វិធី​ផលិត​ជីកំប៉ុស្ត​ទឹកពី​កាកសំណល់​ផ្ទះបា​យ​និង​ស្ករត្នោត​

04-11-2019 9:15 pm 77

​ចំពោះ​ជីកំប៉ុស្ត​ទឹក​ប្រភេទ​នេះ នឹង​ជួយ​បំប៉ន​ទៅលើ​ដំណាំ​ដូចជា ផ្ទី ត្រកួន ជី ខ្ទឹម​ស្លឹក សណ្តែក ជាដើម ។​

​យោង​តាម​កសិករ ភិន រ៉ា​ន់ រស់នៅ​ភូមិ​កញ្ជាង ឃុំ​កុមារ​រាជា ស្រុក​បាទី ខេត្តតាកែវ ស្រង់​សម្តី​ដោយ​ទស្សនា​វ​ដ្តី​កសិករ ជី​ធម្មជាតិ របស់រ​អង្គការ​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា (CEDAC) ឱ្យដឹងថា ក្រោយ​ប្រើប្រាស់ ជីកំប៉ុស្ត​ទឹក​ដែល​អ្នកស្រី​ផ្សំ​ឡើង​នេះ ដំណាំ​របស់​អ្នកស្រី ចាប់ផ្តើម​ប្រែ​ពី​ពណ៌​លឿង ទៅ​ជា​ពណ៌​បៃតង ពិសេស​ដំណាំ​មានការ​ដុះ​លូតលាស់​ស្ទុះ​លឿន ។​

​ខាងក្រោម​នេះ ជា​បទពិសោធន៍​នៃ​ការ​ផ្សំ ផលិត​ជី​ទឹក​របស់​កសិករ ភិន រ៉ា​ន់ ។​

១.​ធាតុ​ផ្សំ ៖
- ស្ករត្នោត ១​គីឡូក្រាម​
- កាកសំណល់​ផ្ទះបាយ ៣​គីឡូក្រាម ពិសេស​ឆ្អឹង​ត្រី បន្លែ បាយ ជាដើម​
- បាយ​កក ៣​ចានបាយ​
- ទឹក ១០​លីត្រ​

២.​វិធី​ផ្សំ ៖
- យក​ស្ករត្នោត កាកសំណល់​ផ្ទះបាយ និង​បាយកក ដាក់​ច្របល់​បញ្ចូល​គ្នា​ក្នុង​កូន​ពាង 
- បន្ទាប់មក ចាក់ទឹក​ចូល កូរ​ឱ្យ​សព្វ​ជាមួយគ្នា ហើយ​យក​ស្បៃ​ប្រហោង​គ្រប​កុំឱ្យ​មាន​ក្លិន​ជះ​មក​ខាងក្រៅ​
- ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃ ត្រូវ​បើក​គម្រប​កូរ​ធាតុ​ផ្សំ​ទាំង​នោះ​ម្តង​
- ត្រូវ​ត្រាំ​ទឹក​ជី​នេះ ទុក​ក្នុង​រយៈពេល​ចាប់ពី​២០-៣០​ថ្ងៃ 
- អាច​យក​ទឹក​ជី​នេះ ទៅ​ប្រើប្រាស់​បាន នៅពេល​ដែល​ទឹក​ជី​បន្ថយ​ក្លិនស្អុយ និង​ទឹក​ប្រែជា​ពណ៌​ទឹកតែ 

៣.​វិធី​ប្រើ ៖
- ត្រូវ​យក​ទឹក​ជីកំប៉ុស្ត​១​លីត្រ លាយ​ជាមួយ​ទឹក​ធម្មតា​១០​លីត្រ ស្រោច​លើ​ដំណាំ​ក្នុង​រយៈពេល​៤-៥​ថ្ងៃ​ស្រោច​ម្តង​
- ការ​ស្រោច​ធ្វើ​នៅ​ពេល​ល្ងាច មាន​អាកាសធាតុ​ត្រជាក់​
- ទឹក​ជីកំប៉ុស្ត​នេះ អាច​រក្សា​ទុក​បាន​រយៈ​ពេល​ចាប់ពី ៣​ទៅ​៤​ខែ​ប៉ុណ្ណោះ ។​

​គូសបញ្ជាក់ថា បើ​តាម​ការបញ្ជាក់​ពី​កសិករ ភិន រ៉ា​ន់ បានឱ្យដឹងថា បើសិនជា​មាន​សត្វល្អិត​បំផ្លាញ​ដំណាំ​ច្រើន យើង​អាច​ដាក់​បន្ថែម​ផ្លែ​ស្លាក់ ឬ​ផ្លែ​ក្តួច​ចំនួន​១​គីឡូក្រាម ត្រាំ​ជាមួយ​ទឹក​ជី​ខាងលើ ដែល​នេះ នឹង​អាច​ជួយ​កម្ចាត់​សត្វល្អិត និង​ធ្វើឱ្យ​ដំណាំ​ដុះ​លូតលាស់​បានល្អ ៕

ព័ត៌មានផ្សេងទៀត