លោក​ថោង ខុន​​៖​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​​ពិតជា​ដើរតួនាទី​សំខាន់​​ក្នុង​ការផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​​

05-11-2019 11:21 am 39

​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា ការពង្រឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ពិសេស​តាមរយៈ​ប្រព័ន្ធ​ឌីជីថល ពិតជា​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការចូលរួម​ផ្សព្វផ្សាយ ពី​សក្តានុពល​ទេសចរណ៍​កម្ពុជា ក៏ដូចជា​រួមចំណែក​ជំរុញ​កំណើន និង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ដោយបាន​ចូលរួម​អប់រំ​ប្រជាជន​ឱ្យបាន​យល់ដឹង​អំពី​វិស័យ​ទេសចរណ៍​។​លោក​បានលើកឡើង​ដូចនេះ នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​គេហទំព័រ និង​កម្មវិធី​ទូរស័ព្ទ​វៃ​ឆ្លាត នៃ​ទេសចរណ៍​ក្នុងស្រុក Visit Cambodia និង​ការអនុវត្ត​ការចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍​អន​ឡាញ សម្រាប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ដែល​បាន​រៀបចំឡើង​នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប នា​ថ្ងៃទី​០៤ ខែវិច្ឆិកា​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ទៀតថា សេដ្ឋកិច្ច​ឌីជីថល បាននិងកំពុង​ធ្វើឱ្យ​របៀបរបប​ធ្វើ​ការងារ មាន​ភាព​ផ្លាស់ប្តូរ​ជាច្រើន នៅតាម​បណ្តា​ឧស្សាហកម្ម​នានា ដូចជា​សេវាកម្ម​ហិរញ្ញវត្ថុ សេវាកម្ម​សុខភាព សេវាកម្ម​ទេសចរណ៍ សេវាកម្ម​កម្សាន្ត មធ្យោបាយ​ដឹកជញ្ជូន បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង​។​ផ្អែកលើ​ស្មារតី​នេះ វិស័យ​ទេសចរណ៍​ក៏​ត្រូវធ្វើ​ការសិក្សា និង​ពង្រីក​បន្ថែម​ទីផ្សារ​ទេសចរណ៍​ឱ្យ​កាន់តែ​ទូលាយ តាមរយៈ​ការជំរុញ​ឱ្យមាន​ការបង្កើត​ផលិតផល​ទេសចរណ៍ ដែលមាន​គុណភាព និង​ទាក់ទាញ​។​ជាពិសេស​ជំរុញ​ការផ្សព្វផ្សាយ​ទេសចរណ៍​តាមរយៈ​ប្រព័ន្ធ​ឌីជីថល ដែល​ផ្តល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ ក្នុង​ការស្វែងរក​ព័ត៌មាន​អំពី​គោលដៅ​ទេសចរណ៍​នានា​នៅ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី​បន្តទៀតថា តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេសចរណ៍​នេះ ក៏បាន​ចូលរួម​អប់រំ​ដល់​ប្រជាជន​កម្ពុជា ឱ្យបាន​យល់ដឹង​អំពី​អត្ថប្រយោជន៍ ដ៏​មានតម្លៃ​នៃ​វិស័យ​ទេសចរណ៍ ពោលគឺ​អត្ថប្រយោជន៍​នេះ មិន​ត្រឹមតែ​បាន​ផ្សព្វផ្សាយ ទៅដល់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ទៅដល់​ភ្ញៀវទេសចរ​ដទៃទៀត តាមរយៈ​ការទទួលបាន​បទពិសោធ​ន៍ ការទទួល​ស្វាគមន៍ ពិសេស​ការប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ប្រជាជន​មូលដ្ឋាន​កាន់តែ​ប្រសើរ​៕

ព័ត៌មានផ្សេងទៀត