ទូតជប៉ុនសន្យាផ្សព្វផ្សាយពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាជនរបស់ខ្លួន

04-11-2019 12:59 pm 106

លោកMIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសន្យាផ្សព្វផ្សាយអំពីសក្តានុពលខេត្តព្រះសីហនុដល់ប្រជាជនរបស់ខ្លួន ដើម្បីឲ្យមកដើរលេងកំសាន្ត ក្នុងខេត្តទេសចរណ៍របស់កម្ពុជាមួយនេះ។ ការសន្យានេះគ្រា ដែលលោកឯកអគ្គរាជទូតជប៉ុន ជួបសម្តែងការគួសមជាមួយលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី៤ ខែវិច្ឆិកានេះ។

ក្នុងជំនួបនេះMIKAMI MASAHIRO បានថ្លែងថា នេះជាលើកទីមួយដែលលោកមកទស្សនកិច្ច នៅខេត្តព្រះសីហនុ បន្ទាប់ពីមកធ្វើការនៅរាជធានីភ្នំពេញ។ លោកទូតជប៉ុនបានរំលឹក ថា កាល២ពីឆ្នាំមុន រូបលោកបានមករាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន ហើយមកដល់បច្ចុប្បន្ន កម្ពុជាមានការអភិវឌ្ឍខ្លាំង។ លោកថា កម្ពុជាឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំ ហើយកម្ពុជាសម្រេចបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ។ ក្នុងនោះខេត្តព្រះសីហនុ មានអគារខ្ពស់ៗជាច្រើន កំពុងមានការអភិវឌ្ឍខ្លាំងគួរឲ្យចាប់អារម្មណ៍។

លោកMIKAMI MASAHIRO បានថ្លែងបន្ត ថា រូបលោកចង់ដឹងពីការអភិវឌ្ឍនៅខេត្តព្រះសីហនុ ពិសេសបញ្ហាផ្លូវ លូរទឹកស្អុយ តើមានបញ្ហាប្រឈមអ្វីខ្លះ និងមានគម្រោងអភិវឌ្ឍខេត្តបែបណា។ ជាមួយគ្នានេះ រូបលោកថ្លែងអំណរគុណរដ្ឋបាលខេត្ត ដែលបានសហការ នៃកាចូលចតនាវាកងកងទ័ពជើង ទឹកជប៉ុននៅខេត្តព្រះសីហនុ នៅពេលខាងមុខ នឹងមាននាវាជាច្រើនទៀតចូលចត នៅកំពង់ផែក្រុងព្រះសីហនុ។ បន្ថែមពីលើនេះទៀត លោកទូតជប៉ុន បានសន្យា ថា នឹងជួយផ្សព្វផ្សាយពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាជនជប៉ុនមកកាន់ខេត្តព្រះសីហនុ កន្លងមកប្រជាជនជប៉ុនស្គាល់តែអង្គរ ខេត្តសៀមរាប។

ជាការឆ្លើយតប លោកគួច ចំរើន អភិបាលខេត្តព្រះសីហ បានលើកឡើង ថា ខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ ការអភិវឌ្ឍ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឲ្យខេត្តព្រះសីហនុ ក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង មានវិស័សំខាន់ៗដូចជា វិស័យសំណង់ ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន និងទេសចរណ៍។ លោកថា ខេត្តមានកំពង់ផែអន្តរជាតិទឹកជ្រៅ ព្រលានយន្តហោះ ផ្លូវដែក ផ្លូវគោក ដោយសារកំណើន នៃការដឹកជញ្ជូនមានការកើនឡើង ក្នុងមួយថ្ងៃមានកុងតឺន័រប្រមាណ៧០០ ដឹកចេញទៅកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងទៀត។

លោកគួច ចំរើន បានបញ្ជាក់ទៀត ថា ខេត្តមានសក្តានុពលលើគ្រប់វិស័យ។ ក្នុងនោះរាជរដ្ឋាភិបាល បាននឹងកំពុងសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញមកខេត្តព្រះសីហនុ ផ្តល់ភាពអនុគ្រោះដល់វិស័យទេស ចរណ៍ និងវិនិយោគនៅពេលខាងមុខ៕ 

ព័ត៌មានផ្សេងទៀត