អាមេរិក​ជូនដំណឹង​ផ្លូវការ​ទៅ​UN ពី​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​

05-11-2019 5:56 pm 280

​សហរដ្ឋអាមេរិក បានចាប់ផ្តើម​ដំណើរការ ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​បម្រែបម្រូល​អាកាសធាតុ​ទីក្រុង​ប៉ារី​សហើយ ដោយបាន​ជូនដំណឹង​ជា​ផ្លូវការ ទៅ​អង្គការសហប្រជាជាតិ​(UN) អំពី​ចេតនា​ចាកចេញ​។ ដំណើរការ​ចាកចេញ​ពី​កិច្ចព្រមព្រៀង​នេះ អាមេរិក​ត្រូវ​ប្រើពេល​១​ឆ្នាំ​ទើប​បញ្ចប់ ពោលគឺ​នៅ​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០២០ មួយថ្ងៃ​បន្ទាប់ពី​ការបោះឆ្នោត ដែល​លោក​ត្រាំ​រំពឹងថា នឹង​ទទួលបាន​សំឡេងគាំទ្រ ជា​ប្រធានាធិបតី​អាណត្តិ​ទី​២​។​

​ការសម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក ដែលជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក បានធ្វើឲ្យ​មានការ​ថ្កោលទោ​សពី​អ្នក​បរិស្ថាន និង​ការបង្ហាញ​នូវ​ការសោកស្តាយ​ពី​មេដឹកនាំ​ធំៗ​លើ​ពិភពលោក​។ បារាំង​និង​ជប៉ុន​បាន​ដឹកនាំ សម្តែង​ការខកចិត្ត​ជា​អន្តរជាតិ ចំពោះ​ចំណាត់ការ​នេះ​។ អ្នកនយោបាយ​មួយចំនួន នៃ​គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក ក៏បាន​ប្រឆាំងនឹង​ការសម្រេច​របស់លោក​ត្រាំ​ដែរ ខណៈ​អតីត​អនុ​ប្រធានាធិបតី​អាមេរិក​លោក Al Gore បានចាត់ទុក​ការចាក​ចេញពី​កិច្ចព្រមព្រៀង​នេះ ជា​ការបោះបង់ចោល​ភពផែនដី សម្រាប់​បំពេញ​ភាព​លោភលន់​។​

​លោក​ត្រាំ​បានប្រកាស​ដក​សហរដ្ឋ​អាមេរិក ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ទី​ក្រុងប៉ារីស​ឆ្នាំ​២០១៥ ដែលមាន​លក្ខណៈ​ប្រវត្តិសាស្ត្រ​នេះ កាលពី​ឆ្នាំ​២០១៧​។ មូលហេតុ​ដោយសារតែ ការចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ ធ្វើឲ្យ​ខាតប្រយោជន៍​អាមេរិក ដោយបាន​ដាក់បន្ទុក​សេដ្ឋកិច្ច​ដោយ​អយុត្តិធម៌ លើ​សហរដ្ឋអាមេរិក​។ សមាជិកសភា​មកពី​គណបក្ស​សាធារណរដ្ឋ​លោក Gary Palmer បាន​សរសេរ​លើ​អ៊ី​ន​ធឺ​ណេតថា "​វា​ដល់ពេល​ហើយ សម្រាប់​សហរដ្ឋអាមេរិក ក្នុង​ការចាក​ចេញពី​កិច្ចព្រមព្រៀង ដែល​ដាក់បន្ទុក​យ៉ាង​ធ្ងន់​លើ​អាមេរិក ហើយ​មិនអាច​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​បាន​" ។​

​អាមេរិក​បានសម្រេច​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ទី​ក្រុងប៉ារីស ដោយ​អតីត​ប្រធានាធិបតី​លោក​បា​រ៉ាក់ អូ​បា​ម៉ា​។ កិច្ចព្រមព្រៀង​នេះ បាន​ប្រមូលផ្តុំ​ប្រទេស​ចំនួន ១៨៨ បង្កើតឡើង​នៅ​ឆ្នាំ​២០១៥ ដើម្បី​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​។ តែ​នៅពេល​អាមេរិក​ដកខ្លួន​ចេញ គឺ​នៅសល់​១៨៧​ប្រទេស​៕

ព័ត៌មានផ្សេងទៀត