ជំងឺ​ប៉ា​វ៉ូ​វីរុស សុន​ក

05-11-2019 7:01 pm 31

ជំងឺ​ប៉ា​វ៉ូ​វីរុស សុន​ក

សញ្ញាណ ៖
​ជំងឺ​ប៉ា​វ៉ូ​វីរុស​សុនក ជា​ប្រភេទ​ជំងឺឆ្លង បង្ក​ដោយ​វីរុស​គ្រួសារ Parvoviridae អំបូរ Parvovirus លើ​ឆ្កែ ។ លក្ខណៈ​ពិសេស​នៃ​ជំងឺ​នេះ គឺ​ការ​ហូរឈាម​តាម​ពោះវៀន ដោយ​បង្ហាញ​ស្ថានភាព​រាក​លាមក​លាយ​ឈាម ។ ទន្ទឹម​នោះ វា​មាន​ការចុះ​នូវ​គោលិកា​ក្រហម ហើយ​ជា​បណ្តើរៗ បណ្តាល​ឱ្យ​មាន​ការថយចុះ​នូវ​ភាព​សុំ​ា និង​បណ្តាលឱ្យ​អត្រា​សត្វ​ស្លាប់​កើនឡើង​ខ្ពស់ ។​

​ការកើត និង​រាលដាល​ ៖
​ជំងឺ​នេះ តែង​កើត​ឡើង​ចំពោះ​កូន​ឆ្កែ​អាយុ​៦​សប្តាហ៍​ទៅដល់​៦​ខែ ពិសេស​កូន​ឆ្កែ​កំពុង​បៅ ។ នៅ​ប៉ុន្មាន​សប្តាហ៍​ដំបូង​នៃ​ជីវិត​រស់នៅ​របស់​វា កូន​ឆ្កែ​ទទួលបាន​នូវ​ភាព​សុំា​ពី​ទឹកដោះ​ដំបូង ដែល​អាច​ជួយ​ការពារ​ជំងឺ​បាន ។ បណ្តា​ភាព​សុំា​ទាំងនោះ នឹង​អស់ ពេល​ដែល​វា​មាន​អាយុ​៦-១០​សប្តាហ៍ ពោល​គឺ វា​ក៏​ជា​ពេល​កូន​ឆ្កែ​ងាយ​រង​ជំងឺ​នេះដែរ ។ វីរុស​ចូល​តាម​ផ្លូវអាហារ និង​វាយលុក​តាម​ទិសដៅ​២ កូន​កណ្តុរ និង​ភ្នាស​ពោះវៀន ។​

​រោគសញ្ញា ៖
​រយៈពេល​សំងំ​នៃ​ជំងឺ មាន​រយៈពេល ៣-៥​ថ្ងៃ គ្រុន​អាចក្តៅ​ជាង ឬ​ស្មើ​៤១​អង្សា ហើយ​វា​ចាប់​បង្ហាញ​ដោយ​រោគសញ្ញា​២​សណ្ឋាន​៖

១. សណ្ឋាន​រលាក​ក្រពះ​ពោះវៀន​៖ សត្វ​ក្អួត និង​ចង្អោរ ហើយ​រាគ​ឈាម​ស្រស់ និង​បាត់បង់​ជាតិ​ទឹក​យ៉ាង​ឆាប់រហ័ស ហើយ​សារពាង្គកាយ​ថយកម្លាំង​ធ្ងន់ធ្ងរ និង​សត្វ​ស្លាប់​យ៉ាង​ទាន់ហន់ ក្រោយពេល​មាន​ជំងឺ​នេះ​ប៉ុន្មាន​ថ្ងៃ ។ កាលណា​ឆ្កែ​រាគ​មាន​លាយ​ដោយ​ឈាម​ស្រស់ នោះ​អត្រា​ស្លាប់​កើនឡើង​រហូត​ដល់​១០០% ។​

