ជំងឺ​អាសន្នរោគ​សុន​ក

04-11-2019 9:04 pm 132

ជំងឺ​អាសន្នរោគ​សុន​ក (Carrhe or Canine Distemper)

​សញ្ញាណ ៖
​ជំងឺ​អាសន្នរោគ​សុន​ក ជា​ប្រភេទ​ជំងឺឆ្លង តែង​កើត​ឡើង​ចំពោះ​កូន​ឆ្កែ​អាយុ​២-១២​ខែ ពិសេស​អាយុ​៣-៤​ខែ និង​សត្វ​ស៊ីសាច់​ជា​ហា​រ ប្រភេទ​សត្វព្រៃ ដែល​បង្ក​ដោយ​វីរុស​ក្នុង​គ្រួសារ Paramyxoviridae ។​

​លក្ខណៈ​ពិសេស​នៃ​ជំងឺ​នេះ គឺ​រាលដាល​យ៉ាង​រហ័ស និង​ខ្លាំងក្លា ដោយ​បង្ក​ឱ្យឃើញ​នូវ​សភាព ដូចជា គ្រុ​នក្តៅ រលាក​សួត រលាក​ពោះវៀន និង​មាន​លេចចេញ​នូវ​កន្ទួល​ក្រហម និង​ខ្ទុះ​លើ​តំបន់​ស្បែក​ស្តើង ហើយ​ដំណាក់កាល​ចុងក្រោយ មាន​លេចចេញ​នូវ​សញ្ញា​ប្រសាទ ។​

​កាលណា​ជំងឺ​នេះ មាន​រួមផ្សំ​ជាមួយ​ពពួក​បាក់តេរី ឬ​បរាសិត​ភ្នាស​ផ្លូវដង្ហើម ឬ​រំលាយ​អាហារ នោះ​វា​នឹង​ធ្វើឱ្យ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ ។​

​ចលនា​បង្ក​ជំងឺ ៖ ផ្លូវ​ចម្លងជំងឺ​ដ៏​សំខាន់ គឺ​ផ្លូវដង្ហើម ឬ​ការប៉ះពាល់​ផ្ទាល់​រវាង​សត្វ​ឈឺ និង​សត្វ​ជា ។​

​រោគសញ្ញា ៖
​ដំណាក់កាល​សម្ងំ​៖ ដំណាក់កាល​នេះ ប្រែប្រួល​ពី​៣​ទៅ​៨​ថ្ងៃ ហើយ​អាច​លេចចេញ​នូវ​សញ្ញា រលាក​ភ្នាសសើម រលាក​ច្រមុះ ហូរ​សំបោរ​រាវ​ថ្លា រហូត​ដល់​ខាប់ ហើយ​ជា​បណ្តើរៗ មាន​ខ្ទុះ​ជាដើម ។​

​ដំណាក់កាល​ស្រួចស្រាល់​ខ្លាំង​៖ លេចចេញ​នូវ​សភាព​គ្រុន ក្តៅ​ខ្លាំង​នៅ​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៦ ក្រោយ​មេរោគ​ជ្រាបចូល ហើយ​អាច​អូសបន្លាយ​ថែម​២​ថ្ងៃ​ទៀត ។ បន្ទាប់មក គ្រុនក្តៅ​ថយចុះ ហើយ​ក៏​ចាប់ផ្តើម​គ្រុនក្តៅ​លើក​ទី​២ និង​អូសបន្លាយ​រហូត​ដល់​ស្លាប់ ។ ភ្នែក មាន​ពពឺក​ច្រើន ហើយ​មាន​ផ្តូត​ខ្ទុះ​លើ​ពោះ ឬ​ស្បែក​ស្តើង ។

វិបល្លាស​ប្រព័ន្ធ​ដង្ហើម​៖ ពិបាក​ដកដង្ហើម រន្ធ​ប្រ​ចុះមាន​ឈាម រួម​ជាមួយ​បាតុភូត​រលាក​សួត​ផង ។

វិបល្លាស​ផ្លូវអាហារ​៖ រា​ករាវ ឆ្អាប ពណ៌​ត្នោត​មាន​លាយ​ឈាម ឬ​លាយ​ជាមួយ​ភ្នាស​ព្រោះ​វៀន​ដែល​ដាច់​មក ។ សញ្ញា​ប្រសាទ​៖ រលាក​ខួរក្បាល ស្ពឹក ខ្វិន ឬ​ប្រកាច់​កន្ត្រាក់ ។​

​លក្ខណៈ​ស្រួចស្រាល់​៖ សញ្ញា​ដង្ហើម​និង​អាហារ​មិន​លេច​ចេញ​មក​ទេ រហូត​ដល់​សប្តាហ៍​ទី​២ ឬ​ទី​៣ ទើប​លេច​ចេញ ប៉ុន្តែ​វា​លេច​ចេញ​មុន​សញ្ញា​ប្រសាទ ហើយ​ទន្ទឹម​នោះ មាន​ចេញ​សញ្ញា​រឹង ឬ​ហើម​ថ្លើម​បាតជើង ។ សញ្ញាវិបល្លាស​ផ្លូវ​រំលាយ​អាហារ តែង​កើត​ចំពោះ​សុនក​អាយុ​២-៥​ខែ ហើយ​វិបល្លាស​ផ្លូវដង្ហើម ច្រើន​កើតឡើង​លើ​សុនក​អាយុ​៦-១២​ខែ ឬ​ពេញវ័យ ។​

​កិច្ចការពារ និង​ព្យាបាល ៖
​វា​បង្ក​ដោយ​វីរុស ហេតុនេះ មធ្យោបាយ​ព្យាបាល ពិតជា​លំបាក ឬ​ហាក់ដូចជា​គ្មាន តែ​យើង​អាច​បង្អន់ ឬ​សម្លាប់​បាក់តេរី​ដែល​មាន​វត្តមាន​គាប​មក​ជាមួយ ដោយ​បង្ក​ឱ្យ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ ។ ជំងឺ​នេះ គ្មាន​វិធី​ណា​ព្យាបាល​ជោគជ័យ​ទាំងស្រុង​ឡើយ យក​ល្អ គប្បី​ថែទាំ និង​អនាម័យ ។​

​តាម​សភាព​ជាក់ស្តែង ជំងឺ​នេះ ត្រូវ​អនុវត្ត​វិធានការ​២​ស្របគ្នា គឺ​ការចាក់ Vaccine និង​រក្សា​អនាម័យ ។ ត្រូវ​ប្រញាប់​ចាក់ Vaccine ពេល​នៅ​តូច អាយុ​៧​សប្តាហ៍ ឬ​លើក​ទី​១​ហើយ លើក​ទី​២​នៅ​ថ្ងៃ​ទី​២១ ឬ​៣០ ក្រោយពេល​ចាក់​លើ​ក​ទី​១ ៕

ព័ត៌មានផ្សេងទៀត