លោក ​សម រង្ស៊ី​ បន្ត​រក្សា​​ជំហរ​​វិល​​ចូល​​កម្ពុជា ​ក្នុង​គ្រា​​រដ្ឋាភិបាល​​​ត្រៀម​ចេញ​​ទ័ព​បង្ក្រាប​​

04-11-2019 4:08 pm 1193

​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អះអាង​ថា លោក​នៅ​តែ​ប្រកាន់​ជំហរ​បន្ត​វិល​ចូលមក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី​០៩ វិច្ឆិកា ខាងមុខ​។ លោក​ប្រកាស​ដូច្នេះ​នៅក្នុង​វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហោះ​លើ​ហ្វេ​សប៊ុក​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​នេះ​។​ការប្រកាស​របស់​មេបក្ស​ប្រឆាំង​រូបនេះ ធ្វើឡើង​ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​ត្រៀមខ្លួន​ដើម្បី​បង្ក្រាប​គម្រោង​វិល​ចូល​កម្ពុជា​របស់​លោក សម រង្ស៊ី និង​សកម្មជន ក្រោម​ហេតុផល​មក​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​។ 

​តាមរយៈ​វីដេអូ​ឃ្លីប​មួយ​នៅ​ថ្ងៃច​ន្ទ​នេះ លោក សម រង្ស៊ី ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​មក​បញ្ជាក់​ជា​ថ្មី​ថា ផែនការ​មាតុភូមិ​និវត្តន៍​របស់​លោក នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា​ខាង​មុខ​នេះ កំពុង​ប្រព្រឹត្តទៅ​ដោយ​រលូន និង គ្មាន​ការប្រែប្រួល​ឡើយ បើទោះបី​អាជ្ញាធរ​កម្ពុជា​បាន​ប្រុងប្រៀប​លក្ខណៈ​សព្វបែបយ៉ាង ដើម្បី​ត្រៀម​ចាប់ខ្លួន​រូប​លោក​ក៏​ដោយ​។​

​សម្រាប់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា ឆ្នាំ​២០១៩ គឺជា​ថ្ងៃ​អំណោយផល​ដែល​អនុញ្ញាត្តិ​ឱ្យ​លោក និង​សកម្មជន អាច​វិល​ចូល​ទឹកដី​កម្ពុជា​វិញ ហើយ​ទោះជា​មាន​ការចាប់ខ្លួន​ស​កម្ម​ជន​របស់​លោក​ជា​បន្តបន្ទាប់​ក្តី​ក៏​ការចាប់ខ្លួន​នេះ មិន​អាច​រារាំង​ដល់​ដំណើរការ​នៃ​ការវិល​ចូល​ប្រទេស​កម្ពុជា​វិញ​របស់​លោក​បាន​ឡើយ​។​

​ទន្លឹម​នឹងនេះ ប្រធាន​អាឌិត​បក្សប្រឆាំង​រូបនេះ បន្ត​អំពាវនាវ​ដល់​កងទ័ព​កម្ពុជា​កុំ​ឱ្យ​ស្ដាប់​តាម​បញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង ងាក​មក​ចូលរួម​នឹង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក​វិញ និង ថែម​ទាំង​សន្យា​ដំឡើង​ឋានន្តរស័ក្តិ និង​ប្រាក់ខែ ក៏ដូចជា​ផ្តល់​រង្វាន់​ដល់​កងទ័ព​ណា​ដែល​ចូលរួម​ជាមួយ​ក្រុម​រប​ស់លោក​នាពេលខាងមុខ​ផងដែរ​។​

​ប៉ុន្តែ​ការអំពាវនាវ​នេះ លោក ឈុំ សុជា​ត អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​ចាត់ទុកថា ជា​ដំណឹង​បោកប្រាស់ ដើម្បី​រៃ​អង្គាស​លុយ​ពី​អ្នកគាំទ្រ​។​ហើយ​ការអំពាវនាវ​របស់​លោក សម រង្ស៊ី មិន​បាន​ធ្វើឱ្យ​កងទ័ព​កម្ពុជា​ចាប់អារម្មណ៍​ឡើយ បច្ចុប្បន្ន​កងទ័ព​គ្រប់​លំដាប់​ថ្នាក់​បាន​ត្រៀម​ខ្លួន​រួចរាល់ ដើម្បី​បង្ក្រាប​ក្រុម​លោក សម រង្ស៊ី និង សកម្មជន​។​

​សូមបញ្ជាក់​ថា នៅតែ​ប្រាំ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គម្រោង​នៃ​ការវិល​ចូល​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី​នឹង​ចូលមក​ដល់​។​ជា​គម្រោង​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា ជា​អំពើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ និង បញ្ជា​ឱ្យ​កងកម្លាំង​គ្រប់​ប្រភេទ​បង្ក្រាប ដើម្បី​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ​ប្រទេស​៕

 ពាក្យគន្លឹះ  លោកសមរង្ស៊ី

ព័ត៌មានផ្សេងទៀត