ភ្លើង​ឆេះ​ព្រៃ​៖​លោក​ត្រាំ​ស្តីបន្ទោស​អភិបាលរដ្ឋ​កាលីហ្វ័រ​ញ៉ា​និង​គំរាម​ដក​ជំនួយ​

04-11-2019 4:14 pm 144
  ស្តាប់
ស្តាប់ជាសំឡេង

«​ភ្លើង​តែងតែ​ឆេះ​ជា​រៀងរាល់ឆ្នាំ​នៅ​កាលីហ្វ័​រញ៉ា ដែល​នេះ​ជា​រឿង​កើតឡើង​ដដែលៗ ហើយ​បន្ទាប់មក គាត់​បាន​រត់​មករក​រដ្ឋាភិបាល​សហព័ន្ធ ដើម្បី​សុំឲ្យ​ជួយ​ជា​លុយ​។ គ្មាន​ទៀត​ទេ »​។ នេះ​ជា​សារ​ដែល​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បង្ហោះ​លើ​បណ្តាញ​Twitter រិះគន់លោកGavin Newsom អភិបាលរដ្ឋ​កាលីហ្វ័រ​ញ៉ា​។ លោក​ត្រាំ​ថែមទាំង​ស្តីបន្ទោស​លោក Gavin Newsom អភិបាលរដ្ឋ​កាលីហ្វ័រញ៉ា ដែល​ធ្វើ​ការគ្រប់គ្រង​ព្រៃឈើ​មិនបានល្អ​។​

​លោក​Newsom ដែល​ជាប់​ឈ្មោះ​ជា​អភិបាលរដ្ឋ​កាលីហ្វ័​រញ៉ា មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​រិះគន់​យ៉ាងខ្លាំង ចំពោះ​គោលនយោបាយ​បរិស្ថាន​របស់លោក​ត្រាំ​។ លោក​ថា លោក​ត្រាំ​នៅតែ​មិនជៀ​លើ​ការ​បម្រែបម្រួល​អាកាសធាតុ ដែល​នាំឲ្យមាន​គ្រោះមហន្តរាយ​ធម្មជាតិ​ភ្លើង​ឆេះ​ព្រៃ​។ ការកើនឡើង​សីតុណ្ហភាព ដោយសារ​កំដៅ​ផែនដី កំពុង​បង្កឲ្យមាន​ភ្លើង​ឆេះ​ព្រៃដ៏​ធំ​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា​។ អាកាសធាតុ​ក្តៅ​ជាង​មុន ធ្វើឲ្យ​រុក្ខជាតិ​ទាំងឡាយ​ស្ងួត​ហួតហែង ហើយ​ងាយ​នឹង​ឆាបឆេះ​។​

​យ៉ាងណាក៏ដោយ កាលពី​ឆ្នាំមុន លោក​ត្រាំ​ក៏បាន​គំរាម កាត់​ជំនួយ​ដូច​ឆ្នាំ​នេះដែរ នៅពេលដែល​ភ្លើង​បាន​លេប​ត្របាក់​ព្រៃឈើ នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា​។ ភ្លើង​ឆេះ​ព្រៃ​កាលនោះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មហន្តរាយ​ភ្លើង​ឆេះ​ព្រៃ ដ៏​សាហាវ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ នៃ​រដ្ឋ​កាលីហ្វ័​រញ៉ា បានសម្លាប់​មនុស្ស​ចំនួន​៨៦​នាក់​។​

​នៅ​ឆ្នាំនេះ​មិនទាន់មាន​សេចក្តីរាយការណ៍​ថា មាន​អ្នករងរបួស​ឬ​ស្លាប់ ដោយសារតែ​ភ្លើង​ឆេះ​ព្រៃ​នៅឡើយ​ទេ ដ្បិត​ភ្លើង​មិនទាន់​រលត់​នៅឡើយ​។ តែ​ប្រហែលជា​ឥទ្ធិពល​ភ្លើង បាន​ថមថយ​ទៅវិញ ទើប​ប្រកាស លែង​ឲ្យមាន​ការជម្លៀស​ប្រជាជន​បន្តទៀត នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លងទៅ​។ ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃនេះ ភ្លើង​បាន​ឆេះ​រាលដាល​យ៉ាង​ឆាប់រហ័ស លាតសន្ធឹង​លើ​ផ្ទៃដី​ជិត​១​សែន​អា និង​មនុស្ស​រាប់ពាន់នាក់​ត្រូវ​បង្ខំចិត្ត​ចាកចេញ​ពី​ផ្ទះសម្បែង​៕ 

ព័ត៌មានផ្សេងទៀត