លោកខៀវសុភ័គថាកងកម្លាំងត្រៀមរួចហើយ ដើម្បីចាប់ខ្លួនអតីតមេបក្សប្រឆាំង

04-11-2019 4:48 pm 592

លោកសម រង្ស៊ី អតីតមេដឹកនាំនៃអតីតគណបក្សប្រឆាំង មុនគម្រោងត្រឡប់មកកម្ពុជា៥ថ្ងៃ បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធកុំស្ដាប់បទបញ្ជារបស់រដ្ឋាភិបាល ហើយមកចុះចូលជាមួយក្រុមរបស់លោក ដែលគ្រោងវិល ត្រឡប់មកកម្ពុជានាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាង ថា កងកម្លាំងនគរបាលទូទាំងប្រទេសបានត្រៀមខ្លួនរួចហើយ ដើម្បីចាប់ខ្លួនអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំង នៅពេលវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ។ 

លោកសម រង្ស៊ី បានថ្លែងក្នុងវីដេអូដែលផ្សព្វផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកានេះ ថា ផែនការនៃការវិលត្រឡប់របស់អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ មិនមានការប្រែប្រួលនោះទេ ហើយរូបលោកនឹងទៅ ដល់ប្រទេស កម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា។ អតីតមេបក្សប្រឆាំងរូបនេះ បានថ្លែងបន្ត ថា ទោះបីរដ្ឋាភិបាលកម្ពុជា ចេញវិធានការទប់ស្កាត់ការវិលត្រឡប់របស់លោកទៅកម្ពុជា តាមរយៈការដាក់ពង្រាយកងកម្លាំងចម្រុះនៅតាមច្រកទ្វារព្រំដែន និងហាមកុំក្រុមហ៊ុនអាកាសចរណ៍ដឹករូបលោកក៏ដោយ ក៏លោកសម រង្ស៊ី អះអាងថា រូបលោកនឹងរកមធ្យោបាយវិល ទៅកាន់ប្រទេសកម្ពុជាឲ្យទាល់តែបាន។

ក្នុងសារជាវីដេអូដដែលនេះលោកសម រង្ស៊ី បានថ្លែងអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ កុំស្ដាប់បទបញ្ជារដ្ឋាភិបាល ហើយចុះចូលជាមួយក្រុមរបស់លោក ដែលគ្រោងវិលត្រឡប់ទៅកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ ។ បន្ថែមពីលើនេះទៀតលោកសម រង្ស៊ី បានសន្យាថានឹងផ្ដល់ដំឡើងឋានន្តរស័ក្តិ និងដំឡើងប្រាក់ខែដល់កងកម្លាំងណា ដែលផ្ដាច់ខ្លួន នៅពេលក្រុមរបស់លោកដឹកនាំរដ្ឋាភិបាល។

អតីតមេបក្សប្រឆាំងរូបនេះ បានថ្លែងយ៉ាងដូច្នេះ ថា”ខ្ញុំសូមធានាថា បងប្អូនកូនក្មួយ ដែលបានការពារប្រជារាស្រ្ដ ហើយចូលរួមការតស៊ូជាមួយប្រជារាស្រ្ត ហើយដណ្ដើមបាននូវលទ្ធិប្រជាធិបតេយ្យ ជូនប្រជារាស្រ្តនោះ យើង មិនត្រឹមតែរក្សាតំណែងបងប្អូនកូនក្មួយ មិនត្រឹមតែរក្សាឋានន្តរស័ក្តិនោះទេ គឺត្រូវតែលើកកម្ពស់ ផ្ដល់តំលៃ ចំពោះតំណែងដែលបងប្អូនកូនក្មួយ ក្នុងជួរកងកម្លាំងប្រដាប់អាវុធកំពុងតែបំពេញសព្វថ្ងៃ យើងត្រូវតែដំឡើងឋានន្តរស័ក្តិជូនបងប្អូនកូនក្មួយ អ្នកស្នេហាជាតិទាំងនោះ ត្រូវតែដំឡើងប្រាក់ខែ ប្រាក់បៀរ៍វត្ត ប្រាក់ឧបត្ថម្ភផ្សេងៗ ដើម្បីឲ្យបងប្អូនកូនក្មួយ មានជីវភាពរស់នៅសមរម្យ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ យើងនឹងផ្ដល់រង្វាន់ជាទីគាប់ចិត្តដល់កងកម្លាំងប្រដាប់អាវុធស្នេហាជាតិ ដែលបានមករួមកម្លាំងជាប្រជារាស្ត្រ”។

