តិច​និក​ផលិត​ជីកំប៉ុ​ស្តទឹក មាន​ប្រសិទ្ធភាព​លើ​ដំណាំ​បន្លែ​

04-11-2019 7:56 pm 101

​ជី​ទឹក ត្រូវបាន​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព សម្រាប់​ស្រោចស្រព​ទៅលើ​ប្រភេទ​ដំណាំ​បន្លែ ដូចជា ស្ពៃ​គ្រប់​ប្រភេទ ជី​គ្រប់មុខ ម្រះ ននោង សណ្តែង ជាដើម ។​ល​។ 

​យោងតាម​បទពិសោធន៍​របស់​កសិក​រ ស៊ឹម ច​ន្ធូ រស់នៅ​ភូមិ​ត្រពាំង​ស្រ​ង៉ែ ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​ត្រូវបាន​ដកស្រង់​ដោយ​ទស្សនា​វ​ដ្តី​កសិក​ររបស់​អង្គការ​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា (CEDAC) បានឱ្យដឹងថា ជី​ប៉ុស្តទឹ​កនេះ មាន​ប្រសិទ្ធភាព​ជួយ​ឱ្យ​បន្លែ​ដុះ​លូតលាស់​ល្អ ។​

​ក្រោយ​បាន​ប្រើប្រាស់​ទឹក​ជី​នេះ​មួយរយៈ ដំណាំ​បន្លែ​បាន​ប្រែ​ដុះ​លូតលាស់​ល្អ​ខុសពី​ធម្មតា ស្លឹក​ធំ ដើម​រឹងមាំ ស្លឹក​ប្រែ​ពី​ពណ៌​លឿង​មក​បៃតង រីឯ​ការលូតលាស់ មាន​សន្ទុះ​លឿន មិន​ក្រិន ហើយ​មិន​សូវ​មាន​សត្វល្អិត​បំផ្លាញ​ច្រើន ពិសេស​បន្លែ​មាន​រសជាតិ​ឆ្ងាញ់​ជាង​មុន បើ​ធៀប​នឹង​ការ​មិន​បាន​ស្រោច​ជី​ទឹក ។ 

​ខាងក្រោម​នេះ ជា​បទពិសោធន៍​នៃ​ការ​ផ្សំ ផលិត​ជី​ទឹក​របស់​កសិករ ស៊ឹម ច​ន្ធូ ។​

១.​ធាតុ​ផ្សំ ៖
- ស្លឹក​អង្កាញ់​ស្រស់ ចាស់ ឬ​ខ្ចី ចំនួន​៣,៥​គីឡូក្រាម​
- ស្លឹក​ទន្ទ្រានខែត្រ​ចំនួន ៥​គីឡូក្រាម​
- លាមក​មាន់​ចំនួន ២​គីឡូក្រាម​
- ទឹកនោម​មនុស្ស ឬ​សត្វ​គោ​ចំនួន ១៥​លីត្រ ។​

២.​វិធី​ផ្សំ ៖
- យក​ស្លឹក​អង្កា​ញ់ និង​ទន្ទ្រានខែត្រ​មក​ចិញ្ច្រាំ​ឱ្យ​តូចៗ​ល្មម​
- យក​លាមក​មាន់ មក​ហាន់​ឱ្យ​ម៉ដ្ឋ ឬ​ប្រើ​ឧបករណ៍​កិន​ឱ្យ​ម៉ដ្ឋ​ក៏​រឹតតែ​ប្រសើរ​
- យក​ស្លឹក​ទន្ទ្រានខែត្រ និង​ស្លឹក​អង្កាញ់​ដែល​ចិញ្ច្រាំ​រួចរាល់ ច្របល់​ជាមួយ​លាម​កមាន់​ឱ្យ​សព្វ​
- យក​សារធាតុ​ទាំងអស់​ដែល​ច្របល់​បញ្ចូល​គ្នា​រួចរាល់​ទាំងនោះ ទៅ​ដាក់​ក្នុង​ពាង ញាត់​ឱ្យ​ហាប់​ល្មម​
- បន្ទាប់មកទៀត ត្រូវ​យក​ថង់ប្លាស្ទិក​គ្របពីលើ ចង​មាត់​ឱ្យ​ជិត ដោយ​មួយថ្ងៃ ត្រូវ​បង្ហើប​ម្តង តែ​មិន​ត្រូវ​កូរ​ទេ 
- ត្រូវ​រក្សា​ពាង​ដែល​ដាក់​បញ្ចូល​ធាតុ​ផ្សំ​ទាំងនោះ នៅក្រោម​ម្លប់ឈើ ឬ​ម្លប់​ផ្សេងៗ រហូត​ដល់​រយៈពេល​២​ថ្ងៃ 
- បន្ទាប់​ពី​គ្រប់​រយៈពេល​២​ថ្ងៃនេះ​ហើយ ត្រូវ​យក​ទឹកនោម​មនុស្ស​ឬ​ទឹកនោម​សត្វ​គោ ចាក់​ចូលទៅក្នុង​ពាង​ផ្អាប់​នោះ ទុក​រយៈពេល​១៥​ថ្ងៃ ទើប​អាច​យក​ទៅ​ប្រើប្រាស់​លើ​ដំណាំ​បាន ។ ក្នុង​រយៈ​រក្សា​ទុក​នោះ ត្រូវ​បើក​គម្រប​ពាង​កូរ​២​ថ្ងៃ​ម្តង ដើម្បី​ឱ្យ​ជី​ឆាប់​កាច់ ។​

៣.​វិធី​ប្រើ ៖
- ត្រូវ​យក​ទឹក​ជី​មួយ​កំប៉ុង​អង្ករ លាយ​ជាមួយ​ទឹក​ធម្មតា​១០​លីត្រ ស្រោច​រយៈពេល​៣​ថ្ងៃ​ម្តង ដោយ​ប្រើ​ធុង​ផ្កាឈូក ។​
- ក្រោយ​ពី​ស្រោច​ទឹក​ជី​នេះ​ភ្លាម ត្រូវ​ស្រោច​ទឹក​ធម្មតា​ពីលើ​មួយ​សារ​ទៀត ។ ធ្វើ​ដូចនេះ ដើម្បី​កុំឱ្យ​ដំណាំ​រលួយ​បណ្តូល​ដោយសារ​ទឹក​ជី​ដក់​ជាប់​បណ្តូល ៕

ព័ត៌មានផ្សេងទៀត