២. សណ្ឋាន​រលាក​បេះដូង​៖ តែង​ជួប​ចំពោះ​ឆ្កែ​អាយុ​១-២​ខែ ឬ​៣-៧​សប្តាហ៍ ហើយ​ធ្វើឱ្យ​សត្វ​ស្លាប់​យ៉ាង​ទាន់ហន់ ។ កូន​ដែល​នៅ​បៅ មាន​ចេញ​សញ្ញា​ពិបាក​ដកដង្ហើម ថម​ថយកម្លាំង ហើយ​កូន​ដែល​លេច​សញ្ញា​នេះ នឹង​ស្លាប់​ក្រោយ​ពី​ចេញ​រោគសញ្ញា​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ តែ កូន​ដែល​គេចផុត​ពី​ជំងឺ​នេះ អាច​មាន​បញ្ហា​ខ្សោយបេះដូង ជាមួយគ្នានេះ វា​ក៏​លេចចេញ​នូវ​រោគសញ្ញា​រាគ និង​រលាក​សួត​ផងដែរ ។​

​រោគ​វិនិច្ឆ័យ ៖
​ឆ្កែ​មិន​ស៊ី ក្រៀមក្រំ គ្រុនក្តៅ​បន្តិចបន្តួច ឬ​ក្អួតចង្អោរ និង​រាគ​ខ្លាំងក្លា ។ លាមក​រាវ មាន​ឈាម​ឆ្អាប និង​មាន​ក្លិន​ពិសេស​ម្យ៉ាង ។ ឆ្កែ​ដេក ស្ងៀមស្ងាត់ ហើយ​ទម្ងន់​ថយចុះ ក្នុង​រង្វង់​២-៥​ថ្ងៃ ។ កូន​ឆ្កែ​ដែល​នៅ​បៅ បើ​មាន​ជំងឺ​នេះ ភាគច្រើន​រលាក​បេះដូង ហើយ​ស្លាប់​តែម្តង ។ ជំងឺ​តែង​កើត​លើ​កូន​ឆ្កែ អាយុ​៦​សប្តាហ៍ ដល់​៦​ខែ និង​មាន​លក្ខណៈ​រាលដាល​ខ្លាំង ។​

​កិច្ចការពារ​៖
​ជំងឺ​នេះ តាមពិតទៅ ពុំ​មាន​ថ្នាំ​ព្យាបាល​ទេ តែ​គេ​មាន​មធ្យោបាយ​ព្យាបាល​បន្ថែម តាមរយៈ​វិធី​តម​អាហារ និង​វិធី​ការពារ ។​

​វិធីសាស្ត្រ​តម​អាហារ​៖ រយៈពេល​២៤​ម៉ោង​ដំបូង មិន​ត្រូវ​ឱ្យ​ស៊ី​ទេ តែ​៤០​ឬ​៤៨​ម៉ោង​ប៉ុន្ទា​ប់ គប្បី​ប្រើ​ចំណី​អាហារ​ដែល​រាវៗ និង​មិន​ត្រូវឱ្យ​សត្វ​ផឹកទឹក​ពេល​វា​ក្អួត​ឡើយ ។ មិន​ត្រូវ​ឱ្យ​ឆ្កែ​ស៊ី​ចំណី​ដែល​មាន​ជាតិ​ខ្លាញ់​ឡើយ យើង​អាច​ឱ្យ​ស៊ី​ចំណី​ធម្មតា​ឡើងវិញ ពេល​ដែល​រោគសញ្ញា​នៃ​ជំងឺ​រលាយបាត់ ។​

​ការពារ​៖ ការ​ធ្វើ​អនាម័យ ដោយ​សម្អាត​កន្លែង​មាន​មេរោគ និង​ប្រើប្រាស់ Vaccine ។ ប្រើ​ពពួក Tetra dog ឬ Hexa dog ដោយ​ចាក់​លើ​ក​ទី​១ ពេល​អាយុ​បាន​៧​សប្តាហ៍ លើក​ទី​២​ចន្លោះ​ចាក់​លើ​ក​ទី​១​ប្រមាណ​១​ខែ និង​បន្ត​រៀងរាល់​ឆ្នាំ​ម្តង ៕​

ព័ត៌មានផ្សេងទៀត