ទាក់ទងនឹងបញ្ហានេះលោកនាយឧត្ដមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង ថា ការអំពាវនាវរបស់លោកសម រង្ស៊ីខាងលើ គឺជាបទឧក្រិដ្ឋមួយដ៏ធ្ងន់ធ្ងរ ហើយការវិលត្រឡប់របស់អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សប្រឆាំងនោះ មិនមែនមកដើម្បីស្ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ តែជាការមកដើម្បីផ្ដួលរំលំរដ្ឋាភិបាល។

លោកនាយឧត្ដមសេនីយ៍ខៀវ សុភ័គ បានបញ្ជាក់ ថា កងកម្លាំងនគរបាលទូទាំងប្រទេសបានត្រៀមខ្លួនរួចហើយ ដើម្បីចាប់ខ្លួនអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំង នៅពេលវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ។ លោកបានថ្លែងយ៉ាងដូច្នេះ ថា”នេះគឺជាបទល្មើសឧក្រិដ្ឋ ជាជនឧក្រិដ្ឋ ហើយយើងតែងនិយាយថា មកនេះគឺមិនមែនមក ដើម្បីប្រជាធិបតេយ្យ សិទ្ធិមនុស្សទេ គឺមកផ្ដួលរំលំរដ្ឋស្របច្បាប់មួយ ចឹងអ្វីដែលសម រង្ស៊ី ត្រូវទទួលនោះ គឺការស្វាគមន៍ដោយច្បាប់ នោះគឺការចាប់ខ្លួនដោយច្បាប់របស់កម្ពុជា”។

រីឯលោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងដែរ ថា ប្រទេសក្នុងតំបន់អាស៊ាន មានការចុះកិច្ចព្រមព្រៀង និងការសហការគ្នាក្នុងប្រព័ន្ធយុត្តិធម៌។ ដូច្នេះលោកជឿថា រដ្ឋាភិបាលថៃនឹងសហការជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ខ្លួនអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ នៅពេលពួកគេមកដល់ប្រទេសថៃ។

លោកផៃ ស៊ីផាន បានថ្លែងយ៉ាងដូច្នេះ ថា”យើងជឿថា កិច្ចសហការច្បាស់ជាមាន អាស្រ័យដោយយើងឃើញថា ទី១មួរ សុខហួរមក គេមិនឲ្យជាន់ដីគេទេ ការមិនឲ្យជាន់ដីគេហ្នឹង បកស្រាយថា គេមិនចង់ច្របូកច្រប ល់ នៅក្នុង សាច់រឿងខ្មែរទេ បានសេចក្ដីថា គេមិនជ្រៀតជ្រែកក្នុងបញ្ហាផ្ទៃក្នុងរបស់ខ្មែរទេ ដូច្នេះគេមិនអនុញ្ញាតឲ្យបុគ្គល ណាមួយ មានបញ្ហាពាក់ព័ន្ធ នឹងរឿងនយោបាយរបស់កម្ពុជា គេមិនឲ្យឡូកឡំនៅក្នុងសាច់រឿងហ្នឹងទេ អាហ្នឹងអ្វី ដែលខ្ញុំឃើញ។ ដូច្នេះបើសិនជាប្រការណាមួយ ជនហ្នឹងមកដល់ស្រុកថៃ ទឹកដីណាមួយនៅក្នុងហ្នឹង គឺកម្ពុជាមាន សិទ្ធិគ្រប់គ្រាន់ក្នុងការតាមចាប់ខ្លួន ដើម្បីនាំមកតុលាការតែប៉ុណ្ណឹង”។

យោងតាមសេចក្ដីថ្លែងការណ៍ របស់អតីតបក្សប្រឆាំង កាលពីថ្ងៃទី២ ខែវិច្ឆិកា បានអះអាង ថា លោកសម រង្ស៊ី និងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សប្រឆាំង នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការវិលត្រឡប់មកមាតុភូមិកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ តាមការគ្រោងទុកដោយឥតប្រែប្រួល ហើយគណៈកម្មការរៀបចំដំណើរមាតុភូមិនិវត្តន៍ របស់អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិបានកំណត់យកប្រទេសថៃ ជាច្រកឆ្លងកាត់ចូលមកកាន់ប្រទេសកម្ពុជា៕ 

ព័ត៌មានផ្សេងទៀត