ជាដំណើរទស្សនកិច្ចដើម្បីពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ លើវិស័យវប្បធម៌ សិល្បៈ អប់រំ ព័ត៌មាន និងផ្សព្វផ្សាយរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម ដែលជាប្រយោជន៍ក្នុងនាមប្រទេសជិតខាង ក៏ដូចជាក្នុងក្របខ័ណ្ឌអាស៊ាន។ ដំណើរទស្សនកិច្ចនេះដឹកនាំដោយលោកឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន រួមនឹងប្រតិភូអ្នកសារព័ត៌មានជាយុវជន និងមន្ត្រីព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជាជិត៣០រូប មកពីអង្គភាពផ្សេងៗគ្នា។
គោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីចូលរួមក្នុង"ពិធីផ្លាស់ប្តូរបទពិសោធន៍ផ្នែកវប្បធម៌សម្រាប់អ្នកសារព័ត៌មានវ័យក្មេង យុវជន និងនិស្សិត" ដែលមានប្រតិភូផ្នែកសារព័ត៌មានចំនួន២៨រូប និងយុវជន និស្សិតប្រមាណ៦០រូបផ្សេងទៀតមកពីក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានធ្វើឡើងនៅខេត្ត តៃនិញ និងទីក្រុងហូជីមិញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ វិច្ឆិកា។ កម្ពុជា និងវៀតណាមមានវប្បធម៌ដោយឡែកៗ និងពិសេសរៀងៗខ្លួន ដូច្នេះការស្វែងយល់ និងការផ្លាស់ប្តូរបទពិសោធន៍លើវិស័យនេះ ពិតជាធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរ ពិសេសយុវជនកាន់តែយល់គ្នា និងរស់នៅភូមិផងរបងជាមួយគ្នា ប្រកបដោយសុខដមរមនា។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការអញ្ជើញពីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយ:ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ដោយសហការជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមរយ:ក្រសួងព័ត៌មាន៕