​រូបថត​លោក​សម រង្ស៊ី​​និង​បក្សពួក​ត្រូវបាន​បិទ​​ប្រកាស​តាម​ចាប់ខ្លួន​នៅតាម​ព្រំដែន​ខ្មែរ​-​ថៃ​​

05-11-2019 5:48 pm 304

​ថ្ងៃ​ប្រកាស​វិលត្រឡប់​មក​កម្ពុជា​វិញ​របស់លោក សម រង្ស៊ី និង​បក្ស​ពួកលោក ខិត​កាន់តែ​កៀក​ជិត​មកដល់ ខណៈ​សមត្ថកិច្ច​បានប្រកាស​តាម​ចាប់ខ្លួន ដោយ​យក​រូបថត​ពួកគេ​ទៅ​បិទ​នៅ​ច្រកព្រំដែន​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ និង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ជួយ​ផ្តល់ដំណឹង បើ​បានឃើញ​អ្នក​ទាំងនោះ​។

​លោក សម រង្ស៊ី ដែលជា​អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​បក្សពួក​ដទៃទៀត ត្រូវបាន​សមត្ថកិច្ច​ប្រកាស​តាម​ចាប់ខ្លួន ដោយ​បិទ​រូបថត​របស់​ពួកគេ​នៅ​ច្រកព្រំដែន​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។ ក្នុងនោះ​មានដូចជា លោក សម រង្ស៊ី​, លោកស្រី ជូ​ឡុង សូ​មូរ៉ា​, លោកស្រី មូរ សុខ​ហួរ​, លោកស្រី យក់ នាង​, លោក អេង ឆៃអ៊ាង ,​លោក ឡុង រី​, លោក អ៊ុំ សំអាន​, លោក ហូ វ៉ាន់​, លោក អ៊ូ ច័ន្ទ​ឫទ្ធិ​, លោក ម៉ែន សុថា​វ​រិន្ទ្រ​, លោក តុ វ៉ាន់​ចាន់​, លោក នុត រំដួល​, លោក ម៉ោញ សារ៉ាត់​, លោក ហៃ វណ្ណា​, លោក ម៉ន ផល្លា​,  លោក កាក់ កុម្ភា​រ​, លោក លី រតនរ​ស្មី និង អ៊ី​សា ឧស្មាន​។ 

​នគរបាល​ខេត្ត​បន្ទាយមានជ័យ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ជួយ​ផ្តល់ដំណឹង បើ​បានឃើញ​អ្នក​ទាំងនោះ​ផងដែរ​។ ជាមួយគ្នា​នោះ​រូបថត​មេដឹកនាំ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​៩​នាក់ ដែលមាន​លោក សម រង្ស៉ី ជាដើម ក៏​ត្រូវបាន​ទាហាន​ឈុតខ្មៅ​របស់​ថៃ​យកទៅ​បិទ​នៅ​ច្រកព្រំដែន​អាន​សេះ ជាប់​ព្រំដែន​ខេត្ត​ព្រះវិហារ និង​ខេត្ដ​អ៊ូរ​ប៊ុន ប្រទេស​ថៃ​ផងដែរ​។ ជា​ការកត់សម្គាល់​ការប្រកាស​តាម​ចាប់ខ្លួន​លោក សម រង្ស៊ី និង​បក្សពួក គឺ​បាន​ធ្វើឡើង​នៅ​គ្រា​ដែល​រដ្ឋាភិបាល​ហាមឃាត់​មិនឲ្យ​យន្តហោះ​ដឹក​លោក សម រង្ស៊ី ចូល​កម្ពុជា ហើយ​សមត្ថកិច្ច​រាប់ទាំង​កងទ័ព​ផង កំពុងតែ​បង្កើន​ការ​រឹតបន្តឹង​នៅតាម​ព្រំដែន ជាពិសេស​ព្រំ​ដែនកម្ពុជា​-​ថៃ​។​

​សូមបញ្ជាក់ថា នៅសល់​ប៉ុន្មាន​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ នឹង​ដល់​ថ្ងៃ​០៩​វិច្ឆិកា ដែលជា​ថ្ងៃ​កំណត់​របស់លោក សម រង្ស៊ី និង​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​វិលត្រឡប់​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា ចំ​ថ្ងៃ​នៃ​បុណ្យ​ឯករាជ្យ​ជាតិ ដែល​កម្ពុជា​ទទួលបាន​ឯករាជ្យ​ពី​បារាំង​ផងដែរ​។ រដ្ឋាភិបាល​កម្ពុជា ដែលមាន​លោក​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​វិញ បានចាត់ទុក​ការប្រកាស​វិលត្រឡប់​របស់លោក សម រង្ស៊ី និង​បក្សពួក មក​កម្ពុជា​ក្នុង​ថ្ងៃ​០៩​វិច្ឆិកា គឺ​ចង់​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល និង​របបរាជានិយម​។ រដ្ឋាភិបាល​កម្ពុជា បាន​ព្រមាន​កម្ទេច​ក្រុម​លោក សម រង្ស៊ី និង​បក្សពួក​ប្រសិនបើ​ហ៊ាន​វិលត្រឡប់​មក​កម្ពុជា​ក្នុង​ថ្ងៃនោះ​មែន​។ ជាមួយគ្នា​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បានចាត់ទុក​អ្នក​ដែល​ហ៊ាន​ចេញទៅ​គាំទ្រ​លោក សម រង្ស៊ី គឺជា​អ្នក​រួមគំនិត​ក្បត់​ដែរ​៕


 ពាក្យគន្លឹះ  លោកសមរង្ស៊ី

ព័ត៌មានផ្សេងទៀត