លោក​ស៊ី​ស​សើរ​និង​បង្ហាញ​ទំនុកចិត្ត​ខ្ពស់​លើ​មេដឹកនាំ​ហុងកុង​

05-11-2019 5:47 pm 112
  ស្តាប់
លោកស៊ី ជីនពីងចាប់ដៃជាមួយលោកស្រីខារី ឡាម
ស្តាប់ជាសំឡេង

​លោកស្រី​ខា រី​ឡា​ម​មេដឹកនាំ​ហុងកុង បាន​ជួបពិភាក្សា​ជាមួយ​លោក​ស៊ី ជី​ង​ពី​ន​ប្រធានាធិបតី​ចិន​នៅក្នុង​ទីក្រុង​សៀង​ហៃ​កាលពី​ថ្ងៃ​ចន្ទ​។ ​បើទោះបីជា​មមាញឹក​នៅក្នុង​កិច្ចប្រជុំ​នៅ​សៀង​ហៃ ជា​កន្លែង​ដែល​លោក​ប្រធានាធិបតី​ចិន​ស៊ី ជី​ង​ពី​ន​ត្រូវ​ទទួល​រាក់ទាក់​ថ្នាក់ដឹកនាំ​មួយចំនួន​ក៏ដោយ ប៉ុន្តែ​លោក​ស៊ី នៅតែ​ឆ្លៀតពេល​ដើម្បី​ជួប​ជាមួយ​លោកស្រី​ខា រី​ឡា​ម​មេដឹកនាំ​ហុងកុង​។ ក្នុងជំនួប​នោះ លោក​ស៊ី​បាន​ថ្លែងស​សើរ​លោកស្រី​ឡា​ម ចំពោះ​កិច្ចខិតខំ​ដោះស្រាយ​ការតវ៉ា​នៅក្នុង​ទីក្រុង​ហុងកុង រយៈពេល​៥​ខែ​កន្លងមក បើទោះបីជា​ចលនា​តវ៉ា​ដ៏​ខ្លាំងក្លា​នោះ មិនទាន់​បញ្ចប់​ក៏ដោយ​។ លោក​ស៊ី ទទួលស្គាល់​យ៉ាង​ពេញលេញ នៃ​ការងារ​របស់​លោកស្រី​ឡា​ម ក៏ដូចជា​ក្រុមការងារ​របស់​លោកស្រី​ទាំងមូល​។ លោក​ថា ស្រី​ឡា​ម​បាន​ខំប្រឹងប្រែង ធ្វើ​ការងារ​យ៉ាង​លំបាក និង​បាន​ព្យាយាម​ធ្វើឲ្យមាន​ស្ថិរភាព​នៅ​ហុងកុង​។ 

​យោងទៅតាម​ការចុះផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ចិន​ស៊ីនហួ លោក​ស៊ី​នៅតែ​សង្កត់ធ្ងន់ថា ការបញ្ចប់​អំពើហឹង្សា និង​ភាពវឹកវរ និង​ការស្តារ​សណ្តាប់ធ្នាប់​នៅតែ​ជា​ការងារ​សំខាន់បំផុត សម្រាប់​ហុងកុង​នាពេល​បច្ចុប្បន្ននេះ​។ លោក​ស៊ី​ក៏បាន​អំពាវនាវ​ឲ្យមាន​ការខិត​ខំប្រឹង​ប្រែងប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង នូវ​ការរស់នៅ​របស់​ប្រជាជន និង​មាន​ការជួប​សន្ទនា​ជាមួយ​គ្រប់​វិស័យ​ទាំងអស់​។​

​ការបញ្ជាក់​ជំហរ រិត​ចំណង​ឥត​ងាករេ របស់​ប្រធានាធិបតី​ចិន​និង​មេដឹកនាំ​ហុងកុង​នាពេលនេះ បន្ទាប់ពី​មាន​របាយការណ៍​បង្ហាញ​ថា ទីក្រុង​ប៉េកាំង​គ្រោង​ដក​លោកស្រី​ឡា​ម​ចេញ ដោយសារតែ​មាន​ការតវ៉ា ប្រឆាំង​រដ្ឋាភិបាល​ជាច្រើន​ខែ ធ្វើឲ្យ​ទីក្រុង​ហុងកុង​រងគ្រោះ​។ នេះ​បើតាម​កាសែត The Financial Times​។ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ច្រានចោល​របាយការណ៍​នេះ​ថា ជា​ពាក្យ​ច​ចាម​អារាម​នយោបាយ​មួយ​ប៉ុណ្ណោះ​។​

​លោកស្រី​ឡា​ម មេដឹកនាំ​ហុងកុង​ត្រូវ​បានជ្រើសរើស ដោយ​គណៈកម្មាធិការ​បោះ​ឆ្នោត ដែលមាន​សមាជិក ១,២០០ នាក់ ភាគច្រើន​គាំទ្រ​ក្រុង​ប៉េកាំង នៅ​ឆ្នាំ​២០១៧​។ លោកស្រី​ឡា​ម​ពុំ​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​ហុងកុង ដែល​និយម​លទ្ធិប្រជាធិបតេយ្យ​ឡើយ​។ ចលនា​តវ៉ា​ដែល​ធ្វើឡើង​រៀងរាល់​ចុង​សប្តាហ៍ និង​ចាប់ផ្តើម​តាំងពី​ខែមិថុនា​មក​នោះ ក៏មាន​ការទាមទារ​ឲ្យ​មេដឹកនាំ​ស្ត្រី​រូបនេះ ចុះ​ចេញពី​តំណែង​ផងដែរ​៕

ព័ត៌មានផ្សេងទៀត