តិច​និក​ការពារ​កូន​ល្ហុង​កុំឱ្យ​មាន​ផ្ទុះឡើង​នូវ​ជំងឺ​ផ្សេងៗ​

04-11-2019 8:12 pm 265

​ល្ហុង ជា​ប្រភេទ​ដំណាំ​ហូប​ផ្លែ​មួយ​ប្រភេទ ដែល​ងាយស្រួល​ដាំ​ដុះ និង​ថែទាំ តែ​បើ​សិន​ជា​កសិក​រពុំ​បាន​ដឹង​ច្បាស់​អំពី​វិធីសាស្ត្រ​ដាំ​ដុះ និង​ថែទាំ​ឱ្យ​ត្រូវ​បាន​ក្បួនខ្នាត​ទេនោះ នឹង​ធ្វើឱ្យ​ល្ហុង​ផ្តល់​នូវ​ផល​មិនបាន​ល្អ​ដូច​ការគ្រោងទុក​ឡើយ ។​

​យោងតាម​គេហទំព័រ​របស់ លោក យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម​បាន​ឱ្យដឹង​ពី​វិធី​ដាំ​ដុះ​ល្ហុង​ឱ្យ​លូតលាស់​ល្អ និង​អាច​ការពារ​ដល់​បញ្ហា​ធំៗ​ចំនួន​ពីរ​ដែល​កើតឡើង នោះ​គឺ​ការ​ជាំ​ទឹក និង​ការ​ផ្ទុះឡើង​នូវ​ជំងឺ​ផ្សេងៗ ។ បច្ចេកទេស​ទាំងនោះ ត្រូវបាន​បង្ហាញ​តាម​ដំណាក់កាល​ដូចខាងក្រោម ៖

១.​ការដាំដុះ​
- រៀបចំ​ទីតាំង​ដាំ​ល្ហុង​ដែល​មិន​ជាំ​ទឹក ឬ​បើ​ជាំ​ទឹក ត្រូវ​លើកដី​ឱ្យ​ខ្ពស់​ជាមុន ឬ​ត្រូវ​ធ្វើ​ចង្អូរ​បង្ហូរទឹក​ខ្វាត់ខ្វែង ដើម្បី​បញ្ចៀស​ទឹក​ជាយថាហេតុ ដូចជា​ករណី​ទឹកភ្លៀង​ជាដើម​
- ត្រូវ​រើស​កូន​ល្ហុង​ដែល​ថ្លោសៗ​ល្អ ទុក​សម្រាប់​យក​មក​ដាំ 
- ត្រូវ​កាប់​បំផុសដី​ទំហំ​៣​តឹក​៤​ជ្រុង និង​មាន​ជម្រៅ​ប្រមាណ​២-៣​តឹក និង​ត្រូវ​ច្របល់​ដី​ជាមួយ​ជីកំប៉ុស្ត​ដែល​លាយ​កាច់​គ្នា​ល្អ​
- យក​កូន​ល្ហុង​ដែល​ជ្រើសរើស​រួចរាល់ ទៅ​ដាំ​នៅ​ពេល​ល្ងាច ព្រោះ​វា​មាន​អាកាសធាតុ​ត្រជាក់ មិន​ធ្វើឱ្យ​កូន​ល្ហុង​អន់​ដើម​
- នៅ​ពេល​ដាំ​រួចរាល់ ត្រូវ​ដោត​បង្គោល​ចង​កូន​ល្ហុង​ផ្អោប​ឱ្យ​ជាប់ ចៀសវាង​ខ្យល់​បក់បោក ធ្វើ​ឱ្យ​កូន​ល្ហុង​ពិបាក​ចាប់​ឫស ចាប់​ឫស​មិនបាន​ល្អ ឬ​ងាប់​ជាដើម​
- បន្ទាប់​ពី​ដាំ​បាន​២-៣​សប្តាហ៍ ត្រូវធ្វើ​ជើង​កូន​ល្ហុង និង​ដាក់​ជីកំប៉ុស្ត​បន្ថែម បន្ទាប់មកទៀត ត្រូវធ្វើ​ជើង​ជាប្រចាំ ក្នុង​រយៈពេល​១​ខែម្តង 

២.​ការថែទាំ​
- នៅពេល​ល្ហុង​ធំ ត្រូវ​ឧស្សាហ៍​ដើរ​កាច់​ធាង ស្លឹក​ណា​ដែល​ចាស់ៗ ចោល ជា​ធាង​ស្លឹក​ដែល​មាន​ពណ៌​លឿង ដើម្បី​ឱ្យ​វា​ស្រឡះ ដើម​អាច​ទទួលបាន​ពន្លឺ​គ្រប់គ្រាន់ 
- យក​អង្កាម​ទៅ​ដុត បន្ទាប់មក​យក​ផេះ​អង្កាម​នោះ ទៅ​ត្រាំ​ជាមួយ​ទឹក​ក្នុង​រយៈពេល​១​យប់ ហើយ​យក​ទឹក​ផេះ​នោះ ទៅ​លាយ​ជាមួយ​ទឹក​ធម្មតា សម្រាប់​បាញ់​ទៅ​លើ​ដើម​ល្ហុង និង​ដី ដើម្បី​ការពារ​ជំងឺ​ដង្កាត់​ផ្សេងៗ​ដែល​អាច​នឹង​មក​បៀតបៀន​ដើម​ល្ហុង​
- មិន​ត្រូវ​ដាំ​ល្ហុង​តែមួយ​មុខ​នៅ​លើ​ដី​ទេ ត្រូវ​ដាំ​ចម្រុះ ឬ​ឆ្លាស់​ជាមួយ​ដំណាំ​ផ្សេងៗ​ទៀត ដូច​ជា​ដំណាំ​ចេក​ជាដើម  ដើម្បី​ការពារ​កត្តាចង្រៃ​ផ្សេងៗ ៕​

ព័ត៌មានផ្សេងទៀត