទុក​នូវ​ព្រូន​ថ្លើម ជា​ប្រភេទ​ព្រូន​សំប៉ែត ដែល​អាច​ឆ្លង​មក​មនុស្ស តាមរយៈ​ការបរិភោគ​ត្រី​ទឹកសាប​នេះ នៅ​ដែល​មិន​បាន​ចម្អិន ឲ្យបាន​ឆ្អិន​ល្អ ឬ​ឆៅ​។​

​លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល បាន​បញ្ជាក់ទៀតថា តាម​ការស្រាវជ្រាវ​ជាង ១០​ឆ្នាំ កន្លងមក របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​ដង្កូវ​ព្រូ​ន នៃ​មជ្ឈមណ្ឌល​ជាតិ ដោយ​មាន​កិច្ចសហការ​ជាមួយ​សាកលវិទ្យាល័យ​យ៉ាម៉ា​ណា​ស៊ី (University of Yamanashi) នៃ​ប្រទេស​ជប៉ុន បាន​រកឃើញថា អត្រា​ផ្ទុក នៃ​ជំងឹ​ព្រូន​ថ្លើម នៅ​កម្ពុជា មាន​ប្រមាណ​ជា​១០.១% ទៅ ៥០% ពិសេស នៅ​ខេត្ត​កំពង់ធំ កំពង់ចាម ព្រៃវែង ព្រះវិហារ និង​ស្ទឹងត្រែង​។​
​តែ​យ៉ាងណាមិញ លោក​វេជ្ជបណ្ឌិត បន្ដថា មកទល់​នឹង​ពេលនេះ មិន​មាន​រោគសញ្ញា​ជាក់លាក់​ណាមួយ ដែល​អាច​ឲ្យ​សង្ស័យ​ថា នរណា​ម្នាក់​កើត​ជំងឺ​ព្រូន​ថ្លើម​ទេ គឺមាន​តែ​ការពិនិត្យ​លាមក រក​ពង​ព្រូន​ថ្លើម​នៅក្នុង​លាមក​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​រោគវិនិច្ឆ័យ​ថា នរណា​ម្នាក់​កើត ឬ​មាន​ផ្ទុក​ព្រូន​ថ្លើម​នៅក្នុង​ខ្លួន​។​

​បច្ចុប្បន្ននេះ ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​ព្យាបាល​អ្នកមាន​ផ្ទុក​ព្រូន​ថ្លើម គឺ​ថ្នាំ​ប្រាហ្សីក​ង់​តែ​ល (Praziquantel) តែ​ការ​លេបថ្នាំ​នេះ មិនមែន​មានន័យ​ថា​នឹង​ជា​ដាច់ ឬ​ឈប់​ឆ្លង​ជំងឺ​ព្រូន​ថ្លើម​ទេ បើសិន​ជា​បុគ្គល​នោះ នៅតែ​បន្ត​បរិភោគ​ត្រី​ទឹកសាប​ប្រភេទ​តូចៗ មាន​ផ្ទុក​ពង​ព្រូន​ថ្លើម​៕

ព័ត៌មានផ្សេងទៀត